បរទេស ៖ យោងតាមប្រភពពីសារព័ត៌មានបរទេសមួយបានរាយការណ៍ថា វិស័យផលិតគ្រឿងអេឡិចត្រូនិករបស់វៀតណាមកំពុងរីកចម្រើន ហើយចក្ខុវិស័យរបស់ប្រទេសនេះកំពុងផ្តោតលើការធានាឱ្យបាននូវកន្លែងមួយនៅក្នុងទីផ្សារផលិតបន្ទះឈីប ឬ semiconductor របស់សកលដែលមានការប្រកួតប្រជែងខ្ពស់។
តាមការពិតទៅ វៀតណាម គឺជាប្រទេសផលិតគ្រឿងអេឡិចត្រូនិកមានឥទ្ធិពលមួយរួចទៅហើយ ដោយសារខ្លួននៅជិតប្រទេសចិន និងតម្លៃពលកម្មទាប ខណៈដែលភាគច្រើននៃប្រជាជនវៀតណាមមានមហិច្ឆតាក្នុងការខំប្រឹងរកលុយ។ លើសពីនេះ វៀតណាម សម្បូរប្រជាជនវ័យក្មេងអាយុក្រោម ៣៥ ឆ្នាំដែលមានអត្រា ៦៤ ភាគរយនៃចំនួនប្រជាជនសរុប ដែលធ្វើឱ្យខ្លួនងាយស្រួលក្នុងរៀបចំកម្លាំងពលកម្មទៅតាមប្រភេទ។ បន្ថែមពីនេះ គុណសម្បត្តិនៃប្រជាសាស្ត្រវៀតណាមបានផ្តល់នូវអត្ថប្រយោជន៍ចំនួនកម្លាំងពលកម្មទាំងបច្ចុប្បន្ន និងអនាគត ដែលផ្ទុយស្រឡះពីប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាពិភពលោកដែលភាគច្រើនមានវ័យចំណាស់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាមបានជំរុញបរិយាកាសអាជីវកម្មតាមរយៈការប្រើវិធីសាស្ត្រសកម្មដើម្បីទាក់ទាញការវិនិយោគបរទេស។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក វៀតណាមជាប់ចំណាត់ថ្នាក់ទី ៧០ ក្នុងចំណោមប្រទេស ១៩០ ដែលមានភាពងាយស្រួលក្នុងការធ្វើធុរកិច្ច។
យ៉ាងណាមិញ សព្វថ្ងៃនេះ វៀតណាម ក៏នៅតែមានភាពចន្លោះប្រហោង ខ្វះសមត្ថភាពក្នុងការផលិត និងប្រឈមនឹងឱនភាពនៃវិស្វករផ្នែកឈីប semiconductor រហូត ១០ ដងនៃតម្រូវការ។ យុទ្ធសាស្ត្ររបស់វៀតណាម ផ្តោតលើការទាក់ទាញការវិនិយោគពីបរទេស ១ ពាន់លានដុល្លារ ដូចជា Bac Gian fab ជាដើម ប៉ុន្តែគេកំពុងមានចម្ងល់អំពីនិរន្តរភាពយូរអង្វែងបើប្រៀបធៀបទៅនឹងអ្នកផលិត និងវិនិយោគក្នុងវិស័យនេះ ដូចជា សហរដ្ឋអាមេរិក ចិន និងអឺរ៉ុប ។ លើសពីនេះ ទិន្នផលផលិតកម្មរបស់វៀតណាមក្នុងចន្លោះ ៥០ ទៅ ៧០ ភាគរយ ត្រូវបានចាត់ទុកថា ជាការផលិតកម្រិតទាបនៅឡើយ បើទោះបីជាវៀតណាមនៅជិតចិនក៏ដោយ ប៉ុន្តែកម្លាំងពលកម្មក្នុងវិស័យផលិតឈីបរបស់ចិន គឺចំណាយខ្ពស់ខ្លាំង ដែលថ្លៃជាងកម្លាំងពលកម្មនៅវៀតណាម ២ ដង។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញប្រទេសឲ្យមានចំណែកមួយនៅក្នុងទីផ្សារផលិតគ្រឿងអេឡិចត្រូនិកពិភពលោក។ ក្នុងឆ្នាំ ២០២២ វៀតណាមបាននាំចេញគ្រឿងផលិតផលឈីប semiconductor ក្នុងតម្លៃ ៦០០ លានដុល្លារ ដែលភាគច្រើនប្រតិបត្តិការដំណើរការដោយក្រុមហ៊ុនបរទេស។ រដ្ឋាភិបាលវៀតណាមបានព្យាករណ៍ថា ឧស្សាហកម្មរបស់ប្រទេសនឹងមានតម្លៃចន្លោះពី ២០ ទៅ ៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
