បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ចិននឹងចាប់ផ្តើមនាំចូលគ្រឿងសមុទ្រពីតំបន់មួយចំនួនរបស់ជប៉ុនឡើងវិញបន្ទាប់ពីហាមឃាត់ និងផ្អាកការនាំចូលអស់រយៈពេលជិត ២ឆ្នាំពាក់ព័ន្ធនឹងការបញ្ចេញទឹកកខ្វក់ដែលមានសារធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។
ការសម្រេចចិត្តរបស់ចិនបានកើតឡើងកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានការធ្វើតេស្តរកសារធាតុប៉ះពាល់សុខភាពទៅលើគ្រឿងសមុទ្រ ហើយរដ្ឋាភិបាលជប៉ុនបានសន្យាថានឹងធានាសុវត្ថិភាព និងគុណភាពនៃគ្រឿងសមុទ្រដែលត្រូវនាំចេញទៅកាន់ប្រទេសចិន។ យ៉ាងណាមិញ គយចិនបានជូនដំណឹងថា ផលិតផលគ្រឿងសមុទ្រពីខេត្តចំនួន ១០ របស់ជប៉ុន ដូចជា Fukushima, Gunma, Tochigi, Ibaraki, Miyagi, Niigata, Nagano, Saitama, Tokyo និង Chiba នៅតែត្រូវបានហាមឃាត់នៅឡើយ ខណៈដែលផលិតផលមកពីតំបន់ផ្សេងទៀតនឹងត្រូវការបញ្ជាក់ដោយវិញ្ញាបនបត្រសុខភាព វិញ្ញាបនបត្របញ្ជាក់ពីការរកឃើញសារធាតុវិទ្យុសកម្ម និងវិញ្ញាបនបត្រតំបន់ផលិតដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនសម្រាប់ការប្រកាសពន្ធគយចិន។
គួរឲ្យបញ្ជាក់ដែរថា ចិនបានហាមឃាត់ការនាំចូលគ្រឿងសមុទ្រទាំងអស់ពីប្រទេសជប៉ុនកាលពីអំឡុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញទឹកកខ្វក់ដែលមានសារធាតុវិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima។ បញ្ហានេះបានប៉ះពាល់ដល់ការទូតរវាងចិន-ជប៉ុន និងសេដ្ឋកិច្ចរបស់ជប៉ុន។ យ៉ាងណាក៏ដោយ ទោះបីជាចិនបានបង្ហាញពីសញ្ញានៃការចាប់ផ្តើមនាំចូលអាហារសមុទ្រពីជប៉ុនឡើងវិញក៏ដោយ ប៉ុន្តែចិននឹងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើគ្រឿងសមុទ្រទាំងនោះ ហើយត្រៀមចាត់វិធានការប្រសិនបើខ្លួនរកឃើញថា ជប៉ុនរំលោភលើច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់ចិន៕