ពីមួយឆ្នាំទៅមួយឆ្នាំ សង្គមបានផ្លាស់ប្ដូរនូវចំណុចជាច្រើន ហើយការផ្លាស់ប្ដូរខ្លះក៏ផ្ដល់ភាពវិជ្ជមាន រីឯការផ្លាស់ប្ដូរមួយចំនួនទៀតក៏ជះជាផលអវិជ្ជមានដល់មនុស្សជាតិជាដើម។ តួយ៉ាងដូចជាការផ្ទុះសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានជះជាផលអវិជ្ជមានមិនត្រឹមតែសម្រាប់ភាគីទាំងពីរនោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។
ទិដ្ឋភាពទាំងនេះ បានជំរុញឱ្យមនុស្សត្រូវផ្លាស់ប្ដូររបៀបរស់នៅ ក៏ដូចជារបៀបប្រកបអាជីវកម្មរបស់ខ្លួន។ ជាក់ស្ដែង បញ្ហាសង្គ្រាមនេះបាននាំឱ្យមនុស្សគិតគូរឱ្យបានច្រើនជាងមុនចំពោះការចាយវាយ និងការបណ្ដាក់ទុនផ្សេងៗ ដោយផ្អែកលើស្ថានភាពមិនច្បាស់លាស់នៃនិន្នាការពិភពលោកជាដើម។
ក្រឡេកទៅមើលមួយផ្នែកទៀត សង្គ្រាមឌីជីថលក៏កំពុងវាយលុកទីផ្សារការងារ ដែលទំនងជាធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ការងារធ្វើ ឬត្រូវធ្វើការងារច្រើនជាងមុនដើម្បីប្រកួតប្រជែង។ ទាំងអស់នេះក៏កំពុងជះផលលើអាជីវកម្មផងដែរ ម្លោះហើយគឺទាមទារឱ្យម្ចាស់អាជីវកម្មនីមួយៗមានភាពឆ្លាសវៃ និងបត់បែនទៅតាមបរិបថរបស់សង្គម។
ពាក់ព័ន្ធនឹងបញ្ហានេះ ម្ចាស់អាជីវកម្មដែលឈរជើងលើទីផ្សារជាច្រើនឆ្នាំបានជួបជុំគ្នាដើម្បីចែករំលែកពីវិធីសាស្ត្រមួយចំនួនក្នុងការបត់បែនអាជីវកម្មឱ្យដើរតាមទំនោរសង្គមបច្ចុប្បន្ន។
លោក ជា កុកម៉េង ស្ថាបនិកក្រុមហ៊ុន DURUN TIRE Cambodia ដែលជាវាគ្មិនមួយរូបក្នុងសិក្ខាសាលាស្ដីអំពីគន្លឹះសម្រាប់ក្លាយជាម្ចាស់អាជីវកម្មដែលមានប្រសិទ្ធភាពបានរៀបរាប់ថា ទីផ្សារបច្ចុប្បន្ននេះ មានការប្រកួតប្រជែងខ្ពស់ណាស់ ដូច្នេះម្ចាស់អាជីវកម្មត្រូវតែបង្កើននូវជំនាញក្នុងការលក់របស់ខ្លួនឱ្យកាន់តែខ្លាំង។

លោកបន្តចែករំលែកទៀតថា៖
«បង្កើនជំនាញក្នុងការលក់ ហើយបង្កើតទំនាក់ទំនងឱ្យជិតស្និទ្ធជាមួយនឹងដៃគូសហការ ក៏ដូចជាអតិថិជន ព្រោះមានតែចំណុចនេះទេដែលយើងអាចយកឈ្នះដៃគូប្រកួតប្រជែងរបស់យើង»។
ស្ថាបនិកក្រុមហ៊ុនលក់សំបកកង់រថយន្ដរូបនេះបានបន្តឱ្យដឹងទៀតថា៖
«ទៅថ្ងៃមុខទៀត ម៉ាក (Brand) ធំៗ នឹងចាប់ផ្ដើមចូលមកបោះទីតាំងដល់ក្នុងស្រុកតែម្ដង ដូច្នេះហើយបច្ចុប្បន្ននេះ យើងត្រូវ តែរក្សាអតិថិជនយើងឱ្យបានល្អ ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងដ៏ធំមួយនេះ»។
ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប លោកបានចែករំលែក និងណែនាំឱ្យម្ចាស់អាជីវកម្មដទៃទៀតស្វះស្វែងរៀននូវចំណេះ ជំនាញថ្មីៗ និងមានការអភិវឌ្ឍន៍ខ្លួនជានិច្ចដើម្បីឱ្យដើរទន្ទឹមនឹងទំនោរសង្គម ។
គួរបញ្ជាក់ថា សិក្ខាសាលាស្ដីអំពីគន្លឹះសម្រាប់ក្លាយជាម្ចាស់អាជីវកម្មដែលមានប្រសិទ្ធភាព ជាការបណ្ដុះបណ្ដាលដែលរៀបចំដោយបណ្ដាញទំនាក់ទំនងអាជីវកម្ម (BNI Master) ក្នុងឱកាសនៃការគម្រប់ខួប៨ឆ្នាំរបស់ខ្លួន៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content