យោងតាមប្រភពដដែលបានគូសបញ្ជាក់ថា វៀតណាមផ្ទាល់មិនមែនជាអ្នកផលិត semiconductor នោះទេ ប៉ុន្តែវៀតណាមជាកន្លែងសម្រាប់វេចខ្ចប់ និងធ្វើតេស្តដែលត្រូវបានដំណើរការ និងគ្រប់គ្រងដោយក្រុមហ៊ុនបរទេស ដូចជា Intel និង Amkor។ យ៉ាងណាមិញ ក្រុមហ៊ុនក្នុងស្រុកសំខាន់ចំនួន ២ របស់ខ្លួនបានព្យាយាមពង្រីកចូលក្នុងវិស័យនេះគឺ FPT និង Viettel ។
រហូតមកដល់បច្ចុប្បន្ននេះ សមិទ្ធផលនៃវិស័យឈីប semiconductor គួរឱ្យកត់សម្គាល់បំផុតរបស់វៀតណាម គឺការវិនិយោគប្រហែល ១ ពាន់លានដុល្លារមកពីក្រុមហ៊ុន Hana Micron Vina Ltd របស់កូរ៉េខាងត្បូង ដែលបានសាងសង់រោងចក្រ Bac Gian Semiconductor fab នៅតំបន់ភាគខាងជើងវៀតណាម។ រោងចក្រនេះគ្រោងនឹងបើកនៅឆ្នាំ ២០២៤ នេះ ដោយមានមុខងារសម្រាប់វេចខ្ចប់ និងការធ្វើតេស្ត ដូច្នេះ នឹងមិនពាក់ព័ន្ធដោយផ្ទាល់ក្នុងការផលិតនោះទេ ប៉ុន្តែរោងចក្រនេះគឺជាជំហានចុងក្រោយដែលពឹងផ្អែកលើតម្រូវការកម្លាំងពលកម្មបន្ថែមទៀត មុនពេលបន្ទះឈីបចេញលក់នៅលើទីផ្សារ។ គេរំពឺងថា បន្ទះឈីបដែលនឹងត្រូវបានវេចខ្ចប់ និងតេស្តសាកល្បងនៅ Bac Gian នឹងក្លាយជាបន្ទះឈីបកម្រិតមធ្យមដែលប្រើក្នុងរថយន្ត និងឧបករណ៍ឆ្លាតវៃ មិនមែនបន្ទះឈីបដែលទំនើបក្រោម 5 nanometers នោះទេ។
ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមយ៉ាងសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល ត្រូវប្រឈមមុខនឹងឧបសគ្គសំខាន់ៗ ស្របពេលដែលប្រទេសនេះមានអត្រាបញ្ចប់ការសិក្សា STEM គួរឱ្យចាប់អារម្មណ៍ ៥២ ភាគរយ ប៉ុន្តែវាត្រូវការយ៉ាងហោចណាស់ ១០ ដងនៃចំនួនវិស្វករក្នុងវិស័យឈីបនាពេលបច្ចុប្បន្ននេះ។ នៅឆ្នាំ ២០២៤ នេះ សាកលវិទ្យាល័យចំនួន ៣៥ ក្នុងប្រទេសវៀតណាមផ្តល់វគ្គសិក្សាផ្នែកវិស្វកម្ម semiconductor ជាមួយនឹងផែនការចុះឈ្មោះសិស្សចំនួន ១ ០០០ នាក់ ដែលកើនឡើង ៣០ ភាគរយលើសពីឆ្នាំមុន។ គេប៉ាន់ស្មានថា វិស្វករនឹងចំណាយពេលយ៉ាងតិចបួនឆ្នាំដើម្បីបណ្តុះបណ្តាល។ ប្រសិនបើមិនមានការងារសម្រាប់និស្សិតបញ្ចប់ការសិក្សាទេ ពួកគេនឹងធ្វើអ្វីផ្សេងទៀត ហើយប្រសិនបើគ្មាននិស្សិតបញ្ចប់ការសិក្សាច្រើនពីផ្នែកនេះទេ ការវិនិយោគ semiconductor ទ្រង់ទ្រាយធំទំនងជាមិនអាចទៅរួចទេ។
រហូតមកដល់ពេលនេះ យុទ្ធសាស្ត្ររបស់វៀតណាគឺដើម្បីទាក់ទាញការវិនិយោគបរទេស ដើម្បីឲ្យពួកគេសាងសង់រោងចក្រ ឬជំរុញវិស័យផលិតគ្រឿងអេឡិចត្រូនិកក្នុងស្រុករបស់ខ្លួន។ អ្នកវិភាគចង្អុលលើកឡើងថា វិធីសាស្រ្តនេះទំនងជាមិនទទួលបានផ្លែផ្កាប៉ុន្មានទេ ដោយសារលក្ខណៈប្រកួតប្រជែងនៃឧស្សាហកម្ម ការពឹងផ្អែកលើបច្ចេកវិទ្យាទំនើប និងដើមទុនច្រើនដែលតម្រូវឱ្យចូលរួម។ យ៉ាងណាមិញ បណ្តាប្រទេសមួយចំនួនបានកោតសរសើរវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែង និងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផ្សព្វផ្សាយអំពីមហិច្ឆតារបស់ខ្លួនក្នុងវិស័យនេះ ប៉ុន្តែអ្នកវិនិយោគគួរតែបន្តដោយប្រុងប្រយ័ត្ន៕