ភ្នំពេញ ៖ គម្រោងការអភិវឌ្ឍហ្គ្រីនហៅស៍ កសិ-បច្ចេកវិទ្យា ៤.០ បានបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការចូលរួមពីសំណាក់វិស័យឯកជន ដែលមានក្រុមហ៊ុនធំៗចំនួន៣សហការយ៉ាងជិតស្និទ្ធ និងឈានដល់ការចុះអនុស្សរណៈរួមគ្នា។

អនុស្សរណ:នៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍហ្គ្រីនហៅស៍កសិ-បច្ចេកវិទ្យា ៤.០ ខាងលើនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាជាមួយក្រុមហ៊ុនចំនួន៣ ដែលរួមមាន Agri-Sambathkhmer Co., Ltd ក្រុមហ៊ុន PLMP Venture Capital Co., Ltd និងក្រុមហ៊ុន ISBP Group-Sun Business Investment Globe Co., Ltd កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ។

អនុស្សរណ:នៃការយោគយល់គ្នាស្តីពីការ អភិវឌ្ឍហ្គ្រីនហៅស៍បច្ចេកវិទ្យា ៤.០ នឹងអាចឱ្យភាគីទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា សំដៅសម្រេចឱ្យបានតាមគោលដៅសាងសង់ហ្គ្រីន ហៅស៍កសិបច្ចេកវិទ្យា ៤.០ ឱ្យបានចំនួន ១០ ០០០ ខ្នងក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ទៀតនោះគឺដើម្បីផលិតបន្ថែមជាអប្បបរមាចំនួន ៤០០ តោនក្នុងមួយឆ្នាំ ដែលមិនត្រឹមតែផ្តល់ការផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងមាននិរន្តរភាពដល់ទីផ្សារក្នុងមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍ និងទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានលើកឡើងថា ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺពិតជាឆ្លើយតបតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព រួមចំណែកបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ៖
“វាពិតជានឹងចូលរួមចំណែកអនុវត្តផែនការ យុទ្ធសាស្ត្ររបស់ក្រសួងក្នុងការជំរុញផលិតភាពនិងពិពិធកម្មដំណាំបន្លែសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ ចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មបន្លែ ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារ និងបង្កើនប្រាក់ ចំណូល”
ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែមថា នេះក៏ជាយន្តការមួយក្នុងការចូលរួមដោះស្រាយនូវ បញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ និងកែលម្អដើម្បីលើកកម្ពស់សមត្ថភាព ផលិតឆ្លើយតបតាមតម្រូវការទីផ្សារ ប្រែក្លាយកសិករទៅជាកសិ-សហគ្រិន ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាព សម្រាប់ឆ្នាំ២០៣០ និងគោលនយោបាយទំនើបកម្មវីស័យកសិកម្មឆ្នាំ ២០២១-២០៣០។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃអនុស្សរណ:នៃការយោគយល់គ្នានេះលេចចេញ ឬកើតចេញជាប្រយោជន៍សម្រាប់វិស័យផលិតកម្មបន្លែកម្ពុជានាពេលអនាគត។
ទី១- ត្រូវពង្រឹងសមត្ថភាពបច្ចកទេសដល់កសិករសហគមន៍ឱ្យទទួលបាននូវបច្ចេកទេសទំនើបពីក្រុមហ៊ុន ផលិតនូវផលិតផលដែលមានគុណភាព សុវត្ថិភាព ព្រមទាំងភ្ជាប់ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ក្នុងការប្រមូលទិញផលិតផលពីកសិករ។
ទី២- ក្រុមហ៊ុន និងអគ្គនាយកដ្ឋានកសិកម្មត្រូវសហការគ្នាក្នុងការបង្កើនការជឿទុកចិត្តពីអ្នកប្រើប្រាស់ដោយត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព សុវត្ថិភាពផលិតផលកសិកម្មស្របតាមស្តង់ដារឱ្យកាន់ តែរឹងមាំក៏ដូចជាការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍“អភិវឌ្ឍន៍បៃតង” ។
ទី៣-ត្រូវបន្តកៀរគរផ្នែកឯកជននិងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួម វិនិយោគនៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេស ទំនើបកម្ម ប្រកបដោយភាពវៃឆ្លាត។
ទី៤- ត្រូវបន្តពង្រឹងសមត្ថភាព និងគ្រប់គ្រងផែនការផលិតរបស់ក្រុម ផលិតបណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ ដល់ទីផ្សារ និងអ្នកបញ្ជាទិញនិងបង្កើតបរិយាកាសពាណិជ្ជកម្មឱ្យបានល្អប្រសើរ។
ទន្ទឹមគ្នានេះ ត្រូវបន្តជំរុញការបញ្ជ្រាបការអនុវត្ត CamGAP និង CamOrg ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសជាពិសេសតាមរយៈ បណ្តុំកសិករ និងសហគមន៍កសិកម្ម ដើម្បីងាយស្រួលតាមដាន និងគ្រប់គ្រង នូវប្រភពបន្លែច្បាស់លាស់ ធានាគុណភាពនិងសុវត្ថិភាព និងផ្សារភ្ជាប់ផលិតផលជាមួយ ទីផ្សារ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content