ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ស្របពេលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងរងសម្ពាធដោយវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាដែលកំពុងរុញច្រានឱ្យមានកំណើនថ្លៃថាមពល និងថ្លៃទំនិញនានាកើនឡើង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ពលរដ្ឋត្រូវចាយវាយដោយមានការប្រុងប្រយ័ត្ន និងសន្សំសំចៃ ហើយត្រូវកាត់បន្ថយលើការចំណាយណាដែលមិនចាំបាច់ ជាពិសេសកាត់បន្ថយការចំណាយលើកម្មវិធីជួបជុំ ដែលប្រើប្រាស់គ្រឿងស្រវឹងជាដើម។

លោកថា ៖
«ត្រូវមានការសន្សំសំចៃ ហើយការចំណាយលើការកម្សាន្តអីផ្សេងៗ ជប់លៀង ផឹកស៊ីផ្សេងៗ អាចកាត់បន្ថយខ្លះ ដើម្បីទប់សភាពការណ៍»។
ចំណែក បណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច យល់ឃើញថា ដោយសារពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាប្រពៃណីដ៏មានសារសំខាន់ពេញនិយមបំផុតមួយ ដូច្នេះពលរដ្ឋកម្ពុជានឹងត្រូវចំណាយធនធានយ៉ាងហោចណាស់សម្រាប់រយៈពេលបីថ្ងៃ គឺពីថ្ងៃទី ១៤ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ដែរ ក៏ប៉ុន្តែ ការដើរកម្សាន្តនៅទីជិតៗ អាចជួយកាត់បន្ថយការចំណាយមួយផ្នែក ជាពិសេសតាមរយៈការសន្សំសំចៃថវិកាលើប្រេងឥន្ធនៈស្របពេលដែលប្រេងកំពុងឡើងថ្លៃ។
លោកបណ្ឌិតថា ៖
«ការកម្សាន្តតែងតែមានហើយ ដើម្បីយកកម្លាំងធ្វើការបន្តទៀត តែយើងអាចទៅរមណីយដ្ឋានជិតៗទៅ ដើម្បីសន្សំប្រេងឥន្ធនៈ»។
ពិធីបុណ្យចូលឆ្នាំថ្មី មិនត្រឹមតែជាពិធីបុណ្យប្រពៃណីដ៏សំខាន់នោះទេ ប៉ុន្តែគឺជាពិធីបុណ្យដ៏សប្បាយរីករាយបំផុតរបស់ប្រជាពលរដ្ឋខ្មែរ។ ពលរដ្ឋមានទម្លាប់ដើរកម្សាន្តយ៉ាងសកម្ម ធ្វើពិធីសាសនានៅតាមផ្ទះ និងតាមទីវត្តអារាម ពិធីជួបជុំសាច់ញាតិ គ្រួសារ និងមានកម្មវិធីល្បែងប្រជាប្រិយខ្មែរ ការរាំរែកនៅតាមទីសាធារណៈជាដើម ជាពិសេស ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសនៃចលនាសេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា បានប៉ាន់ស្មានថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋកម្ពុជា អាចចាយចន្លោះពី ៥០ដុល្លារ ទៅ ២៥០ដុល្លារ ឬលើសពី ២៥០ដុល្លារទៅតាមស្ថានភាពរបស់គ្រួសារនីមួយៗ។ យ៉ាងណាក៏ដោយពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅពេលដែលសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាផ្ទុះឡើង ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃប្រេងឥន្ធនៈជាសកល។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា បញ្ហានេះអាចបន្តជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា បើសិនគ្មានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ។ ត្រង់ចំណុចនេះ អ្នកជំនាញដដែលលើកទឹកចិត្តដល់ពលរដ្ឋងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈឲ្យបានច្រើន។ សេវារថយន្តក្រុងនេះ ដែលរៀងរាល់ឆ្នាំរដ្ឋាភិបាលតែងរៀបចំសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕ ដោយ ៖ ខន ណារី AMS




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content