ភ្នំពេញ ៖ ទឹកអំពៅ ជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរជាទូទៅ ដោយសាររសជាតិផ្អែមឈ្ងុយឆ្ងាញ់ពីធម្មជាតិរបស់អំពៅធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលថ្ងៃក្ដៅតែម្ដង ហើយជាទូទៅគេឃើញការលក់ទឹកអំពៅនៅតាមតូបតូចៗ ឬរ៉ឺម៉កតាមផ្លូវប៉ុណ្ណោះ។

ខុសប្លែកពីការលក់ទឹកអំពៅទូទៅ ដែលច្រើនឃើញមាននៅតាមរទេះរុញ រ៉ឺម៉ក់ ឬតូបតូចៗនោះ The FRESH Sugarcane & Juice បានបង្ហាញខ្លួនក្នុងនាមជាទីតាំងលក់ទឹកអំពៅអនាម័យ មានលក្ខណៈទាន់សម័យទំនើប ជាមួយនឹងការកែច្នៃរសជាតិទឹកអំពៅបានច្រើនប្រភេទ ព្រមទាំងមានការវេចខ្ចប់យ៉ាងមានរបៀបបំផុត។

The FRESH Sugarcane & Juice គឺជាយីហោហាងលក់ទឹកអំពៅ មានច្រើនសាខាក្រោយបើកដំណើរការកាលពីឆ្នាំ២០១៨ ដោយផ្ដោតទៅលើគុណភាព រសជាតិ អនាម័យ ការវេចខ្ចប់ស្អាត ជាពិសេសគឺផ្តល់នូវគុណប្រយោជន៍ចំពោះសុខភាពអ្នកទទួលទានផ្ទាល់តែម្ដង។
លោក សយ វុទ្ធា ជាស្ថាបនិករបស់ហាង The FRESH Sugarcane & Juice បានប្រាប់ AMS យ៉ាងដូច្នេះថា ៖
“ខ្ញុំបានចាប់ផ្ដើមអាជីវកម្មមួយនេះគឺដោយ ខ្ញុំជាអ្នកចូលចិត្តញ៉ាំទឹកអំពៅផ្ទាល់ ណាមួយវាល្អសម្រាប់សុខភាព ព្រោះជាភេសជ្ជៈធម្មជាតិ ហើយខ្ញុំក៏មើលឃើញថាវាជាមុខរបរមួយដែលមានសក្កានុពល និងអាចឈរជើងបានយូរ ព្រមទាំងអាចទទួលបានចំណូលផងដែរ”

