ធនាគារកណ្តាល គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានសិទ្ធិគ្រប់គ្រងលើការផលិត និងការចែកចាយប្រាក់ និងឥណទានសម្រាប់ប្រជាជាតិមួយ ឬប្រជាជាតិមួយក្រុម។ នៅក្នុងសេដ្ឋកិច្ចទំនើប ធនាគារកណ្តាលទទួលខុសត្រូវចំពោះការបង្កើតគោលនយោបាយរូបិយវត្ថុ និងជានិយ័តកររបស់ធនាគារជាសមាជិក។

ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកមានឈ្មោះថា Federal Reserve System ហៅកាត់ថា FED ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ ធនាគារកណ្តាលអាមេរិកមានធនាគារជាសាខាចំនួន ១២ នៅតាមតំបន់ដែលទទួលខុសត្រូវចំពោះតំបន់ភូមិសាស្ត្រជាក់លាក់របស់សហរដ្ឋអាមេរិក។
ធនាគារកណ្តាលអាមេរិកត្រូវបានបង្កើតឡើងដោយច្បាប់សហព័ន្ធដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Woodrow Wilson នៅថ្ងៃទី២៣ ខែធ្នូឆ្នាំ១៩១៣ ដែលជាការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុនៃឆ្នាំ១៩០៧ ។ មុនពេលនោះ សហរដ្ឋអាមេរិកគឺជាមហាអំណាចហិរញ្ញវត្ថុតែមួយគត់ដែលគ្មានធនាគារកណ្តាល។ ការបង្កើតធនាគារកណ្តាលត្រូវបានធ្វើឡើងដោយភាពវិបត្តិហិរញ្ញវត្ថុកើតឡើងម្តងហើយម្តងទៀត ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលមួយសតវត្សរ៍ ដោយសារតែការបរាជ័យរបស់ធនាគារ និងការដួលរលំអាជីវកម្ម។
ធនាគារកណ្តាលអាមេរិកមានអំណាចទូលំទូលាយក្នុងការធ្វើសកម្មភាពផ្សេងៗ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ ហើយក៏ជានិយ័តករចម្បងរបស់ធនាគារដែលជាសមាជិកនៃប្រព័ន្ធធនាគារអាមេរិក។ វាដើរតួជាអ្នកផ្តល់ប្រាក់កម្ចីចុងក្រោយដល់ស្ថាប័នជាសមាជិកដែលមិនអាចខ្ចីប្រាក់ពីកន្លែងផ្សេងទៀតបាន។ ធនាគារឯកជនតែងតែងាកទៅរកជំនួយធនាគារកណ្តាលអាមេរិកដែលជាជម្រើសចុងក្រោយសម្រាប់ការខ្ចីប្រាក់ ។ ធនាគារកណ្តាលអាមេរិកនេះបង្កើតឡើងដោយធនាគារសហព័ន្ធក្នុងតំបន់ចំនួន ១២ រួមមាន Boston, New York, Philadelphia, Cleveland, Richmond, Atlanta, Chicago, St. Louis, Minneapolis, Kansas City, Dallas, និង San Francisco។
គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិកមានគោលដៅពីរ ដើម្បីជំរុញលក្ខខណ្ឌសេដ្ឋកិច្ចដែលសម្រេចបាន តម្លៃទំនិញមានស្ថិរភាព និងបង្កើនអត្រាមានការងារធ្វើឲ្យបានខ្ពស់បំផុត។ កាតព្វកិច្ចរបស់ធនាគារកណ្តាលអាចត្រូវបានបែងចែកជាបួនផ្នែកទូទៅ៖
១. អនុវត្តគោលនយោបាយរូបិយវត្ថុជាតិដោយជះឥទ្ធិពលល្អដល់លក្ខខណ្ឌរូបិយវត្ថុ និងឥណទាននៅក្នុងសេដ្ឋកិច្ចអាមេរិកដើម្បីធានាបាននូវអត្រាភាពមានការងារធ្វើខ្ពស់ រក្សាតម្លៃទំនិញមានស្ថិរភាព និងរក្សាលំនឹងអត្រាការប្រាក់រយៈពេលវែង។
២. ត្រួតពិនិត្យ និងធ្វើនិយ័តកម្មស្ថាប័នធនាគារដើម្បីធានាសុវត្ថិភាពនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុអាមេរិក និងដើម្បីការពារសិទ្ធិឥណទានរបស់អ្នកប្រើប្រាស់។
៣. រក្សាស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ និងការពារហានិភ័យជាប្រព័ន្ធ។
៤. ផ្តល់សេវាកម្មហិរញ្ញវត្ថុ រួមទាំងតួនាទីសំខាន់ក្នុងការដំណើរការប្រព័ន្ធទូទាត់ប្រាក់ជាតិ ស្ថាប័នដាក់ប្រាក់បញ្ញើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងស្ថាប័នផ្លូវការបរទេស។
នៅក្នុងរចនាសម្ព័នរបស់ធនាគារកណ្តាលអាមេរិក មានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៧ រូបដែលត្រូវបានតែងតាំងដោយប្រធានាធិបតី និងត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក។ សមាជិកក្រុមប្រឹក្សាភិបាលនីមួយៗអាចបម្រើការនៅធនាគារកណ្តាលអាមេរិកបានយ៉ាងច្រើន១៤ឆ្នាំ។ លើសពីនេះសមាជិកក្រុមប្រឹក្សាភិបាល តំណាងឱ្យគ្រប់វិស័យធំៗ នៃសេដ្ឋកិច្ចអាមេរិក។
ធនាគារកណ្តាលអាមេរិកត្រូវបានគេចាត់ទុកថាជាស្ថាប័នឯករាជ្យ ពីព្រោះការសម្រេចចិត្តរបស់ខ្លួនមិនចាំបាច់មានការផ្តល់សច្ចាប័នពីប្រធានាធិបតីឬមន្រ្តីរដ្ឋាភិបាលផ្សេងទៀតឡើយ។ ទោះយ៉ាងណាក៏ដោយធនាគារកណ្តាលអាមេរិកនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់សភា ហើយត្រូវធ្វើការក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ ប្រភពចំណូលចំបងរបស់ធនាគារកណ្តាលអាមេរិកគឺការគិតការប្រាក់លើមូលបត្ររដ្ឋាភិបាលអាមេរិកដែលខ្លួនទទួលបានតាមរយៈប្រតិបត្តិការទីផ្សារបើកចំហរបស់ខ្លួន (OMO) ។ ប្រភពចំណូលផ្សេងទៀតរួមមានការប្រាក់លើការវិនិយោគរូបិយប័ណ្ណបរទេស ការប្រាក់លើប្រាក់កម្ចីដល់គ្រឹះស្ថានប្រាក់បញ្ញើ និងថ្លៃសេវាផ្សេងៗទៀត។ បន្ទាប់ពីទូទាត់ចំណាយរួច ធនាគារកណ្តាលអាមេរិកនឹងផ្ទេរប្រាក់ដែលនៅសល់របស់ខ្លួនទៅរតនាគារអាមេរិក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ
ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content