ភ្នំពេញ ៖ ក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិន China MCC22 Group Corporation បានចាប់អារម្មណ៍ការវិនិយោគលើវិស័យធំៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ ការបង្កើតសួនឧស្សាហកម្ម អចនលទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ជាដើម។
ជាមួយនឹងគោលបំណងក្នុងការបណ្តាក់ទុនវិនិយោគ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation បានជួបពិភាក្សាជាមួយឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងជជែកស្វែងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលរបស់កម្ពុជា។
ឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កិច្ចជំនួបពិភាក្សានេះក្នុងគោលបំណងដើម្បីឱ្យក្រុមហ៊ុនអាចជជែកស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យនានាក្នុងប្រទេសកម្ពុជា ដែលស្របតាមមុខសញ្ញាវិនិយោគរបស់ខ្លួនដូចជាការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ ការបង្កើតសួនឧស្សាហកម្ម អចនលទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ជាដើម។
ឯកឧត្តមបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរបើកចំហទៅគ្រប់វិនិយោគិនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានវិស័យមួយចំនួនទទួលបានការលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ អាស្រ័យហេតុនេះ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការទទួលស្វាគមន៍ និងរង់ចាំសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនជានិច្ច។
លោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន China MCC22 Group Corporation បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស្វែងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យសក្តានុពលមួយចំនួនរបស់កម្ពុជា ដែលស្របគ្នានឹងវិស័យវិនិយោគរបស់ក្រុមហ៊ុនដូចជា ហេដ្ឋារចនាសម្ព័ន្ធ រោងចក្ររ៉ែ និងអចលនទ្រព្យជាដើម៕