យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦ រោងចក្រនៅទូទាំងប្រទេស។ ក្នុងនោះ រាជធានីភ្នំពេញបានទាក់ទាញការវិនិយោគច្រើនជាងគេ ដែលបានក្ដោបក្ដាប់រហូតជាង ៥០% នៃបរិមាណរោងចក្រកាត់ដេរសរុប បន្ទាប់មកនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។

តាមរយៈឧស្សាហកម្មកាត់ដេរនេះ ប្រជាជនកម្ពុជាជាច្រើននាក់បានទទួលការងារធ្វើ និងមានចំណូលចូលគ្រួសារ។ ប៉ុន្តែយ៉ាងណាក៏ដោយ កម្លាំងពលកម្មភាគច្រើនដែលបម្រើឱ្យវិស័យនេះ មិនមែនជាកម្មករជំនាញនោះទេ។
ជាការពិតណាស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចជាតិប្រទេសមួយក៏មិនគួរពឹងផ្អែកខ្លាំងលើវិស័យតែមួយនោះដែរ ហើយទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវការបណ្ដុះធនធានមនុស្ស ជាពិសេសធនធានជំនាញបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ កម្ពុជា ព្យាយាមបានងាកចេញបន្តិចហើយពីការពឹងផ្អែកលើវិស័យឧស្សាហកម្មកាត់ដេរ និងជំនួសមកវិញដោយឧស្សាហកម្មប្រភេទផ្សេង ជាពិសេសពង្រឹង និងពង្រីកវិស័យកសិឧស្សាហកម្មដោយកែច្នៃវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការនាំចេញនៅនឹងកន្លែង ក៏ដូចជាជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ត្រង់ចំណុចនេះ អ្នកឧកញ៉ាបានបកស្រាយថា ៖
“ភាគច្រើនយើងឃើញថា ជាអនុវិស័យ ជាវិស័យគាំទ្រដល់សេដ្ឋកិច្ចជាតិរបស់យើង ក្នុងនោះយើងឃើញមានវិស័យឧស្សាហកម្មផ្សេងៗ ដូចជាការកែច្នៃ ការតម្លើងគ្រឿងបង្គំអគ្គិសនី តម្លើងរថយន្ដ រោងចក្រផលិតកៅស៊ូកង់ រោងចក្រផលិតស្កអំពៅ ការកែច្នៃស្វាយ ការកែច្នៃដំឡូងមីផ្សេងៗនេះជាវិស័យគាំទ្រ និងទ្រទ្រង់សេដ្ឋកិច្ចជាតិយើងហ្នឹងឯង។”

ក្រៅពីវិស័យឧស្សាហកម្មខាងលើ អ្នកឧកញ៉ាក៏បានសង្កេតឃើញមានវិស័យផ្សេងៗមួយចំនួនទៀតដូចជា វិស័យរ៉ែ ដែលមានស៊ីម៉ង់ រ៉ែមាស និងរ៉ែផ្សេងៗទៀតកំពុងដំណើរការ ហើយវិស័យទាំងអស់នេះហើយដែលទ្រទ្រង់សេដ្ឋកិច្ចជាតិបានរឹងមុំា។ ជាងនេះទៅទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង អេមីរ៉ាត់ អារ៉ាប់រួមជាដើម ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក នឹងកាន់តែរីកចម្រើន ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិមានផ្លូវដើរច្រើនជាងមុន។
តាមរយៈការងាកចេញពីឧស្សាហកម្មកាត់ដេរបែបនេះ គឺជារឿងល្អមួយផងដែរ សម្រាប់អនាគតកម្ពុជា ជាពិសេសពង្រឹងទៅលើការផលិតដើម្បីនាំចេញនៅនឹងកន្លែង ស្របទៅនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាបានដាក់ជាគោលដៅ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content