បរទេស៖ យោងតាមប្រភពព័ត៌មានពី ASEAN Briefing បានរាយការណ៍ថា ឥណ្ឌូណេស៊ី គឺជាប្រទេសអាស៊ានមុនដំបូងគេបង្អស់ដែលបានក្លាយជាសមាជិកពេញសិទ្ធិរបស់ក្រុមប្រទេស BRICS ហើយការផ្លាស់ប្តូរមួយនេះនឹងទទួលបានឱកាសសេដ្ឋកិច្ចមួយចំនួនដែលអាចសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
ដើម្បីបង្កើនមហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន ឥណ្ឌូនេស៊ី បានចូលរួមជាមួយក្រុមសម្ព័ន្ធភាពសេដ្ឋកិច្ច BRICS ដែលមានសមាជិកជាប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ការអភិវឌ្ឍន៍របស់ BRICS មានភាពសមស្របគ្នានឹងគោលដៅមហិច្ឆិតារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ក្នុងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៨ ភាគរយ ដែលជាគោលដៅធ្វើឲ្យឥណ្ឌូណេស៊ីមានឈ្មោះក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់ពិភពលោក។ ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ីចូលរួមជា BRICS Plus ដែលជាសម្ព័ន្នពង្រីករបស់ BRICS ។ តាមរយៈការចូលរួមនេះ ឥណ្ឌូណេស៊ីអាចបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតនៅលើឆាកអន្តរជាតិ ទាក់ទាញការវិនិយោគ និងទទួលបានឱកាសថ្មីៗផ្នែកសេដ្ឋកិច្ច។ ការចូលរួមរបស់ឥណ្ឌូណេស៊ីនៅក្នុង BRICS គឺមិនត្រឹមតែផ្តោតលើភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងធានានូវសម្ព័ន្ធភាព និងកំណែទម្រង់រចនាសម្ព័ន្ធដែលខ្លួនត្រូវការផងដែរ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន។ ស្របពេលដែលឥណ្ឌូណេស៊ីអាចទទួលបានផលប្រយោជន៍ក្នុងការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែក៏អាចជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនផងដែរ។
បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរបស់ BRICS មានចំណែកប្រហែល ២៤ ភាគរយនៃពាណិជ្ជកម្មសកល ខណៈដែលមានចំណែក ២៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ដែលធ្វើឱ្យសម្ព័ន្នភាពមួយនេះក្លាយជាកម្លាំងដ៏សំខាន់នៅក្នុងសក្ដានុពលសេដ្ឋកិច្ចពិភពលោក។ ក្នុងឆ្នាំ ២០២២ BRICS បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ប្រហែល ២៨ ភាគរយសម្រាប់បណ្តាប្រទេសទូទាំងពិភពលោក។ ដូច្នោះហើយ ការចូលរួមរបស់ឥណ្ឌូនេស៊ីនឹងពង្រឹងជំហររបស់ខ្លួនបន្ថែមទៀត ដោយទទួលបាននូវវេទិកាមួយដើម្បីចូលរួមក្នុងពាណិជ្ជកម្មពហុភាគី ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ដែលទាំងអស់នេះមានសារៈសំខាន់ក្នុងការសម្រេចបាននូវគោលដៅកំណើន GDP ៨ ភាគរយរបស់ខ្លួន។
រដ្ឋបាលរបស់ប្រធានាធិបតី Prabowo ទទួលស្គាល់ថា កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពទាមទារភាពជាដៃគូពាណិជ្ជកម្មចម្រុះ និងការបង្កើនការវិនិយោគបរទេស។ សមាជិកភាព BRICS អាចផ្តល់ឱកាសឱ្យឥណ្ឌូនេស៊ីចូលទៅកាន់ទីផ្សារនៅអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ដែលស្របទៅនឹងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងធំៗដូចជា ផ្លូវថ្នល់ កំពង់ផែ និងផ្លូវដែក គឺជាកត្តាជំរុញដ៏សំខាន់នៃគោលដៅកំណើនរបស់ឥណ្ឌូនេស៊ី។ សមាជិកភាពនៅក្នុង BRICS អាចបើកផ្លូវសម្រាប់ការទទួលបានហិរញ្ញប្បទានតម្លៃទាបតាមរយៈធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមប្រទេសជាសមាជិក។
