សៀមរាប ៖ យោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប គិតត្រឹមសប្ដាហ៍កន្លងទៅនេះ មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ជាង ៨ ០០០បន្ទប់ បានបើកដំណើរការឡើងវិញ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

ទាក់ទងទៅនឹងការបើកដំណើរការសណ្ឋាគារ និងផ្ទះសំណាក់ឡើងវិញនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបង្ហាញការសាទរ និងក្ដីរំពឹងខ្ពស់ថា អនាគតរបស់វិស័យទេសចរណ៍នឹងរកឃើញភាពល្អប្រសើររបស់ខ្លួនបានឆាប់ៗឡើងវិញហើយ។ ទោះជាយ៉ាងណា លោកជំទាវបានរំលឹកផងដែរថា ការបើកឡើងវិញនេះនៅមិនទាន់អាចប៉ះប៉ូវនូវការខូចខាតក្នុងរយៈពេលជិត២ឆ្នាំមកនេះនៅឡើយទេ ដោយហេតុថាមានប្រទេសមួយចំនួននៅមិនទាន់បើកសេដ្ឋកិច្ចប្រទេសខ្លួននៅឡើយ។

លោកជំទាវបន្ថែមថា ៖ «តាមរយៈការប្រកាសបើកទេសចរណ៍ឡើងវិញរបស់រាជរដ្ឋាភិបាល ក៏ដូចជាការទម្លាក់ចោលនូវការធ្វើចត្តាឡីស័កនេះ បានធ្វើឲ្យសេវាករមានទឹកចិត្ត និងស្មារតីល្អក្នុងការងើបបើកទ្វារទទួលភ្ញៀវឡើងវិញ!»។
លោកជំទាវបានសង្កត់ធ្ងន់ថា វិស័យនេះនឹងទាមទារពេលវេលាមួយរយៈទៀតទើបអាចវិលត្រឡប់ទៅរកសភាពដើមវិញ គឺទម្រាំប្រទេសផ្សេងៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ានមានការបន្ធូរបន្ធយលើការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនពួកគេ។

លោកជំទាវបន្តរំលឹកផងដែរថា នឹងមានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្គាពួរ អ៊ែឡាញ និងថៃអ៊ែឡាញ ដឹកភ្ញៀវទេចរដោយផ្ទាល់ចូលមកខេត្តសៀមរាប។ ហេតុនេះ កម្ពុជាសង្ឃឹមថា ភ្ញៀវទាំងនោះនឹងទៅជួយដល់អាជីវកម្មទេសចរណ៍ ព្រមទាំងអាចស្ដារឡើងវិញបន្តិចម្ដងៗនូវវិស័យទាំងនេះ។ សូមរំលឹកផងដែរថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០២០កន្លងទៅ នៅទូទាំងប្រទេសមានសណ្ឋាគារចំនួន ២៥៩ ទីតាំង ស្មើនឹង ១៤ ៤៥៣ បន្ទប់ និងផ្ទះសំណាក់ចំនួន ២៩៤ ទីតាំង ស្មើនឹង ៣ ១៧១ បន្ទប់ បានបិទទ្វារជាបន្តបន្ទាប់។ ដោយឡែក វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី ៨០ភាគរយ ទៅដល់ ៩០ភាគរយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content