បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា កម្លាំងពលកម្មស្ត្រីនៅប្រទេសអេត្យូពីមានចំណែក ៧៥ ភាគរយនៅក្នុងវិស័យកសិកម្មរបស់ប្រទេស ហើយការទូទាត់តាមប្រព័ន្ធឌីជីថលបានជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ និងបង្កើតឱ្យមានសេដ្ឋកិច្ចរួមបញ្ចូលកាន់តែច្រើនសម្រាប់ប្រទេស។
នៅប្រទេសអេត្យូពី វិស័យកសិកម្មមានចំណែកជាង ១ ភាគ ៣ នៃសេដ្ឋកិច្ចរបស់ប្រទេស ហើយកម្លាំងពលកម្មស្ត្រីគឺជាឆ្អឹងខ្នងនៃវិស័យកសិកម្មរបស់អេត្យូពី។ ទន្ទឹមនឹងនេះ ជីវភាពរស់នៅរបស់ប្រជាជនអេត្យូពីប្រមាណ ១៥ លាននាក់ពឹងផ្អែកលើការផលិតកាហ្វេ។ ទោះបីជាស្ត្រីមានតួនាទីសំខាន់នៅក្នុងវិស័យក៏ដោយ ប៉ុន្តែការស្រាវជ្រាវបង្ហាញពីគម្លាតប្រាក់ចំណូលយេនឌ័រ ដោយស្ត្រីរកចំណូលបានត្រឹមតែ ៣៤ ភាគរយប៉ុណ្ណោះពីកាហ្វេ។ គម្លាតនេះកើតចេញពីកត្តាជាច្រើន រួមទាំងលទ្ធភាពទទួលបានដី ឥណទាន និងឱកាសទីផ្សារមានកម្រិតជាដើម។
យ៉ាងណាមិញ ការពង្រឹងលើការដាក់បញ្ចូលឌីជីថលបានយកឈ្នះលើឧបសគ្គនានា ដោយសារការបង់ប្រាក់ឌីជីថលផ្តល់នូវប្រយោជន៍ជាច្រើនរួមមានការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ប្រតិបត្តិការកាន់តែរលូន និងតម្លាភាពកាន់តែច្រើន។ ទោះជាយ៉ាងណាក្តី ការសម្រេចបាននូវចក្ខុវិស័យនេះតម្រូវឱ្យមានដំណោះស្រាយលើឧបសគ្គដូចជា ការប្រើប្រាស់ទូរស័ព្ទនៅមានកម្រិត គម្លាតអក្ខរកម្មឌីជីថល បញ្ហាការតភ្ជាប់នៅក្នុងតំបន់ដាច់ស្រយាល និងកង្វះឧបករណ៍ហិរញ្ញវត្ថុសមរម្យសម្រាប់កសិករ។
Sara Yirga ប្រធាននៃ Ethiopia Chapter of International Women’s Coffee Alliance, (IWCA) បាននិយាយថា អេត្យូពីត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ចូលស្ត្រីទៅក្នុងទិដ្ឋភាពការទូទាត់តាមឌីជីថល។ លើសពីនេះ ពួកគេត្រូវការវិធីសាស្រ្តដ៏ទូលំទូលាយមួយលើសពីការអប់រំ និងយុទ្ធនាការការយល់ដឹង ដើម្បីដោះស្រាយឧបសគ្គដែលរារាំង និងធានាបាននូវការផ្លាស់ប្តូរដ៏រលូនទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល។ IWCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ សម្រាប់គាំទ្រដល់ស្ត្រីនៅក្នុងវិស័យកាហ្វេ ហើយអង្គការនេះមានគោលបំណងដោះស្រាយឧបសគ្គដែលរារាំងកសិករស្ត្រីពីការដឹងយ៉ាងពេញលេញនូវអត្ថប្រយោជន៍ពីការនាំចេញឈានមុខគេមួយរបស់អេត្យូពី។
មិនត្រឹមតែប៉ុណ្ណោះ ការទូទាត់តាមឌីជីថលផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងការចូលទៅកាន់ទីផ្សារ ការធានាបាននូវសំណងសមរម្យមួយ ដំណើរប្រតិបត្តិការប្រកបដោយតម្លាភាព ការតាមដានត្រឹមត្រូវ និងការពារការក្លែងបន្លំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ តាមរយៈការទទួលយកការទូទាត់តាមឌីជីថល Sara Yirga លើកឡើងពីប្រតិបត្តិការនៃអាជីវកម្មរបស់គាត់ថា កម្មកររបស់គាត់ទទួលបានប្រាក់ខែតាមរយៈការផ្ញើរចូលគណនីធនាគាររបស់ពួកគេដោយផ្ទាល់ ហើយវាជួយការពារការចំណាយមិនចាំបាច់របស់ពួកគេទៀតផង។
