ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១៣ ខែវិច្ឆិកា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា ”។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ វិស័យកសិកម្ម នៅតែជាវិស័យគន្លឹះនៃសេដ្ឋកិច្ចកម្ពុជា។ មនុស្សនៅតែត្រូវការទទួលទានអាហារ ប៉ុន្តែពួកគាត់មានការរំពឹងទុកកាន់តែខ្ពស់ថា អាហារដែលពួកគាត់ទទួលទានត្រូវតែមានគុណភាព និងសុវត្ថិភាព។ នេះជាបញ្ហាប្រឈម ហើយក៏ជាឱកាសសម្រាប់ការអភិវឌ្ឍវិស័យកសិអាហារដែលផ្តល់តម្លៃបន្ថែមខ្ពស់ផងដែរ។
ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តស្តង់ដារ និងការធានាគុណភាពថា ជាមូលដ្ឋានគ្រឹះនៃភាពប្រកួតប្រជែង ព្រមទាំងភាពចាំបាច់នៃការប្រមូលផ្តុំ ដែលកសិករ និងសហគ្រាសផលិតអាចធានាចីរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីបំពេញលក្ខខណ្ឌតម្រូវជាក់លាក់របស់អ្នកទិញ។
ឯកឧត្តមបានបន្ថែមថា៖
« ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើវិស័យកសិអាហារ ការងារសំខាន់ចំនួន២ ដែលត្រូវពង្រឹង គឺ ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ដែលកសិករផ្តោតលើការដាំដុះឱ្យត្រូវតាមស្តង់ដារ, អ្នកកែច្នៃធានាថាការផលិតនិងការវេចខ្ចប់មានគុណភាព និងសុវត្ថិភាពហើយការធ្វើទីផ្សារ លក់ និងចែកចាយ ត្រូវបានអនុវត្តដោយភ្នាក់ងារឯកទេស ក្នុងខ្សែច្រវាក់តម្លៃដែលមានភាពប្រទាក់ក្រឡាមួយ»។
គួរជម្រាបថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥(CAFE25) ត្រូវបានរៀបចំឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ស្តង់ដាក់តាំងបង្ហាញ និងលក់កសិផល ផលិតផលកសិកម្ម គ្រឿងចក្រ និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យមានចំនួន៣៥០ស្តង់ ស្មើនឹងជាង៤០០ប្រភេទនៃផលិតផល៕







វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content