វិភាគ ៖ តើលោក ស៊ី ជីនភីង អាចធ្វើឱ្យគណបក្សកុម្មុយនិស្តចិនគង់វង្សទេ ក្រោយពីខួប ១០០ឆ្នាំ?

បរទេស ៖ គណបក្ស​កុម្មុយនិស្ត​ចិន​មាន​អាយុ​ ១០០ឆ្នាំ​ហើយ នៅ​ក្នុង​ឆ្នាំ២០២១នេះ។ គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ១០ឆ្នាំ ក្រោយ​ពី​របប​រាជានិយម​នៅ​ប្រទេស​ចិន​ត្រូវ​បាន​រំលាយ​ ហើយ​ស្ថានភាព​ចិន​នៅ​ពេល​នោះ​ស្ថិត​ក្នុង​ភាព​ជ្រួលច្របល់ ដោយ​មាន​ការ​បែងចែក​ទឹកដី និង​គ្រប់គ្រង​ដោយ​ក្រុម​ផ្សេងៗ​គ្នា។

សង្គ្រាម​ស៊ីវិល​ចិន​អូស​បន្លាយ​រាប់​ទសវត្សរ៍​នៅ​ពេល​នោះ ហើយ​ប្រទេស​នេះ​រងគ្រោះ​មួយ​ជាន់​ទៀត​នៅ​សង្គ្រាម​លោក​លើក​ទី២ រហូត​មក​ដល់​ឆ្នាំ១៩៤៩ កងទ័ព​ក្រហម​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​កាន់​កាប់​ចិន​ដី​គោកស្ទើរ​តែ​ទាំង​ស្រុង ហើយ​នៅ​ពេល​នោះ​មេដឹកនាំ​កុម្មុយនិស្ត​ដ៏​ល្បី​ឈ្មោះ​ ម៉ៅ សេទុង បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​វត្តមាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ចាប់​តាំង​ពី​ពេល​នោះ​មក ចិន​ប្រជាមានិត​ឆ្លង​កាត់​ព្រឹត្តិការណ៍​ជា​ច្រើន​ទាំង​ភាព​សោកសៅ និង​ភាព​រុងរឿង ចំណែក​ឯ​កំណែ​ទម្រង់​នានា​រាប់​ភ្លេច​ក៏​បាន​កើត​ឡើង​ទៅ​ផង​ដែរ។ កំណែទម្រង់​ដែល​ត្រូវ​បាន​គេ​ចងចាំ​ជាង​គេ​គឺ ការ​បើក​ចំហ​ប្រទេស​ចិន ដោយ​ស្វាគមន៍​រាល់​ការ​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ពិភពលោក ដោយ​មិន​ប្រកាន់​របប​នយោបាយ​អ្វី​នោះ​ទេ នៅ​អំឡុង​ទសវត្ស​ឆ្នាំ១៩៨០ ដោយ​មេដឹកនាំ​ចិន​ តេង ស៊ាវភីង។ នេះ​គឺ​ជា​កំណែ​ទម្រង់​ដ៏​ធំ​ ដោយ​កាល​នោះ​ប្លុក​កុម្មុយនិស្ត​ និង​ប្លុក​សេរី​គឺ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​ទេ​។

«ឆ្មា​ស ឬ ឆ្មា​ខ្មៅ​មិន​សំខាន់​នោះ​ទេ ដរាប​ណា​ឆ្មា​អាច​ចាប់​កណ្ដុរ​បាន»។ នេះ​ជា​សម្ដី​របស់​អគ្គមគ្គុទ្ទេសក៍​ចិន តេង ស៊ាវភីង នៅ​អំឡុង​ទសវត្ស​រ៍ ១៩៦០ ដែល​ជា​មេរៀន​សម្រាប់​អ្នក​នយោបាយ និង​អ្នក​សេដ្ឋកិច្ច​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

លុះ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គណបក្ស​កុម្មុយនិស្ត​ចិន​កំពុង​ស្ថិត​ក្នុង​យុគសម័យ​ថ្មី ដែល​ដឹកនាំ​ដោយ​​លោក​ ស៊ី ជីនភីង។ យុគសម័យ​ថ្មី​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ក៏​ដូច​ជា​ប្រទេស​ចិន​ទាំង​មូល គឺ​ពោរ​ពេញ​ទៅ​ដោយ​មហិច្ឆតា​ខ្ពស់ និង​ឆន្ទៈ​ចង់​លុបលាង​នូវ​ប្រវត្តិសាស្ត្រ​ដ៏​អាម៉ាស់​ នៃ​ជិះជាន់​ដោយ​​បរទេស​កាល​ពី​ ១០០-២០០ឆ្នាំ​មុន។