លើសពីនេះ ការដាក់បញ្ចូលហិរញ្ញវត្ថុបែបអីជីថល គឺជាច្រកផ្លូវទៅកាន់ការពង្រឹងសេដ្ឋកិច្ច ដោយកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគាំទ្រដោយគោលនយោបាយដែលកំពុងវិវត្ត។ យុទ្ធសាស្រ្តទូទាត់ឌីជីថលជាតិ (NDPS) របស់អេត្យូពី គឺជាកត្តាជំរុញដ៏សំខាន់ឆ្ពោះទៅរកការសម្រេចបាននូវឌីជីថលអេត្យូពីត្រឹមឆ្នាំ២០២៥ ដែលផ្តោតសំខាន់ទៅលើការអនុវត្តឌីជីថលប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះ វាបានធ្វើឱ្យមានការវិវឌ្ឍយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ការបែងចែកយេនឌ័រ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព តម្លាភាព ការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ការដាក់បញ្ចូលផ្នែកហិរញ្ញវត្ថុ និងការរីកចម្រើនជារួម។ ទន្ទឹមនឹងនេះ សេវាកម្មហិរញ្ញវត្ថុឌីជីថល ជាពិសេសប្រាក់ចល័តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ហើយសេវាកម្មប្រាក់ចល័តរបស់អេត្យូពី “telebirr” ត្រូវបានរាយការណ៍ថា វាទាក់ទាញអតិថិជនចំនួន ៣៤,៣ លាននាក់ ជាមួយនឹងតម្លៃប្រតិបត្តិការសរុបចំនួន ១២,៣ ពាន់លានដុល្លារ។
ស្របពេលនេះដែរ ផែនការសកម្មភាពឈានដល់សមភាពហិរញ្ញវត្ថុសម្រាប់ស្ត្រីសង្កត់ធ្ងន់លើសារៈសំខាន់នៃការដាក់បញ្ចូលហិរញ្ញវត្ថុជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី។ វាគូសបញ្ជាក់អំពីជំហានដែលអាចត្រូវបានអនុវត្តដើម្បីដោះស្រាយឧបសគ្គជាក់លាក់ដែលស្ត្រីប្រឈមមុខក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ដែលជាការតបស្នងអាចឱ្យពួកគេវិនិយោគក្នុងការពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ មួយវិញទៀត ការទូទាត់តាមប្រព័ន្ធឌីជីថលអាចជំរុញឱ្យមានទិដ្ឋភាពកសិកម្មប្រកបដោយសមធម៌ជាងមុន ដោយអនុញ្ញាតឱ្យស្ត្រីបង្កើនផលិតភាព កែលម្អគុណភាព ពង្រីកទីផ្សាររបស់ពួកគេ និងទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព។
Sara បានសង្កត់ធ្ងន់អំពីការផ្លាស់ប្តូរនៃការទូទាត់តាមឌីជីថលថា ការទូទាត់តាមឌីជីថលអាចត្រូវការពេលវេលា ប៉ុន្តែសម្រាប់ស្ត្រីក្នុងវិស័យកសិកម្ម វាធ្វើឱ្យពួកគេចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ការស្រាវជ្រាវបង្ហាញថា ស្ត្រីទទួលបានតែ ៣៤ ភាគរយនៃធនធានបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលមួយឆ្នាំ។ ដូច្នោះហើយ ការដាក់បញ្ចូលនូវប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ស្ត្រីអាចសម្រេចចិត្តពីរបៀបចំណាយ ឬសន្សំ និងការគ្រប់គ្រងលើជម្រើសហិរញ្ញវត្ថុរបស់ពួកគេ ដោយសារឌីជីថលមានសុវត្ថិភាព និងលឿន។
នៅពេលដែលប្រទេសអេត្យូពីឆ្ពោះទៅរកអនាគតឌីជីថល ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅក្នុងឧស្សាហកម្មកាហ្វេនឹងមិនត្រឹមតែផ្តល់ឱ្យស្ត្រីនូវឧបករណ៍សម្រាប់កំណត់អនាគតហិរញ្ញវត្ថុរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ភាពរីកចម្រើនសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសជាតិផងដែរ៕