ភ្នំពេញ ៖ បើទោះបីជាស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ នៅបន្តតានតឹងយ៉ាងណាក៏ដោយ ក្រោមការរួបរួម គាំទ្រ ក្នុងស្មារតីស្នេហាជាតិ ខ្មែរតែមួយ កសិផលផ្លែល្ពៅរបស់កសិករក្នុងខេត្តព្រះវិហារជាច្រើនរយតោនដែលខកខានមិនអាចនាំចេញទៅប្រទេសថៃបាននោះ ត្រូវបានចែកចាយនៅលើទីផ្សារក្នុងស្រុកយ៉ាងទូលាយ ជាពិសេស អ្នករស់នៅក្នុងរាជធានីភ្នំពេញ នាំគ្នាទិញយកទៅកែច្នៃធ្វើជាម្ហូបអាហារ បង្អែម ភេសជ្ជៈ និងនំល្ពៅ សម្រាប់ទទួលទានក្នុងគ្រួសារយ៉ាងរីករាយ ខណៈដែលម្ចាស់សិប្បកម្មមួយចំនួនបានទិញយកទៅកែច្នៃធ្វើជាផលិតផលសម្រេចផ្សេងទៀតសម្រាប់ដាក់លក់នៅលើទីផ្សារ។
អ្នកស្រី ធុច សុគន្ធា ជាម្ចាស់សិប្បកម្មផលិតមីក្នុងស្រុក ក្រោមម៉ាកសញ្ញា «ម៉ែដាម» បានប្រាប់ AMS ឱ្យដឹងថា សិប្បកម្មមួយនេះក៏បានចូលរួមគាំទ្រ និងទិញយកកសិផលល្ពៅក្នុងស្រុកទាំងនៅចំការផ្ទាល់ និងនៅក្នុងផ្សារទំនើបផងដែរ សម្រាប់ធ្វើការកែច្នៃពីផ្លែល្ពៅ ទៅជាផលិតផលសម្រេច គឺ មីល្ពៅ ខ្មែរ ។
អ្នកស្រីបញ្ជាក់ថា ៖
«ក្នុងនាមយើងជាអ្នកកែច្នៃកសិផលស្រាប់ ខ្ញុំក៏បានចូលរួមកែច្នៃជាផលិតផលមីល្ពៅដោយប្រើប្រាស់ល្ពៅស្រស់ប្រមាណ ៣០០គីឡូក្រាមក្នុងមួយខែ។ ការចូលរួមកែច្នៃក្នុងបរិមាណប៉ុននេះពិតជាមិនអាចធ្វើឱ្យទីផ្សារល្ពៅស្រស់កើនឡើងនោះទេ ដូច្នេះមានតែការចូលរួមពីសំណាក់បងប្អូនយើងទូទៅ ដែលអាចទិញល្ពៅយកទៅកែច្នៃជាម្ហូបអាហារដែលមានប្រយោជន៍ខ្ពស់ចំពោះសុខភាព ដូចជា ភេសជ្ជៈទឹកល្ពៅ បង្អែមល្ពៅ ឬនំល្ពៅ ជាដើម»។
យ៉ាងណាក៏ដោយ ត្បិតថា ជាសិប្បកម្មកែច្នៃកសិផល ជាពិសេស មីល្ពៅក៏ពិតមែន ប៉ុន្តែទំហំ និងបរិមាណនៃការកែច្នៃគឺនៅមានកម្រិត ព្រោះថាបច្ចុប្បន្ន ទំហំទីផ្សារនៅតូចនៅឡើយ ដូច្នេះ មានតែការចូលរួមគាំទ្រផលិតផលខ្មែរ ផលិតផលក្នុងស្រុកពីសំណាក់បងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ដែលជាជម្រើស និងយុទ្ធសាស្ត្រដ៏ល្អបំផុត។ សូមបញ្ជាក់ដែរថា ក្នុងចំណោមផលិតផលមីដែលសិប្បកម្មបានផលិត ជាការកត់សម្គាល់ មីល្ពៅ គឺមានប្រជាប្រិយភាពច្រើនជាង ហើយសិប្បកម្មក៏កំពុងសិក្សាពីវិធីច្នៃផ្លែល្ពៅស្រស់ទៅជាផលិតផលផ្សេងទៀត ដើម្បីអាជពង្រីកទីផ្សារល្ពៅស្រស់បានច្រើន ជួយលើកកម្ពស់សេដ្ឋកិច្ចទាំងកសិករ ទាំងប្រជាពលរដ្ឋដែលពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិផងដែរ៕