បរទេស ៖ តាមផែនការក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ប្រទេសអេហ្ស៊ីបអាចនឹងមើលឃើញវត្តមានរោងចក្រផលិតថាមពលនុយក្លេអ៊ែរជាលើកដំបូងខណៈដែលការដ្ឋានសំណង់កំពុងបន្តដំណើរការសាងសង់ដូចការគ្រោងទុក។
រដ្ឋមន្ត្រីក្រសួងកិច្ចការងារអគ្គិសនី និងថាមពលកកើតឡើងវិញរបស់ប្រទេសអេហ្ស៊ីប លោក Mahmoud Esmat បានរៀបរាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti នាពេលថ្មីៗនេះថា ប្រទេសអេហ្ស៊ីបនឹងបញ្ចប់គម្រោងសាងសង់រោងចក្រនុយក្លេអ៊ែរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួននៅត្រឹមឆ្នាំ២០២៩ខាងមុខនេះ ក្រោយសាងសង់តាំងតែពីឆ្នាំ២០១៧មកម្ល៉េះ។

ថ្លែងនៅក្នុងអំឡុងពេលចូលរួមវេទិកាថាមពលអាតូមិកពិភពលោកនាទីក្រុងមូស្គូ លោក Esmat បានអះអាងថា រោងចក្រនុយក្លេអ៊ែរ El Dabaa Nuclear Power Plant (NPP) ដែលមានបំពាក់ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រចំនួន៤នោះនឹងដំណើរការទៅតាមកាលកំណត់។ គួរឲ្យដឹងដែរថា El Dabaa គឺជាគម្រោងដែលស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប ប៉ុន្តែជាការចូលរួមសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគែរ។ បន្ថែមពីនោះ អេហ្ស៊ីប ក៏មានបំណងក្នុងការសិក្សាសាងសង់ម៉ាស៊ីនរ៉េអាក់ទ័របន្ថែមជាច្រើនទៀតផងដែរ។
លោករដ្ឋមន្ត្រី Esmat បានពោលបែបនេះថា៖
«ពួកយើងកំពុងពិចារណាក្នុងការរៀបចំកសាងបន្ថែមនូវម៉ាស៊ីនរ៉េអាក់ទ័រ ប៉ុន្តែយ៉ាងណាក្តី យើងពេលនេះចាំបាច់ត្រូវតែបញ្ចប់ការងារសាងសង់ម៉ាស៊ីនទាំង៤នោះជាមុនសិនដែលតាមផែនការនឹងអាចបញ្ចប់ការងារជាផ្លូវការនៅត្រឹមឆ្នាំ២០២៩ខាងមុខនេះ»។
សូមបញ្ជាក់ថា ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ត្រូវបានគេដឹងថា គឺជាអ្នកផ្គត់ផ្គង់ឥន្ធនៈសម្រាប់រោងចក្រនេះ ហើយតាមកុងត្រាក្រុមហ៊ុននឹងបន្តផ្គត់ផ្គង់ក្នុងរយៈពេលយូរ ខណៈដែលសមត្ថភាពរបស់ម៉ាស៊ីនទាំង៤អាចផ្តល់ថាមពលប្រមាណជា ១,២ជីហ្គាវ៉ាត់ ដែលក្នុងនោះម៉ាស៊ីនរ៉េអាក់ទ័រលើកដំបូងនឹងត្រូវសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២៨៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content