«យើង​ដាច់​ខាត​នឹង​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​បរទេស​មក​ជិះជាន់ មើលងាយ យើង​ទៀត​ឡើយ។ នរណា​ក៏​ដោយ​ ដែល​ព្យាយាម​ធ្វើ​បែប​នេះ នឹង​ត្រូវ​បំបែក​ក្បាល​ច្រាប​ឈាម​នឹង​មហា​កំពែង​ដែក​ថែប ដែល​កសាង​ឡើង​ដោយ​ប្រជាជន​ចិន ១,៤ពាន់​លាន​នាក់»។ នេះ​ជា​ការ​ថ្លែង​របស់​លោក ស៊ី អំឡុង​ពេល​ពិធី​គម្រប់​ខួប ១០០ឆ្នាំ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន។

យ៉ាងណាមិញ នៅ​ក្នុងកិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​យុគសម័យ​ថ្មី​របស់​លោក ស៊ី ជីនភីង ​នេះ កំពុង​តែ​ប្រាស​ចាក​ឆ្ងាយ​ពី​គន្លង​របស់​ផ្នត់​គំនិត​កំណែ​ទម្រង់​របស់​លោក តេង ស៊ាវភីង ហើយ​ងាក​ទៅ​រក​លទ្ធិ​បុគ្គល​និយម​របស់​លោក​ប្រធាន ម៉ៅ សេទុង​ ទៅ​វិញ​។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​មួយ​ចំនួន។

លោក ស៊ី ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ២០១២។ តាម​ពិត​ទៅ​ លោក​មាន​ខ្សែស្រឡាយ​ជា​មន្ត្រី​ជាន់​ខ្ពស់ ដោយ​ឪពុក​របស់​លោកជា​អ្នក​បដិវត្តន៍​បក្ស​កុម្មុយនិស្ត​ចិន​ជំនាន់​ដំបូង​ៗ ហើយ​ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋ​ចិន​ផង​ដែរ។

នៅ​ពេល​​លោក ស៊ី ក្លាយ​ជា​មេដឹកនាំ​កំពូល​ចិន​នៅ​អាណត្តិ​ទី១ លោក​បាន​ចាប់​អនុវត្ត​នូវ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​សកម្មភាព​មួយ ដើម្បី​ត​ភ្ជាប់​រដ្ឋាភិបាល​កណ្ដាល និង​ប្រជាជន​តាម​មូលដ្ឋាន​ឡើង​វិញ។ គិត​មក​ទល់​ពេល​នេះ មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៣៩២​រូប និង​សមាជិក​គណបក្ស​កុម្មុយនិស្ត​រាប់​លាន​នាក់​ជាប់​ក្រោម​ការ​ស៊ើបអង្កេត​ករណី​អំពើ​ពុករលួយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN។ យ៉ាងណាមិញ បើ​មើល​ពី​មួយ​ជ្រុង​ទៀត មន្ត្រី​ដែល​ជាប់​ក្រោម​ការ​ចោទ​ប្រកាន់​បទ​ល្មើស​អំពើ​ពុក​រលួយ ក៏​ជា​សត្រូវ​នយោបាយ​របស់​លោក​ផង​ដែរ។

ក្រៅ​ពី​រឿង​បង្ក្រាប​អំពើ​ពុករលួយរចនាសម្ព័ន្ធ​នៅ​ក្នុង​ការ​ដឹកនាំ​រដ្ឋ​ចិន​មាន​ការ​ប្រែប្រួល​ ដោយ​លោក ស៊ី បង្កើត​ «ក្រុម​ការងារ​ដឹកនាំ​មជ្ឈិម» ជាច្រើន ដែល​ត្រួត​ពិនិត្យ​លើ​ការងារ​អនុវត្ត​គោលនយោបាយ​នានា​តាំង​ពី​កំណែ​ទម្រង់​យោធា ហិរញ្ញវត្ថុ និង​កិច្ចការ​បរទេស។ គេ​មើល​ឃើញ​ថា លោក ស៊ី ជីនភីង ដឹកនាំ​ក្រុមការងារ​នេះ​ដោយ​ផ្ទាល់ ហើយ​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក​បាន​កាន់កាប់​តំណែង​សំខាន់ៗ​នៅ​ក្នុង​នោះ​ដែរ។

បើ​តាម​ការ​យល់​ឃើញ​របស់​លោកស្រី Cai Xia អតីត​សាស្ត្រាចារ្យ​នៅ​សាលា​បង្រៀន​មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ឱ្យ​ដឹង​ថា «ក្រុម​ដឹកនាំ​ទាំង​នេះ​តាម​ពិត​ទៅ បាន​ធ្វើ​ការ​តាម​យន្តការ និង​ស្ថាប័ន​ដែល​មាន​ស្រាប់​នៅ​ក្នុង​បក្ស និង​ក្នុង​រដ្ឋាភិបាល»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ស្ត្រី ដែល​រិះគន់​ប្រព័ន្ធ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​ពេល​នេះ​និរទេស​នៅ​ក្រៅ​ប្រទេស​ប្រាប់​សារព័ត៌មាន CNN។

