មណ្ឌលគិរី ៖ ការចិញ្ចឹមសត្វព្រាបសម្រាប់តាំងលម្អនៅក្នុងបរិវេណផ្ទះ ហាក់មិនសូវខុសគ្នាពីការចិញ្ចឹមសត្វបក្សីដទៃផ្សេងទៀតនោះទេ ពោលគឺមានរបៀបនៃការចិញ្ចឹមប្រហាក់ប្រហែលគ្នា ទាស់ត្រង់ថា សម្រាប់ពូជសត្វព្រាបសម្រាប់តាំងលម្អនេះ ត្រូវការទីកន្លែងស្អាត ស្ងួត ដើម្បីកុំឱ្យប្រឡាក់រោម និងពណ៌រូបរាងកាយដ៏ស្រស់ស្អាតតែប៉ុណ្ណោះ ខណៈដែលទំនោរនៃការចិញ្ចឹមសត្វព្រាបប្រភេទនេះកំពុងមានភាពទាក់ទាញ និងមានតម្លៃនៅលើទីផ្សារថ្លៃជាងពូជសត្វព្រាបធម្មតាដែលចិញ្ចឹមនៅក្នុងទ្រុងរួមដែលមានចំនួនច្រើនោះទេ។

ជាមួយនឹងរូបឆោមលោមពណ៌យ៉ាងស្រស់ស្អាតៗ រោមរលោងចាំងផ្លេកៗ ព្រាបចិញ្ចឹមសម្រាប់លម្អដែលត្រូវបានចិញ្ចឹមនៅក្នុងកសិដ្ឋាន៤០០ កំពុងទាក់ចិត្តអតិថិជនដែលចូលចិត្ត និងនិយមចិញ្ចឹមសត្វទុកជាការកម្សាន្ត និងសម្រាប់លម្អក្នុងគេហដ្ឋាន ចេញចូលក្នុងកសិដ្ឋានជាហូរហែ បើទោះជាតម្លៃព្រាបចិញ្ចឹមទាំងនេះថ្លៃជាងព្រាបធម្មតារហូតដល់ប្រមាណ ២៥០០ដុល្លារសម្រាប់ព្រាបមួយគូក៏ដោយ។
លោក ហាច ឆន ជាម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា បច្ចុប្បន្នព្រាបលម្អ មានតម្រូវការទីផ្សារខ្ពស់ណាស់ពីសំណាក់អ្នកដែលចូលចិត្តទិញយកទៅចិញ្ចឹម ពោលគឺកាន់តែថ្លៃកាន់តែមានអ្នកទិញច្រើន ដោយសារតែវាងាយស្រួលចិញ្ចឹម។

លោកបញ្ជាក់ថា ៖
“ព្រាប គឺស្រួលចិញ្ចឹម ធន់នឹងជំងឺ ដោយត្រូវការត្រឹមតែទីតាំងតូចល្មម ខណៈដែលបច្ចុប្បន្ននេះមានអតិថិជនកាន់តែច្រើននិយមទិញព្រាបថ្លៃៗយកទៅចិញ្ចឹម ពោលគឺឱ្យតែមានគឺដឹងតែមានគេចាំទិញតែម្ដង ហើយតម្លៃពូជព្រាបមានដល់ទៅ ២៥០០ដុល្លារក្នុង ១គូក៏មានដែរ”
លោកបន្ថែមឱ្យដឹងថា នៅក្នុងកសិដ្ឋានរបស់លោកផ្ទាល់មានព្រាបរហូតដល់ទៅជិត ២០០ប្រភេទ ដែលជាប្រភេទនៅក្នុងស្រុកខ្លះ និងខ្លះទៀតនាំចូលមកពីប្រទេសផ្សេងៗ ដូចជា ប្រទេសឥណ្ឌា អាមេរិក បង់ក្លាដេស ហូឡង់ និងប្រទេសវៀតណាមជាដើម ។ នៅក្នុងកសិដ្ឋានមួយនេះមានផ្គត់ផ្គង់ព្រាបជាច្រើនរួមមានដូចជា ព្រាបសាច់មួយគូតម្លៃ ៣-៤ម៉ឺនរៀល ព្រាបពូជសម្រាប់តាំងមួយគូតម្លៃចាប់ពី ១-២លានរៀល ឯខ្លះទៀតដល់ទៅ ៥-១០លានរៀល ឬស្មើនឹង ២ ៥០០ដុល្លារ ហើយអ្នកទិញយកទៅចិញ្ចឹមភាគច្រើនជាអ្នករស់នៅក្នុងស្រុក ហើយអតិថិជនបរទេសយូរៗមានម្ដងប៉ុណ្ណោះ។

ដោយឡែកសម្រាប់ការយកទៅចិញ្ចឹម និងមើលថែ មិនថាចំពោះពូជព្រាបសត្វ ឬព្រាបលម្អនោះទេ គឺមានភាពងាយស្រួលដូចគ្នា ដោយត្រឹមតែរយៈពេល៣ខែ ជាមធ្យមព្រាបមេអាចមានពងកូនបាន ២គូ ហើយអាចបំប៉នលក់បន្តយកចំណេញក៏បាន ។ នេះជាអ្វីដែលម្ចាស់កសិដ្ឋានខាងលើបានលើកឡើង។

