បរទេស ៖ មួយសប្តាហ៍កន្លងមកហើយដែលប្រធានប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Amazon លោក Jeff Bezos បានលាលែងចេញពីតំណែងតាមរយៈ លិខិតមួយច្បាប់ដែលបានផ្ញើទៅកាន់បុគ្គលិកទាំងអស់របស់ខ្លួន។
នៅក្នុងលិខិតលាលែងពីតំណែងនោះផងដែរ លោក Bezos ក៏បានបញ្ជាក់ដែរថាបុរសខ្លាំងម្នាក់ដែលមានឈ្មោះថា Andy Jassy នឹងត្រូវចូលមកជំនួសតំណែងរបស់លោក។ តើ Andy Jassy ជាអ្នកណា ហើយមានប្រវត្តិយ៉ាងណាខ្លះទើបធ្វើឲ្យលោក Bezos សម្រេចចិត្តផ្តល់តំណែងដ៏ធំនេះជូនទៅដល់រូបគាត់បែបនេះ?
តាមពិត លោក Jassy ធ្លាប់មានទំនាក់ទំនងស៊ីជម្រៅ និងជាក្រុមរួមការងារជាមួយលោក Bezos ជាច្រើនឆ្នាំកន្លងមកហើយ ដោយរូបលោកមានចំណុចខ្លាំង និងចំណុចខ្សោយមួយចំនួនដែលមនុស្សទូទៅមិនដែលចាប់អារម្មណ៍ និងនឹកស្មានដល់សោះឡើយ។
១. លោក Jassy ជាមិត្តភ័ក្ត និងជាមិត្តរួមការងារជាមួយនឹងលោក Bezos ជាង ២៤ឆ្នាំមកហើយ។ លោកបានចូលរួមការងារជាមួយនឹង Amazon តាំងពីឆ្នាំ១៩៩៧ ពោលស្ទើរតែក្នុងពេលជាមួយគ្នាដែលលោក Bezos បានបង្កើត Amazon ។ បុរសវ័យ ៥៣ឆ្នាំរូបនេះក៏ធ្លាប់ធ្វើការនៅក្រុមហ៊ុន Amazon លើកិច្ចការងាររក្សាទិន្នន័យ ឬ WebService អស់រយៈពេល២ទសវត្សរ៍ ហើយបានក្លាយជា CEO របស់ Amazon Web Service កាលពីឆ្នាំ២០១៦។ លោកត្រូវបានគេចាត់ទុកថា ជាមេដឹកនាំដ៏ខ្លាំង ដែលមិនត្រឹមតែនៅក្នុងអាជីវកម្មលក់ទិន្នន័យរបស់ Amazon ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាមនុស្សដ៏ខ្លាំងនៅក្នុងវិស័យធ្វើអាជីវកម្មរបស់ Amazon ផងដែរ។

២. លោកជាទីប្រឹក្សាដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធបំផុតរបស់លោក Bezos ដែលមិនត្រឹមតែជាប្រធានប្រតិបត្តិរបស់ Amazon Web Service ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាមនុស្សដ៏ជំនិតរបស់លោក Bezos នៅក្នុងកិច្ចប្រជុំថ្នាក់កំពូលបំផុតរបស់ក្រុមហ៊ុន ខណៈដែលលោក Bezos ធ្លាប់បានអះអាងថា Jassy នឹងក្លាយទៅជាមេដឹកនាំដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងក្រុមហ៊ុន។
៣. Jassy ជាប្រធានប្រតិបត្តិជាន់ខ្ពស់ម្នាក់ដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតនៅ Amazon
ជាពិសេសនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គាត់បានទទួលប្រាក់កម្រៃរបស់ខ្លួនដល់ទៅ ២០លានដុល្លារ ហើយគិតចាប់ពីឆ្នាំ២០១៦រហូតមក លោក Jassy ទទួលបានប្រាក់ខែដល់ទៅ ៣៦លានដុល្លារ ខណៈដែលលោក Bezos ទទួលបានប្រាក់ខែត្រឹមតែ ១,៧ លានដុល្លារប៉ុណ្ណោះ។ ជាការគួរឲ្យកត់សម្កាល់រហូតមកដល់ពេលបច្ចុប្បន្ននេះ បុរសរូបនេះមានទ្រព្យសម្បត្តិប្រមាណជា ៤០០ លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ CNBC កាលពីពេលថ្មីៗនេះ។
៤. លោក Jassy ជាមនុស្សដែលមិនភ័យខ្លាចញញើតទៅនឹងរឿងនយោបាយនោះឡើយ។ ពាក់ព័ន្ធទៅនឹងរឿងនយោបាយ បុរសរូបនេះមិនដែលមានភាពភ័យខ្លាចចំពោះការបញ្ចេញយោបល់ និងមតិផ្ទាល់ខ្លួននោះទេ ហើយទីបំផុត លោកបានទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានៃអំពើហិង្សា និងករណីឧក្រិដ្ឋកម្មទៅលើជនជាតិអាមេរិកស្បែកខ្មៅ ព្រមទាំងប្រឆាំងទៅនឹងបញ្ហាសហគមន៍ក្រុមភេទទី៣ផងដែរ។
៥. លោក Jassy ត្រូវបានគេជឿជាក់ថា ជាមនុស្សដែលមានសមត្ថភាពខ្លាំងបំផុត និងធ្លាប់ពិចារណាក្នុងការទទួលយកការងារជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនយក្សអាមេរិកផ្សេងទៀត ដូចជា Microsoft និង Uber ផងដែរ ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content