ជំហាន​នយោបាយ​ដ៏​ធំ​មួយ​របស់​លោក ស៊ី ជីនភីង គឺ​លោក​បាន​លុប​ការ​កំណត់​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី អគ្គលេខាធិការ​បក្ស​ និង​គណៈកម្មការ​យោធា​មជ្ឈិម នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ចិន​កាល​ពី​ឆ្នាំ២០១៨។ តំណែង​ទាំង ៣ នេះ​ជា​ប្រពៃណី​ស្ថិត​ក្រោម​មនុស្ស​តែ​ម្នាក់ តែ​ចាប់​ពី​ជំនាន់​លោក តេង ស៊ាវភីង មក ត្រូវ​បាន​កំណត់​ឱ្យ​កាន់​ដោយ​បុគ្គល​ផ្សេង​គ្នា​ត្រឹម​ពីរ​ ២ អាណ្ណត្តិ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​អំណាច​ណា​មួយ​របស់​មេដឹកនាំ។

មួយ​វិញ​ទៀត ជា​ប្រពៃណី​ តែ​មិន​ចារ​ក្នុង​ច្បាប់​ មេដឹកនាំ​ចិន​នីមួយៗ​តែងតែ​ប្រសិទ្ធិនាម​អ្នក​បន្ត​វេន បន្ទាប់​ពី​បញ្ចប់​អាណត្តិ​ទី១ ហើយ​លាលែង​ពី​តំណែង​នៅ​អាយុ ៦៨ឆ្នាំ ឬ ក្នុង​វ័យ​ចំណាស់​ជាង​នេះ​បន្តិចបន្តួច​នៅ​ពេល​មហាសន្និបាត​បក្ស ដែល​ធ្វើ​ឡើង​ក្នុង​ ៥ ឆ្នាំ​ម្ដង។ លោក ស៊ី ជីនភីង មិន​ទាន់​ធ្វើ​ទាំង​អស់​ គិត​មក​ទល់​ពេល​នេះ។

អ្នក​វិភាគ​ជា​ច្រើន​យល់​ថា ការ​ប្រាសចាក​ពី​ទម្លាប់​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី​បែប​នេះ អាច​ធ្វើ​ឱ្យ​មាន «បញ្ហា​អ្នក​ស្នង​តំណែង» ដែល​បណ្ដាល​ឱ្យ​មាន​​ភាព​មិន​ប្រាកដប្រជា​នា​ពេល​អនាគត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គណបក្ស​កុម្មុយនិស្ត​ចិន​ទំនង​ជា​មិន​ទាន់​មាន​បញ្ហា​ភ្លាម​ៗ​អំឡុង​ពេល​លោក ស៊ី នៅ​កាន់​តំណែងនោះទេ។ មូលហេតុ​ចម្បង​នោះ​គឺ អំណាច​ក្នុង​បក្ស​របស់​លោក​នៅ​ក្ដាប់​ជាប់​ ខណៈ​វាជាសមត្ថភាព​ដឹកនាំ​របស់​លោក​ពិត​ ហើយ​មិន​អាច​ប្រកែក​បាន​ថា ធ្វើ​ឱ្យ​ចិន​រីក​ចម្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ ចាប់​តាំង​ពី​ការ​កកើត​នៃ​របប​ចិន​ប្រជាមានិត​នៅ​ឆ្នាំ១៩៤៩​មក។

យ៉ាងណាមិញ បញ្ហា​ធំៗ​ជា​ច្រើន​នឹង​អាច​កើត​ឡើងសម្រាប់​ជំនាន់​ក្រោយ​ពី លោក​ ស៊ី ជីនភីង។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​តាម​ដាន​នយោបាយ​ចិន​មួយ​ចំនួន។​

នៅ​ឆ្នាំ២០២២ ខាង​មុខ​នេះ គណបក្ស​កុម្មុយនិស្ត​ចិន​នឹង​រៀបចំ​មហាសន្និបាត​គណបក្ស​លើក​ទី២០ ដែល​ក្នុង​មហាសន្និបាត​នេះ គេ​នឹង​សង្កេត​មើលពី​ការ​ផ្លាស់​ប្ដូរ​តំណែង​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​បក្ស​ ក៏​ដូច​ជា​រដ្ឋាភិបាល​ចិន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក