ភ្នំពេញ ៖ សប្ដាហ៍ទី៣ខែកុម្ភៈ ដោយគិតចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេស ផ្ទៃក្នុង៤៦,៤៥៣នាក់។ ដែលចំនួននៃការចេញដើររបស់ភ្ញៀវទេសចរក្នុងខណៈពេលនេះ បានកើនឡើងបន្តិច បើធៀបទៅនឹងសប្ដាហ៍ទី២កន្លងទៅ។

បើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ នៃភ្ញៀវទាំង៣៦ម៉ឺននាក់ខាងលើរួមមាន៖ ខេត្តព្រះសីហនុ (៧២,០៥៦នាក់) ខេត្តត្បូងឃ្មុំ (៦៥,៣៨៥នាក់) ខេត្តសៀមរាប (៣៩,៨០០នាក់) រាជធានីភ្នំពេញ (៣៤,២៦៩នាក់) ខេត្តកំពត (២៥,១៣២នាក់) ខេត្តបាត់ដំបង (២១,១៩២នាក់) ខេត្តកំពង់ចាម (១៧,៨៨៤នាក់) និងខេត្តស្វាយរៀង (១៧,៨៦៩នាក់)។
បើតាមក្រសួងទេសចរណ៍ដដែលបានឱ្យដឹងថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅក្នុងចំនួននេះបានបន្តបង្ហាញសញ្ញាវិជ្ជមានទៅដល់វិស័យទេសចរណ៍ទាំងមូលថាបាន និងកំពុងរើបឡើងវិញ ខណៈដែលសប្តាហ៍ទី២ នៃខែកុម្ភៈកន្លងទៅ កម្ពុជាទទួលបានភ្ញៀវសរុបចំនួន ២៩៩ ២៦៤ នាក់ ក្នុងនោះភ្ញៀវជាតិ មាន ២៤៩ ២៥២ នាក់ និងភ្ញៀវបរទេស មាន ៥០ ០១២ នាក់។
ជាមួយគ្នានេះ ក្នុងគោលបំណងជំរុញ និងបង្កើនភាពទាក់ទាញទេសចរឱ្យបានដូចការរំពឹងទុក កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព ប្រកបដោយស័ក្តិសិទ្ធិភាព ការីទេសចរណ៍ទាំងអស់គួរបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់សហគមន៍អេកូទេសចរណ៍នៅកម្ពុជាដែលទទួលបានពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ានមានចំនួន២ ដោយក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។
ឯកឧត្តមបានបញ្ជាក់ថា កាលពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅសហគមន៍ និងអេកូទេសចរណ៍នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យ ទៅដល់ការីទេសចរណ៍ និងភាគីពាក់ព័ន្ធ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content