ភ្នំពេញ ៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងពង្រីកផ្ទៃដីដាំដុះដំណាំដូងឱ្យបានលើសពី ២០,១៦៩ហិកតា ដែលជាផ្ទៃដីកំពុងថែទាំ និងប្រមូលផលដូងសព្វថ្ងៃ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ បច្ចុប្បន្ន មានសិប្បកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាចំនួន ១៥ កំពុងដំណើរការយ៉ាងរលូន ក្នុងការកែច្នៃផ្លែដូង ដើម្បីផលិតជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផលិតជានំចំណី និងគ្រឿងសំអាងផងដែរ។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ឯកឧត្ដម ហេង សុគង់ បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា សព្វថ្ងៃនេះ សិប្បកម្មទាំង ១៥ បាន និងដំណើរការជាមួយនឹងដើមទុនសរុប ៤៥៦.២៤៥ ដុល្លារអាមេរិក ដែលភាគច្រើនសិប្បកម្ម ផលិតចេញជា ស្ករគ្រាប់ដូង នំដូង ប្រេងដូងត្រជាក់ ចាហ៊ួយដូង មីដូង សាប៊ូដូង និងខ្ទិះដូង ច្រកដាក់កំប៉ុងសម្រាប់លក់នៅលើទីផ្សារក្នុងស្រុក។

ក្រៅពីផលិតផលគ្រឿងទេស គ្រឿងលំអរ គ្រឿងសំអាង និងនំចំណី វត្ថុធាតុដើមចេញពីស្រកីដូង និងផ្លែដូងទុំ ក៏ត្រូវបានម្ចាស់សិប្បកម្មកែច្នៃទៅជារបស់ប្រើប្រាស់ផ្សេងៗទៀតដែរ ដូចជា ស្រកីដូង ត្រូវបានផលិតទៅជាជីសរីរាង្គ ហើយត្រឡោកដូង ផលិតទៅជាធ្យូងអនាម័យជាដើម។ ប៉ុន្ដែឯកឧត្ដម ហេង សុគង់ បញ្ជាក់ថា បរិមាណ នៃការកែច្នៃទាំងនេះសម្រាប់តែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះ មិនទាន់មានសិប្បកម្ម ឬក្រុមហ៊ុនណាមួយមានលទ្ធភាពកែច្នៃនាំចេញទៅក្រៅប្រទេសនៅឡើយទេ។
ចំពោះតួលេខកែច្នៃដូងស្រស់នាំចេញទៅប្រទេសចិន និងស្ថានភាពនៃដំណើរការចង្វាក់ផលិតកម្មដូងស្រស់ ស្ថិតនៅក្នុងស្ថានភាពបែបណានោះ ឯកឧត្ដម ហេង សុគង់ បញ្ជាក់ថា ការកែច្នៃទឹកដូងស្រស់នេះ មិនស្ថិតនៅក្រោមការចុះបញ្ជី ឬគ្រប់គ្រងដោយក្រសួងឧស្សាហកម្មនោះទេ គឺស្ថិតនៅលើក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះជាយ៉ាងណា ឯកឧត្ដម ថា ការផ្គត់ផ្គង់ដូងចូលក្នុងចង្វាក់ផលិតកម្មនីមួយៗពិតជាមានសារៈសំខាន់ ដើម្បីធានាដល់ដំណើរការទៀងទាត់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ជុំវិញបញ្ហានេះ អ្នកជំនាញកសិកម្ម និងសេដ្ឋកិច្ច ធ្លាប់បានបង្ហើបថា ផលិតភាពដូងស្រស់ចូលរោងចក្រ និងសិប្បកម្មធំៗ ដើម្បីកែច្នៃនាំនាំចេញនៅមានការខ្វះខាត ជាពិសេសនៅរដូវប្រាំង។ ប៉ុន្ដែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ថា កម្ពុជា កំពុងជំរុញឱ្យមានការដាំដុះដំណាំដូងបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការកែច្នៃនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៥ កម្ពុជា បាននាំចេញដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិនបានចំនួន ៤៣១តោន ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content