លើសពីនេះ BRICS បម្រើជាវេទិកាមួយសម្រាប់ឥណ្ឌូណេស៊ីដើម្បីដណ្តើមយកផលប្រយោជន៍របស់សកលលោកខាងត្បូង។ តាមរយៈការសហការជាមួយប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនផ្សេងទៀត ទីក្រុងហ្សាការតាចង់ពង្រីកឥទ្ធិពលលើគោលនយោបាយសកលដែលគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព ការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌ និងការទទួលបានបច្ចេកវិទ្យា ដែលជាធាតុសំខាន់ក្នុងការសម្រេចបាននូវគោលដៅកំណើនតាមមហិច្ឆតារបស់ខ្លួន។ ស្របពេលដែល BRICS មានចំណែកជិតមួយភាគបីនៃ GDP សកល សមាជិកភាពបង្កើនភាពទាក់ទាញរបស់ឥណ្ឌូនេស៊ីក្លាយជាគោលដៅវិនិយោគ។ តាមរយៈការប្រើប្រាស់ភាពជាដៃគូក្នុងប្លុក ឥណ្ឌូនេស៊ីអាចជំរុញវិស័យផ្សេងៗដូចជា ថាមពល ផលិតកម្ម និងបច្ចេកវិទ្យា ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើន GDP ។ ក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីជាមួយបណ្តាប្រទេស BRICS ឈានដល់ប្រមាណ ១៥០ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ប្លុកនេះក្នុងនាមជាដៃគូពាណិជ្ជកម្ម។ ដូច្នោះហើយ ការពង្រីកពាណិជ្ជកម្មនេះគឺមានសារៈសំខាន់សម្រាប់ការនាំចេញរបស់ឥណ្ឌូណេស៊ី ដើម្បីសម្រេចបាននូវកំណើនរបស់ខ្លួន។ ការនាំចេញសំខាន់ៗរបស់ឥណ្ឌូនេស៊ីទៅកាន់ប្រទេស BRICS រួមមាន: ប្រេងដូង, ធ្យូងថ្ម, ឧស្ម័នធម្មជាតិ, កៅស៊ូ។ ការនាំចូលរបស់ឥណ្ឌូនេស៊ីពឹងផ្អែកលើ BRICS មានដូចជា៖ គ្រឿងម៉ាស៊ីនអេឡិចត្រូនិច និងគីមី។
មិនត្រឹមតែប៉ុណ្ណោះ សមាជិកភាពនៅក្នុង BRICS ធ្វើឱ្យឥណ្ឌូនេស៊ីទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយប្រទេសជាសមាជិក។ BRICS មានគំនិតផ្តួចផ្តើមសហការគ្នាក្នុងថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត និងឌីជីថលនីយកម្ម ដែលអាចជួយឲ្យទំនើបកម្មឧស្សាហកម្មរបស់ ឥណ្ឌូនេស៊ីបង្កើនផលិតភាព និងការប្រកួតប្រជែង។ ការពង្រីកពាណិជ្ជកម្មនៅក្នុង BRICS អនុញ្ញាតឱ្យឥណ្ឌូនេស៊ីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារលោកខាងលិចដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ការចូលរួមរបស់ឥណ្ឌូនេស៊ីទៅក្នុង BRICS គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រមួយ ដើម្បីឆ្ពោះទៅរកគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុក (GDP) ៨ ភាគរយ។ តាមរយៈការប្រើប្រាស់ឱកាសសេដ្ឋកិច្ច និងភាពជាដៃគូដែលផ្តល់ដោយ BRICS ឥណ្ឌូនេស៊ីអាចពន្លឿនរបៀបវារៈនៃការអភិវឌ្ឍន៍របស់ខ្លួន ធ្វើពិពិធកម្មពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគសំខាន់ៗ។ ទោះជាយ៉ាងណាក្តី ភាពជោគជ័យនឹងអាស្រ័យលើសមត្ថភាពរបស់ទីក្រុងហ្សាកាតាក្នុងការអនុវត្តការកែទម្រង់រចនាសម្ព័ន្ធ ទប់ទល់នឹងភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយ និងធានាថាសមាជិកភាពរបស់ខ្លួននៅក្នុង BRICS អាចប្រែទៅជាប្រាក់ចំណេញសេដ្ឋកិច្ចពិតប្រាកដ។ នៅពេលដែលឥណ្ឌូនេស៊ីចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ ការចូលរួមយ៉ាងសកម្មរបស់ខ្លួននៅក្នុង BRICS នឹងមានសារៈសំខាន់ក្នុងការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខ្លួន ខណៈពេលដែលរួមចំណែកដល់ចក្ខុវិស័យរបស់ប្លុកនេះប្រកបដោយសមភាព៕