បច្ចុប្បន្ននេះ នៅក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល កម្លាំងពលកម្មរបស់ស្ត្រីមាន៧៩% និងមានស្ត្រី៦១%ជាម្ចាស់អាជីវកម្ម និងជាអ្នកធ្វើជំនួញ ដែលនេះជាអាត្រាខ្ពស់ក្នុងតំបន់។ របាយការណ៍នៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ បានឱ្យដឹងថា កម្ពុជានៅលំដាប់ថ្នាក់លេខ៤១ ក្នុងចំណោមប្រទេស ១៤៦ ដែលមានស្ត្រីចូលរួមក្នុងកម្លាំងពលកម្ម លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ នេះបើតាមរបាយការណ៍ពីក្រសួងកិច្ចការនារីកម្ពុជា។
ថ្មីៗនេះផងដែរ ធនាគារពិភពលោកបានវាយតម្លៃថា កម្ពុជាស្ថិតក្នុងប្រទេស ដែលមានចំណាត់ថ្នាក់ល្អបំផុតលើការផ្ដល់សេរីភាពដល់ស្ត្រីក្នុងការចាប់ផ្ដើម និងកំពុងធ្វើធុរកិច្ច។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ សហគ្រិនស្ត្រីកម្ពុជាចំនួន៥០នាក់ បានទទួលពានរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ាន។
អ្នកនាង ប៉ោង ជូ គឺជាសហគ្រិនស្រីមួយរូបដែលធ្វើការលើផ្នែកប្រឹក្សាយោបល់លើអាជីវកម្ម គណនី និងពន្ធដារក្នុងអាជីវកម្ម ហើយក៏ជាជ័យលាភីសហគ្រិនស្ត្រីអាស៊ានឆ្នើមផងដែរ។ ក្នុងដំណើរដ៏វែងឆ្ងាយ ទម្រាំអាចទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ អ្នកនាង ប៉ោ ជូ បានជំនះនូវឧបសគ្គជាច្រើន ដែលស្ត្រីទូទៅតែងជួបប្រទះ។ ឧបសគ្គដ៏ចម្បងដែលអ្នកនាង តែកត់សម្គាល់ឃើញគឺ ភារកិច្ចជាមេផ្ទះរបស់ស្ត្រីគ្រប់រូប។ ភារកិច្ចមួយ នេះហើយ ដែលរារាំងស្រ្តីមិនឱ្យពួកគេដើរបានវែងឆ្ងាយនៅក្នុងការបង្កើនប្រាក់ចំណូលដោយខ្លួនឯង។
អ្នកនាងបានឱ្យដឹងថា នៅក្នុងវិស័យជំនួញ ស្ត្រីមានការលំបាកជាងបុរសទ្វេដង ដោយទោះជាយ៉ាងណា ឬក្នុងកាលៈទេសៈណា ស្ត្រីក៏មិនអាចបោះបង់ចោលនូវភារកិច្ចជាមេផ្ទះដែរ។ ដោយឃើញនូវ មូលហេតុនេះហើយ ទើបអ្នកនាងបង្កើតអាជីវកម្មឡើង ដែលមិនត្រឹមតែជួយខ្លួនឯង តែក៏ជួយស្ត្រី ដទៃទៀតឱ្យមានការងារធ្វើ ហើយក៏នៅអាចបំពេញតួនាទីជាមេផ្ទះបានផងដែរ។
លោកស្រី ចៅ លន់មូលីកា ឯណោះ ដែលជាសហគ្រិនស្ត្រីមួយរូបដែរ ក៏បានបង្ហាញនូវការលំបាក ផ្សេងៗ ដែលស្រដៀងទៅនឹងអ្នកនាង ប៉ោ ជូ ផងដែរ។
លោកស្រីបានឱ្យដឹងថា៖
“ដើម្បីអាចធ្វើអាជីវកម្មបានមកដល់សព្វថ្ងៃ ដោយមិនប៉ះពាល់ដល់តួនាទី ជាមេផ្ទះ គឺត្រូវចេះគ្រប់គ្រងពេលវេលាឱ្យល្អ ពេលវេលាណាដែលយើងត្រូវធ្វើការ ពេលវេលាណាដែល យើងត្រូវទុកឱ្យគ្រួសារ ហើយក៏ត្រូវមានមួយចំណែកតូចសម្រាប់ខ្លួនឯងដែរ។”
លោកស្រី បានបង្ហាញមោទនភាពក្នុងនាមជាស្ត្រី ដែលមានការងាររាប់រយជំពូក ក៏ប៉ុន្តែនៅតែអាច គ្រប់គ្រង និងដោះស្រាយបាន ហើយលោកស្រីជឿថាមិនមែនមានតែលោកស្រីម្នាក់នោះទេ។
រហូតដល់បច្ចុប្បន្ន លោកស្រីក៏បានកត់សម្គាល់ឃើញពីសម្ទុះរបស់ក្មេងស្រី និងស្ត្រីមានគ្រួសារជាដើម មានការប្រឹងប្រែង និងផ្លាស់ប្ដូរការគិតរបស់ពួកគេ ពីការរស់នៅពឹងលើស្វាមី ទៅជាមនុស្សស្រីដែល មានឯករាជ្យភាពលើហិរញ្ញវត្ថុ។ ដែលការវិវត្តទាំងនេះហើយ ដែលធ្វើឱ្យស្ត្រីអាចរស់នៅស្មើភាពគ្នា ជាមួយបុរស និងជាពិសេសមិនរងការប្រមាថមើលងាយពីដៃគូរជាដើម។
ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនានេះ សហគ្រិនស្ត្រីទាំងពីររូបខាងលើ បានបង្ហាញការអបអរ ទៅដល់ស្ត្រីទាំងឡាយដែលតស៊ូ ជំនះនូវឧបសគ្គផ្សេងៗ ដើម្បីរកលំនឹងឱ្យខ្លួនឯង ព្រមទាំងលើកទឹកចិត្តដល់ស្ត្រីដទៃទៀត ឱ្យខិតខំបន្ថែមដើម្បីសង្គមមួយដែលមានសមភាពយេនឌ័រ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content