ភ្នំពេញ ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រ សហគ្រាស ចំនួន ១៧ ៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត ១,៥លាននាក់ ក្នុងនោះមានរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១ ៣៣៧ និងមានកម្មករនិយោជិតសរុបចំនួនជាង ៨៣ម៉ឺននាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២,៦ពាន់ លានដុល្លារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្ត្រឹមរចំនួន ៦៤ និងមានកម្មករប្រមាណ៨ម៉ឺន នាក់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ និយាយត្រឹមតែក្នុងរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសសរុបចំនួន ៩ ៥៩០ និងមានកម្មករនិយោជិតសរុបប្រមាណ ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះវិស័យវាយនភ័ណ្ឌ កាត់ដេរ ស្បែកជើង និងកាបូបមានចំនួន ៧៣៥ និងមានកម្មករនិយោជិតប្រមាណ ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលប្រមាណជា ១០០០លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារនៅឆ្នាំ២០២៤។ បន្ថែមពីនេះ កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ផ្សេងៗចំនួន១៧ដុល្លារ ទៅ ២៨ដុល្លារក្នុងមួយខែដូចជា៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ ដល់ ១១ដុល្លារ (ធ្វើការចាប់ពីឆ្នាំទី២ទៅ)។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា នៅឆ្នាំ២០២៣ កម្មករនិយោជិតអាចទទួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារយ៉ាងតិចក្នុងមួយខែ ដោយរួមទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ច ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ ហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោង កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស.៕ ដោយ ៖ ញ៉ែម សុផល




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content