លោកបន្ថែមឲ្យដឹងថា គំនិតកែច្នៃរសជាតិទឹកអំពៅនេះកើតមានឡើងកាលពីឆ្នាំ២០១៧ បន្ទាប់ពីលោកបានទៅសិក្សានៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ហើយបានឃើញអាជីវកម្មទឹកអំពៅមួយនេះមានច្រើនរសជាតិ ច្រើនមុខ លុះពេលវិលត្រឡប់មកកម្ពុជាវិញ គាត់ក៏ចាប់ផ្ដើមរៀបចំគំនិតអាជីវកម្មនេះ ប៉ុន្តែរៀបចំយ៉ាងណាឱ្យស័ក្ដិសមនឹងបរិបទស្រុកខ្មែរ។
រហូតមកដល់ពេលនេះ The FRESH Sugarcane & Juice បានបំបែកសាខារបស់ខ្លួនចំនួន៥ទីតាំង រួមមានសាខាទី១ នៅបឹងកេងកងទី១ សាខាទី២ បុរីប៉េងហួតបឹងស្នោ សាខាទី៣ ទី៤ និងទី៥ ស្ថិតក្នុងបុរីពិភពថ្មីចំការដូង១ ដែលក្នុងនោះមានជាប្រភេទហាង និងតូបអាស្រ័យតាមទីតាំនីមួយៗផងដែរ។
ដោយឡែក ចំពោះភេសជ្ជៈស្ថិតក្រោមយីហោ The FRESH Sugarcane & Juice មានប្រមាណ ២០រសជាតិ ដែលសុទ្ធសឹងជាភេសជ្ជៈធម្មជាតិ មានរសជាតិឆ្ងាញ់ ស្រស់ល្អ ផ្តល់គុណប្រយោជន៍ដល់សុខភាពអ្នកទទួលទាន ដោយសារវត្ថុធាតុដើមដូចជាដើមអំពៅ ត្រូវទិញពីប្រជាកសិករក្នុងស្រុក ដូចជាខេត្តព្រៃវែង និងខេត្តកណ្តាលជាដើម។ ចំណែកឯតម្លៃគឺមានចាប់ពី ២០០០រៀលឡើងទៅ ដែលជាតម្លៃមួយសមល្មមអាចឱ្យអតិថិជនទិញទទួលទានបានជារៀងរាល់ថ្ងៃ និងជាប្រចាំបាន។
លោក សយ វុទ្ធា បានបន្ថែមថា ចំណុចពិសេសរបស់ទឹកអំពៅ The FRESH Sugarcane & Juice គឺផ្តោតលើចំណុចសំខាន់ៗចំនួន៣ ទី១ សុខភាពដោយប្រើវត្ថុធាតុដើមសុទ្ធពីធម្មជាតិ មិនប្រើស្ករ មិនមានបន្ថែមសារជាតិមេ យកចិត្តទុកដាក់ចំពោះសុខភាពអតិថិជន។ ទី២ គឺអនាម័យ ផ្តោតជាចម្បង ទាំងការទុកដាក់អំពៅ និងការវេចខ្ចប់ ហើយទី៣ គឺផ្នែកសេវាកម្ម ព្យាយាមពន្លឿនឱ្យបានរហ័សមិនឱ្យអតិថិជនរង់ចាំយូរ ដោយមានប្រើម៉ាស៊ីនគាបអំពៅគុណភាពខ្ពស់ ធ្វើពីដែកអ៊ីណុកមិនច្រេះ គាបបានរហ័ស និងមានអនាម័យល្អ ជាមួយនឹងការដាក់លក់ក្នុងតម្លៃថោកសមរម្យ ដែលអតិថិជនអាចទទួលយកបាន។ ជាមួយគ្នានេះ ទាក់ទងទៅនឹងអតិថិជនគោលដៅរបស់ហាង The FRESH Sugarcane & Juice គឺផ្តោតលើអតិថិជនដែលស្ថិតនៅក្នុងតំបន់ជិតៗ ឬជុំវិញទីតាំងហាង មានវ័យចាប់ពី ២០ឆ្នាំឡើងទៅដែលគិតគូរពីសុខភាព។ នេះជាអ្វីដែលម្ចាស់ហាងខាងលើបានលើកឡើង។

គួរបញ្ជាក់ដែរថា ការចាប់ផ្តើមអាជីវកម្មនេះលើកដំបូងម្ចាស់អាជីវកម្មខាងលើបានចាប់ផ្ដើមពីការលក់តាមរទេះដោយចំណាយដើមទុនប្រមាណ ១៦០០ដុល្លារ ទៅលើថ្លៃទិញសម្ភារចាំបាច់ ដូចជា ម៉ាស៊ីនគាប និងធុងអនាម័យ រួមទាំងសម្ភារផ្សេងៗ។ ចំណុចសំខាន់របស់អាជីវកម្មមួយនេះ គឺការផ្តោត(Focus)ទៅលើផលិតក្នុងស្រុកតែមួយមុខ និងមានចំណុចពិសេសប្លែកគេ (Unique) ដែលគេពិបាកធ្វើតាម និងពិបាករកនៅកន្លែងផ្សេង។
យ៉ាងណាក៏ដោយ ការបើកអាជីវកម្មអ្វីមួយតែងមានភាពប្រឈម តួយ៉ាងដូចជាហាងទឹកអំពៅមួយនេះក៏ជួបបញ្ហាផងដែរ ដូចជា កាលពីគ្រាដំបូងឡើយគឺត្រូវចំណាយថ្លៃដើមខ្ពស់ ចំណេញតិច លក់បានតិច ព្រោះគេមិនទាន់ស្គាល់ មិនទាន់ទុកចិត្ត មិនចេះមើលគុណភាពអំពៅ ក៏ដូចជាការរើសទីតាំងខុសជាដើម។
ជាចុងក្រោយ លោក សយ វុទ្ធា បាផ្ដល់ជាមានមតិដែរថា ចំពោះអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មថ្មី គួរតែមានដើមទុនបម្រុងហើយអ្វីដែលសំខាន់គឺផ្ដោតលើផលិតផលចម្បងតែមួយមុខឱ្យខ្លាំងសិន កុំបែកឆ្វេងម្តងលក់នេះម្តងលក់នោះ ត្រូវរកចំណុចពិសេសរបស់ផលិតផលឱ្យឃើញមុននឹងចាប់ផ្តើមដំណើរការអាជីវកម្ម និងឈានទៅរកការពង្រីកខ្លួន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content