ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយជាលទ្ធផលទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។
សម្រាប់ដំណើរទស្សនៈកិច្ចដ៏មានសារសំខាន់មួយនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់កម្ពុជា និងបារាំង ដែលជាមិត្តជិតស្និទ្ធនឹងគ្នាតាំងតែពីឆ្នាំ១៩៩៣មក។ ក្រៅតែពីការពង្រឹងទំនាក់ទំនងរវាងគ្នា និងគ្នា ដំណើរទស្សនៈកិច្ចនាពេលនោះ ក៏មានគោលដៅក្នុងការទាក់ទាញវិនិយោគិនបារាំងមកកម្ពុជាបន្ថែមទៀតផងដែរ។ ដោយឡែក វិនិយោគិនបារាំងដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ច្រើនតែវិនិយោគលើវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្នែកឱសថ ផ្នែកហិរញ្ញវត្ថុ ធនាគារ ចំណែកឯវិស័យកសិកម្មនៅមានកម្រិតតិចតួចនៅឡើយ។

ដោយមើលឃើញពីភាពជាក់ស្ដែងនៃចំនួនវិនិយោគិនបារាំងនៅកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីទស្សនទាន និងគោលបំណងដែលចង់ឱ្យវិនិយោគិននៃប្រទេសមួយនេះងាកមកវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសលើការកែច្នៃកសិផលតែម្ដង។
អ្នកឧកញ៉ាបានបញ្ជាក់ថា ៖
« បច្ចុប្បន្ន យើងនាំចេញកសិផលស្រស់ច្រើន ដូច្នេះវាជាការល្អប្រសិនបើមានការវិនិយោគលើការកែច្នៃកសិផល ដែលវានឹងចំណេញទាំងសេដ្ឋកិច្ច ជួយទាំងកសិករក្នុងស្រុក ហើយវិនិយោគិនក៏ទទួលបានផលចំណេញដូចគ្នា»។
បើតាមអ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា ទីផ្សារកម្ពុជា និងកិច្ចព្រមព្រៀងដែលកម្ពុជាមានបច្ចុប្បន្ននេះ មានភាពអំណោយផលច្រើនដល់វិនិយោគិនបារាំង។ ជាក់ស្ដែង ប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា-អឺរ៉ុប EBA ដែលនៅសល់មួយចំនួននោះអាចបង្កភាពងាយស្រួលដល់បារាំងក្នុងការកែច្នៃនៅកម្ពុជា រួចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយខ្លួនឯង។

ក្រៅតែពីវិស័យកសិ-ឧស្សាហកម្មទៅ កម្ពុជាក៏ចង់ឱ្យបារាំងបង្កើនការវិនិយោគលើវិស័យទេសចរណ៍ផងដែរ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្រុកក៏កាន់តែរីកចម្រើនដែរនោះវាជាឱកាសល្អមួយសម្រាប់ពួកគេ។ ប៉ុន្តែយ៉ាងណាមិញ មិនថាចំពោះការវិនិយោគធ្វើឡើងក្នុងរូបភាពណានោះទេ ភាគីទាំង២គឺនៅតែទទួលបានផលចំណេញរៀងៗខ្លួន ជាពិសេសកម្ពុជា ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចព្រមព្រៀង RCEP ការស្ថិតនៅក្នុងសហគមន៍អាស៊ាន ព្រមទាំងច្បាប់វិនិយោគថ្មីដែលអនុគ្រោះច្រើនដល់អ្នកវិនិយោគ។
បន្ថែមពីលើនេះទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើអ្នកវិនិយោគដែលមានស្រាប់នៅកម្ពុជា ដោយធ្វើយ៉ាងណាថែទាំពួកគេឱ្យបានល្អបំផុត និងទាក់ទាញអ្នកវិនិយោគមកពីខាងក្រៅបន្ថែមទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content