បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ័៍ថា ចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ នៅភាគកណ្តាលនៃប្រទេសហ្វីលីពីនបន្តកើនឡើង ខណៈដែលក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នករងគ្រោះអាចនឹងកើនឡើងបន្ថែមទៀត។

កាលពីថ្ងៃអង្គារ គ្រោះរញ្ជួយដីបានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រនៃទីក្រុង Bogo ក្នុងខេត្ត Cebu ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងធ្វើឱ្យអគារជាច្រើនដួលរលំ រួមទាំងព្រះវិហារដែលមានអាយុកាលជាង ១០០ឆ្នាំផងដែរ។ ខេត្ត Cebu ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ហ្វីលីពីន ដែលមានប្រជាជនចំនួន ៣,៤ លាននាក់។ សារព័ត៌មានហ្វីលីពីន ABS-CBN News បានរាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៥៣ នាក់ ខណៈដែលអ្នករងរបួសមានចំនួនលើសពី ១៤០ នាក់។
លោក Colonel Enrico Figueroa ប្រធានប៉ូលីសទីក្រុង Cebu បានលើកឡើងថា បង្គោលភ្លើងមួយចំនួនបានបាក់ និងផ្ទុះ ខណៈដែលពលរដ្ឋជាច្រើនបានជម្លៀសខ្លួនចេញពីខេត្ត។ ក្រុមហ៊ុនអគ្គិសនី National Grid Corp បាននិយាយថា គ្រោះរញ្ជួយដីបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងខេត្ត Cebu រួមទាំងកោះដែលនៅជិតនោះផងដែរ ខណៈដែលមន្ត្រីជំនាញផ្នែកអគ្គិសនីកំពុងវាយតម្លៃពីទំហំនៃការខូចខាត។ សូមបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅភាគខាងជើងខេត្ត Cebu យ៉ាងខ្លាំងក្លា បំផុត។

លោក Alfie Reynes អភិបាលរងក្រុង San Remigio បានអំពាវនាវសុំជំនួយស្បៀងសម្រាប់ជនជម្លៀស ក៏ដូចជាក្រុមអ្នកស្វែងរកជនរងគ្រោះ ជាពិសេសមន្ត្រីជំនាញផ្នែកជួយសង្គ្រោះ។
លោក Reynes បានលើកឡើងថា ៖
«វាមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយមិនមានអគ្គិសនី ដូច្នេះយើងពិតជាត្រូវការជំនួយ ជាពិសេសនៅតំបន់ភាគខាងជើង ដោយសារតែមានការខ្វះខាតទឹក បន្ទាប់ពីបណ្តាញផ្គត់ផ្គង់ត្រូវបានខូចខាតដោយការរញ្ជួយដី។ លើសពីនេះ មនុស្សចំនួន ៥ នាក់បានស្លាប់ ដោយសារការបាក់រលំអគារ ខណៈពេលដែលពួកគេបានព្យាយាមរត់គេចទៅរកកន្លែងមានសុវត្ថិភាព»។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត Cebu បានអំពាវនាវនៅលើបណ្តាញ Facebook ផ្លូវការរបស់ខ្លួន ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្រ្តចូលរួមជួយសង្គ្រោះនៅទីក្រុង San Remigio និង Bogo ដោយសារអាចមានមនុស្សជាប់នៅក្រោមអគារដែលដួលរលំ ខណៈដែលចំនួនមនុស្សបាត់ខ្លួននៅមិនទាន់អាចសន្មត់បាននៅឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពលំបាក ដោយសារភាពងងឹតគ្មានអគ្គិសនី។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សដែលអាចនៅជាប់ក្នុងគំនរនៃអគារដែលរលំ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content