ជារឿងប្រកែកមិនបានដែលថាវិស័យទេសចរណ៍ជាវិស័យរងគ្រោះធ្ងន់ធ្ងរមួយបង្កឡើងដោយជំងឺកូវីដ១៩។ រហូតមកដល់បច្ចុប្បន្ន ថ្វីត្បិតថាបញ្ហាកូវីដបានធូរស្រាលទៅហើយក្ដី ប៉ុន្តែបញ្ហាដែលចូលមកជំនួសនាពេលនេះគឺភាពអសន្តិសុខរបស់ពិភពលោក និងវិបត្តិសេដ្ឋកិច្ចជាសកល។
ប្រទេសដែលពឹងផ្អែកលើចំណូលពីវិស័យទេសចរណ៍ ដូចជាប្រទេសថៃជាដើម ពេលនេះកំពុងតែពង្រឹងវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ តាមរយៈការបន្ថែមកញ្ចប់សេវាកម្ម និងការអនុគ្រោះផ្សេងៗ។និយាយដោយឡែក សម្រាប់កម្ពុជា ក៏កំពុងតែពង្រឹងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង ការបើកឱ្យប្រើប្រាស់លើកដំបូងនៃព្រលានយន្ដហោះអន្តរជាតិសៀមរាបជាដើម សុទ្ធសឹងតែជាចំណុចទាក់ទាញលើវិស័យទេសចរណ៍។ ប៉ុន្តែអ្វីដែលទាមទារឱ្យមានការចូលរួមដោះស្រាយ ដើម្បីអាចទាញចំណាប់អារម្មណ៍អ្នកទេសចរនោះគឺការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយនេះគឺសំដៅលើការចែកចាយរូបភាពស្រស់ស្អាតពីកម្ពុជាឱ្យបានច្រើនទៅកាន់ពិភពលោក។ នេះបើតាមប្រសាសន៍របស់លោក ហួរ ជួប មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ។

ស្ថិតក្នុងសម្លៀកបំពាក់មគ្គទ្ទេសក៍ទេសចរណ៍ ដែលមានអាវពណ៍គគី និងខោសាច់ក្រណាត់ពណ៍ខ្មៅ លោក ហួរ ជួប កំពុងមមាញឹករៀបរាប់ប្រាប់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ពីចំណុចពិសេសនៃខេត្ត សៀមរាប។
បើទោះបីជាសព្វថ្ងៃនេះរំហូរនៃភ្ញៀវទេសចរចូលមកកម្ពុជានៅមិនទាន់ត្រឡប់ទៅរកប្រហាក់ប្រហែលនៃឆ្នាំ២០១៩ក៏ពិតមែន ប៉ុន្តែមគ្គុទ្ទេសក៍សម្បុរស្រអែមរូបនេះនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការវិលត្រឡប់មកវិញរបស់ភ្ញៀវ។ ប៉ុន្តែក៏មិនមែនអង្គុយរង់ចាំដោយមិនធ្វើអ្វីសោះនោះដែរ ដោយលោក ហួរ ជួប បានរៀបរាប់ថា អ្វីដែលអាចធ្វើបាននៅពេលនេះគឺរួមគ្នាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ឱ្យបានកាន់តែច្រើន។ ប្រទេសកម្ពុជាមានតំបន់ស្អាតៗច្រើនណាស់ ប៉ុន្តែការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ ។
ក្រៅពីការជូនភ្ញៀវដើរទស្សនាតាមតំបន់ទេសចរណ៍ និងនិទានពីរឿងហេតុរបស់តំបន់នោះ មគ្គទ្ទេសក៍ទេសចរណ៍រូបនេះតែងតែថតរូបស្អាតៗជូនភ្ញៀវទេសចរដោយមិនចាំបាច់គេពឹងឡើយ។ លោកមានជំនឿថា ការធ្វើបែបនេះ មិនត្រឹមតែបង្កើតរូបភាពស្អាតៗជូនភ្ញៀវទេសចរលើទឹកដីកម្ពុជានោះទេ ប៉ុន្តែក៏ជាការយកចិត្តទុកដាក់ចំពោះភ្ញៀវដែរ។
លោក ហួរ ជួប បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ៖ «ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍ ខ្ញុំមិនដែលប្រកាន់ថាភ្ញៀវនោះជាជាតិសាសន៍អ្វី មាន ឬក្រនោះទេ អ្វីដែលខ្ញុំតែងតែប្រកាន់ខ្ជាប់គឺធ្វើឱ្យភ្ញៀវគ្រប់ រូបជាប់ចិត្តជាមួយយើង និយាយទៅគឺយកបេះដូងភ្ញៀវឱ្យបាន។ ម្យ៉ាងទៀត ការចូលរួមពីសេវាករក៏ជារឿងសំខាន់ផងដែរ ព្រោះទឹកមុខរួសរាយ ញញឹមរាក់ទាក់ និងសេវាកម្មដែលមានគុណភាព នឹងក្លាយជាចំណុចទាក់ទាញដ៏ល្អមួយ»។

យោងតាមរបាយការពីក្រសួងទេសចរណ៍ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០។ យ៉ាងណាមិញ កាលពីពេលកន្លងទៅ ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍និតិកាលទី ៦ បានបង្ហាញក្ដីរំពឹងក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ៥លាននាក់នៅឆ្នាំ២០២៣នេះ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content