លោក ហាច ឆន បន្តថា ៖
“ការចិញ្ចឹមព្រាប ជាធម្មតាយើងប្រើរយៈពេលប្រមាណ៣ខែប៉ុណ្ណោះដែលកូនព្រាបអាចស៊ីចំណីស្ទាត់ ហើយយើងអាចលក់បានចន្លោះពី ២០-១០០០ ដុល្លារក្នុង១គូ ទៅតាមតម្លៃនៃពូជព្រាប។ ចំណែកចំណីរបស់ព្រាប យើងអាចឱ្យស៊ីបែបធម្មជាតិ ដូចជាគ្រាប់ពោតកិន ស្រូវ ឬអង្ករ សណ្ដែកបាយកិន ឬលាយជាមួយនឹងចំណីមាន់ ឬចំណីសត្វក្រួចក៏បាន ហើយចំពោះអ្នកដែលមានម៉ាស៊ីនសូនចំណីក៏អាចកិនឱ្យព្រាបស៊ីបានដែរ”
ពាក់ព័ន្ធនឹងការចិញ្ចឹមនេះទៀតសោត ចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ គឺទំហំទ្រុង ទាំងផ្ទះព្រាប និងទ្រុងតូចៗ ដោយមានការរៀបចំប្រព័ន្ធទឹក ការប្រើប្រាស់ថ្នាំ ការថែទាំកូនព្រាបតូចៗកុំឱ្យត្រូវក្ដៅខ្លាំង ឬត្រូវទឹកភ្លៀង និងការសម្អាតទ្រុងជាដើម។ ចំណែកឯជំងឺព្រាបអាចមាន ដូចជា ជំងឺអុតព្រាប និងអាសន្នរោគជាដើម ប៉ុន្តែជំងឺទាំងនេះសុទ្ធតែមានថ្នាំ និងវិធីព្យាបាលបាន។
លក្ខណៈពិសេសនៃការចិញ្ចឹមសត្វព្រាបឱ្យបានល្អប្រសើរ អ្នកចិញ្ចឹមត្រូវធ្វើទ្រុងឱ្យធំមានដំបូលត្រឹមត្រូវដើម្បីការពារកម្ដៅថ្ងៃស្រដៀងទៅនឹងទ្រុងមាន់ដែរ បន្ទាប់មកត្រូវធ្វើទ្រុងតូចៗនៅខាងក្នុងទ្រុងបន្ថែមទៀតដើម្បីឱ្យព្រាបចូលទៅដេក និងពង។ ដោយឡែក សម្រាប់អ្នកដែលចិញ្ចឹមក្នុងទ្រង់ទ្រាយតូច ឬចិញ្ចឹមកម្សាន្តធម្មតាៗត្រឹម២ក្បាល ឬមួយគូ គេពុំចាំបាច់ធ្វើផ្ទះព្រាបក៏បានដែរ ដោយគ្រាន់តែព្យួរទ្រុងតូចល្មមនៅតាមសំយ៉ាបផ្ទះក៏បានដែរ។
គួរបញ្ជាក់ដែរថា លោក ហាច ឆន ចាប់ផ្ដើមចិញ្ចឹមសត្វព្រាបលក់តាំងពីឆ្នាំ២០១៦ ដោយក្នុងដំណាក់កាលដំបូង លោកចិញ្ចឹមប្រភេទព្រាបសាច់ធម្មតាត្រឹមតែ ២-៣ គូប៉ុណ្ណោះ ហើយក្រោមមកទៀតប្រមាណជា ៧ខែ ដោយមើលឃើញថាការចិញ្ចឹមមានភាពងាយស្រួល ហើយមានតម្រូវការទីផ្សារ លោកក៏បានពង្រីកការនាំចូល និងចិញ្ចឹមកាន់តែច្រើន ជាពិសេសនៅក្នុងអំឡុងឆ្នាំ២០២០ លោកបានបណ្តាក់ទុនលើការចិញ្ចឹមព្រាបនេះរហូតដល់ប្រមាណ៥ម៉ឺនដុល្លារ។ ដោយឡែក នៅថ្ងៃខាងមុខ ម្ចាស់កសិដ្ឋានរូបនេះជឿជាក់ថា ការចិញ្ចឹមព្រាបនឹងកាន់តែមានភាពទូលំទូលាយ និងផុសផុលខ្លាំង ដូចគ្នាទៅនឹងការចិញ្ចឹមមាន់ ទា ជ្រូក គោ និងសត្វផ្សេងៗដែរ។ ជាមួយគ្នានេះ លោកក៏សូមលើកទឹកដល់អ្នកដែលមានបំណងចង់ចាប់យកអាជីពជាអ្នកចិញ្ចឹមព្រាបលម្អ ព្រោះវាមានទីផ្សារល្អ ហើយការផ្គត់ផ្គង់នៅមានភាពចង្អៀត ប៉ុន្តែយ៉ាងណាក៏ដោយ គួរគប្បីមានការសិក្សាពីការបច្ចេកទេសចិញ្ចឹមឱ្យបានច្បាស់លាស់ ជៀសវាងការធ្វើឡើងទាំងភាពប្រថុយប្រថានដែលអាចជួបការខាតបង់ជាយថាហេតុ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content