ភ្នំពេញ ៖ កម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា បានរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចស្តីពី “ការប្រមូលផ្តុំក្រុមហ៊ុនផលិតនាំចេញសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិកកម្ពុជា-តួកគី”នៅរាជធានីភ្នំពេញ ។
លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរយោបល់ទៅវិញទៅមក និងជំរុញភាពជាដៃគូធុរកិច្ចរវាងសមាគម ក្រុមហ៊ុននាំចេញសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិកតួកគី និងបណ្តាក្រុមហ៊ុនពាក់ព័ន្ធនៅកម្ពុជា ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ៖
«វេទិកាផ្គូរផ្គងធុរកិច្ចនេះ ចូលរួមចំណែកផ្តល់កំណើនថ្មីដល់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី ជាពិសេសលើឧស្សាហកម្មសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិក»។
គួរជម្រាបថា វេទិកានេះ មានវត្តមានចូលរួមពីក្រសួងពាណិជ្ជកម្ម, ស្ថានទូតតួកគីប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, ក្រុមហ៊ុនកម្ពុជាចំនួន ២៧, ក្រុមហ៊ុននាំចេញសម្ភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិកតួកគីចំនួន៩ និងអ្នកពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ៦០រូប។

គួរម្លឹកថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារកាលពីខែតុលា ឆ្នាំ២០២៣ ជាមួយលោកស្រី អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានគាំទ្រឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី លើវិស័យសុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ ទេសចរណ៍ ពាណិជ្ជកម្ម ការអនុវត្តច្បាប់ ពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។
ចំណែកលោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ៖
«រដ្ឋាភិបាលតួកគីមានបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា វិនិយោគទុន វិស័យសុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ និងការអនុវត្តច្បាប់ជាដើម»។
កន្លងទៅថ្មីៗ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងតួកគី ក៏បានឯកភាព និងប្តេជ្ញាចិត្តជំរុញទំហំពាណិជ្ជកម្មឱ្យបានដល់គោលដៅចំនួន ១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យស្របតាមសក្ដានុពលសេដ្ឋកិច្ចដែលមាននៅក្នុងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣០ លានដុល្លាអាមេរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន វាយនភ័ណ្ឌ និងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងបរិក្ខារអគ្គិសនី យានយន្ត និងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ជាដើម៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content