ភ្នំពេញ ៖ ជាទូទៅ ចំពោះអាជីវកម្មគំរូ ឬធុរកិច្ចបរិយាបន្ន ភាគច្រើនជាប្រភេទសហគ្រាសមធ្យមឡើងទៅដែលមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ទៅ ១០លានដុល្លារអាមេរិក។ ដោយឡែក ចំពោះធុរកិច្ចថ្មី និងក្រុមហ៊ុន-សហគ្រាសខ្នាតតូច ដែលមានប្រាក់ចំណូលក្រោម 0.១ លានដុល្លារអាមេរិក មិនត្រូវបានចាត់ទុកជាអាជីវកម្មបរិយាប័ន្ននោះទេ។
ការវិនិយោគអាជីវកម្មបរិយាប័ន្ន គឺមានលក្ខណៈខុសពីទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) និងសហគ្រាសសង្គម (SE)។ ខុសគ្នាត្រង់ថា អាជីវកម្មបរិយាប័ន្ន មានទំនួលខុសត្រូវខ្ពស់ ជាពិសេសលើវិសាលភាពនៃការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សង្គម និងភាពជោគជ័យរបស់អាជីវកម្មផ្ទាល់ បើធៀបទៅនឹងការឧបត្ថម្ភ ឬបរិច្ចាគទំហំប្រាក់ចំណូលរបស់សាជីវកម្ម ឬសហគ្រាសសង្គម។ ភាពខុសគ្នាផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម និងអាជីវកម្មបរិយាប័ន្ន គឹស្ថិតត្រង់លក្ខណៈវិសេសរបស់អាជីវកម្មបរិយាប័ន្នផ្ទាល់ ដែលក្រៅពីផ្តោតភាពជោគជ័យនៃអាជីវកម្ម គឺការផ្តល់វិសាលភាពធំធេងដល់សង្គមមានលក្ខណៈជាប្រព័ន្ធ។ ជាក់ស្ដែង ការសិក្សាគួរឱ្យកត់សម្គាល់មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ថា វាជាភាពចាំបាច់មួយក្នុងការជំរុញសហគ្រាសសង្គមឱ្យក្លាយជាអាជីវកម្មបរិយាប័ន្ននៅថ្ងៃអនាគត។
អាជីវកម្មបរិយាប័ន្នខុសពីអាជីវកម្មគោល ៖ ភាពខុសគ្នានៃអាជីវកម្មបរិយាប័ន្ន និងអាជីវកម្មគោល ស្ថិតលើភាពជាក់លាក់ក្នុងការនាំមកនូវភាពវិជ្ជមានជូនដល់សង្គម និងក្រុមមនុស្ស BoP / B40 ។ គ្រប់ក្រុមហ៊ុន អាជីវកម្មបរិយាប័ន្ន ត្រូវតែជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ (ផ្នែកពន្ធដារ ការប្រកាន់ខ្ជាប់ទៅនឹងកិច្ចការពារផលប្រយោជន៍សង្គម និងបរិស្ថាន ការគោរពគោលការណ៍អភិបាលកិច្ចសាជីវកម្មបានល្អ) ប៉ុន្តែមិនមែនក្រុមហ៊ុនទូទៅទាំងឡាយដែលមានទំនួលខុសត្រូវ ត្រូវបានចាត់ទុកថាជាប្រភេទអាជីវកម្មបរិយាប័ន្នដោយស្វ័យប្រវត្តិនោះទេ។ អាជីវកម្មបរិយាប័ន្ន ក៏មានភាពខុសប្លែកពីការវិនិយោគសក្តានុពល ដោយសារអាជីវកម្មបរិយាប័ន្នផ្តោតជាសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាជនក្រីក្រ (និងផ្តោតតិចតួចប៉ុណ្ណោះលើបរិស្ថាន ឬធុរកិច្ចថ្មីខាងបច្ចេកវិទ្យា)។
អាជីវកម្មបរិយាប័ន្ន ត្រូវបានផ្តួចផ្តើមឡើងដើម្បីជួយផ្តល់ដំណោះស្រាយសង្គមសម្រាប់ប្រជាជននៅកម្រិតរបារពីរ៉ាមីត BoP និងទាមទារឱ្យមាននវានុវត្តន៍ខ្ពស់ ដើម្បីទទួលបានជោគជ័យ។
ផ្អែកតាមការផ្សព្វផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា ក្រុមហ៊ុន អាជីវកម្មបរិយាប័ន្នផ្លាស់ប្តូរសេដ្ឋកិច្ច ៖ ដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផលវិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់ រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ក្រុមហ៊ុនទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ច។
អាជីវកម្មបរិយាប័ន្នបង្កើតស្ថានភាព “ឈ្នះ ឈ្នះ ឈ្នះ” ចំពោះគ្រប់ភាគី – អាជីវកម្មបរិយាប័ន្ន ពិតជាបានជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែម ក៏ដូចជាការជួយដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗ សម្រាប់គ្រប់ភាគី រួមមាន៖
សម្រាប់រាជរដ្ឋាភិបាល – ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គម តាមរយៈការចូលរួម របស់វិស័យឯកជនុ។សម្រាប់ប្រជាជនក្រីក្រ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធនិងមាននិរន្តរភាព និងករណី អាជីវកម្ម។
សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់ – ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារ ថ្មីៗនិងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន។
ក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេងកម្ពុជាលើកទី២ និងពិធីសម្ពោធដាក់ឱ្យដំណើរការយុទ្ធនាការធុរកិច្ចបរិយាប័ន្ន និងគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់សេដ្ឋកិច្ចឌីជីថល កាលពីពេលកន្លងទៅនេះ ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឱ្យដឹងថា អាជីវកម្មបរិយាបន្ន គឺជាបន្ទាត់អាជីវកម្មស្នូលមួយដែលមានទាំងអាជីវកម្មខ្នាតតូច មធ្យម និងធំ ដែលមានផលវិជ្ជមានសំខាន់ដល់សង្គម និងមានផលចំណេញល្អដល់អាជីវកម្ម ក៏ដូចជាការចូលរួមចំណែកជាប្រព័ន្ធ និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម បណ្ឌិត បានលើកឧទាហរណ៍ថា៖ មានក្រុមហ៊ុននំកាឆាយ លតឆាមួយ បានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋក្រីក្រដាំដំណាំកាឆាយចំនួន ៣០០គ្រួសារ ដែលបានផ្គត់ផ្គង់កាឆាយដល់ក្រុមហ៊ុនជាប្រចាំ។ នេះជាគំរូអាជីវកម្មបរិយាបន្នមួយដ៏ល្អដែលអាចជួយដល់ជីវភាពប្រជាពលរដ្ឋក្រីក្រទទួលបានចំណូលសមរម្យ ហើយក៏ជាចំណែកមួយជួយទៅដល់សង្គមជាតិផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content