រាជធានីភ្នំពេញ៖ កិច្ចសហប្រតិបត្ដិការកម្ពុជា-ជប៉ុន បានឈានដល់របត់ថ្មីមួយនៃការបោះជំហានពីទំនាក់ទំនងបែបប្រពៃណីដែលគេធ្លាប់មើលឃើញថា គ្រាន់តែជាសកម្មភាពផ្ដល់ និងទទួលជំនួយ ទៅកាន់គំរូសេដ្ឋកិច្ចរីកចម្រើនឆ្លាតវៃ ក្រោមយុទ្ធសាស្ដ្រ “Co-Creation”។
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា មន្ត្រីតំណាងរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងតំណាងអង្គការដៃគូក្រៅរដ្ឋាភិបាល បានរៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារ Raffles hotel Le Royal ដើម្បីពិភាក្សាលម្អិតលើប្រធានបទ៖ “ការបង្កើតរួមគ្នា ឬ Co-Creation ក្នុងនាមជាដៃគូយូរអង្វែងរវាងកម្ពុជា-ជប៉ុន ឆ្ពោះទៅរកអនាគតរួមគ្នា”។
ទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ ឯកឧត្ដម ពូ សុធីរៈ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន AMS នៅក្រោយបញ្ចប់កម្មវិធីសិក្ខាសាលាភ្លាមៗថា វាជាឱកាសរបស់មន្ដ្រី និងភាគីពាក់ព័ន្ធរបស់ជប៉ុន -កម្ពុជា បានជួបពិភាក្សា និងចែករំលែកបទពិសោធន៍គ្នា ដើម្បីរឹតចំណងមេត្រីភាព កិច្ចសហការល្អដែលប្រទេសទាំងពីរបានយល់ព្រមជាមួយគ្នាក្នុងការលើកកម្រិតកិច្ចសហប្រតិបត្ដិការស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២៣ ហើយឈានដល់ការដាក់ចេញយុទ្ធសាស្ដ្រ “បង្កើតរួមគ្នា” នៅឆ្នាំ២០២៥។

ឯកឧត្ដម ពូ សុធីរៈ យល់ឃើញថា កម្ពុជា ពិតជាសម្រេចចិត្ដត្រូវដោយចាប់ដៃជាមួយប្រទេសជប៉ុន ដើម្បីបង្កើតកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ក្នុងក្របខណ្ឌ “Co- Creation” គឺជារឿងល្អបំផុតសម្រាប់ខ្មែរ ព្រោះលោកមិនទាន់ឃើញកម្ពុជាចាប់ដៃជាមួយប្រទេសណាផ្សេង ហើយអនុវត្ដនូវយុទ្ធសាស្ដ្រល្អបែបនេះនៅឡើយទេ។ ដូច្នេះ កម្ពុជា ត្រូវតែមានភាពឈ្លាសវៃ និងមានភាពបត់បែនខ្ពស់ ដោយរកដៃគូអភិវឌ្ឍសេដ្ឋកិច្ចណាមួយ ដើម្បីកុំឱ្យកម្ពុជាជាប់គាំងនៅក្នុងវិវាទរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ច។
ចំណែកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៉ីស៉ីហ្ស៊ីគិ ហ៊ីដេអុ បានបញ្ជាក់ថា ប្រទេសកម្ពុជា និងជប៉ុន មានដំណើរសេដ្ឋកិច្ចប្រកួតប្រជែងស្រដៀងគ្នា ដែលត្រូវពង្រឹងខ្លួនទៅកាន់បច្ចេកវិទ្យាទំនើប ហើយអាចប្រើប្រាស់បច្ចេកវិទ្យាបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការងារ និងអាជីវកម្មបានកាន់តែលឿនទៅមុខ។ លោកថា សមិទ្ធិផលសម្រេចបានកន្លងមក និងកំពុងអនុវត្ដយុទ្ធសាស្រ្ដសេដ្ឋកិច្ច បង្កើតរួមគ្នានេះ គឺផ្ដើមពីទំនុកចិត្ដកសាងអនាគតរួមគ្នា។
បទបង្ហាញពីតំណាងជាន់ខ្ពស់អង្គការ Jica ប្រចាំនៅកម្ពុជា អ្នកស្រី Miura Yoshiko បានឱ្យដឹងថា កិច្ចសហប្រតិបត្ដិការរវាងកម្ពុជា-ជប៉ុន ដែលហៅថា “បង្កើតរួមគ្នា ឆ្ពោះទៅអនាគតរួមគ្នា” ត្រូវបានកំណត់ឡើងក្នុងគោលដៅគន្លឹះចំនួន ៣ គឺទី១ រក្សាភាពជាដៃគូយូរអង្វែង ដោយកសាងទំនុកចិត្ដគ្នាទៅវិញទៅមក ទី២ បង្កើតកិច្ចសហប្រតិបត្ដិការបើកទូលាយ និងទី៣ បង្កើតវិធីសាស្ដ្ររួមបញ្ចូលគ្នា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងបទបង្ហាញដដែលនេះ ក៏បានរំលេចអំពីសកម្មភាពអភិវឌ្ឍក្រោមជំនួយផ្លូវការ(ODA)របស់ជប៉ុន។ មានដូចជា ជំនួយលើការអភិវឌ្ឍន៍វិស័យធ្វើដំណើរ និងដឹកជញ្ជូន ប្រព័ន្ធធារាសាស្ដ្រ កសិកម្ម និងអភិវឌ្ឍជនបទ អប់រំ អភិវឌ្ឍធនធានមនុស្ស សុខាភិបាល ទឹកស្អាត អនាម័យ និងពង្រឹងអភិបាលកិច្ចរដ្ឋបាលសាធារណៈ និងផ្នែកឯកជន។
តាមរយៈវេទិកាតុមូលដែលមានវាគ្មិនជាមន្ដ្រីជាន់ខ្ពស់កម្ពុជា និងពីភាគីជប៉ុន សរុបចំនួន ៤រូប សម្របសម្រួលដោយនាយកមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ បានលើកទស្សនៈ ចែករំលែកបទពិសោធន៍ និងដៅលើចំណុចអាទិភាពអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រកួតប្រជែងខ្លាំងលើភូមិសាស្ដ្រនយោបាយ និងសង្គ្រាមដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកពុំមានភាពប្រាកដប្រជា។
ចំណុចគន្លឹះទាំង៦ ពីសិក្ខាសាលារួមាន៖
ទី១. ពីទំនាក់ទំនងអ្នកផ្ដល់-អ្នកទទួល ឆ្ពោះទៅរកការបង្កើតថ្មីរួមគ្នា៖ ទំនាក់ទំនងទ្វេភាគីបានវិវត្តយ៉ាងពេញលេញទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ការយកចិត្តទុកដាក់បានផ្លាស់ប្តូរពីជំនួយអភិវឌ្ឍន៍បែបផ្លូវតែមួយ មកជាតម្លៃពាណិជ្ជកម្មទៅវិញទៅមក ការដោះស្រាយបញ្ហារួមគ្នា និងគោលដៅយុទ្ធសាស្ត្ររួមគ្នាវិញ។
ទី២. ស្វ័យភាពយុទ្ធសាស្ត្រតាមរយៈភាពជាដៃគូដែលទុកចិត្តបាន៖ ក្នុងបរិបទភូមិសាស្ត្រនយោបាយដែលបែងចែកជាបំណែកៗ ជប៉ុនដើរតួនាទីជាកម្លាំងទប់លំនឹងដ៏សំខាន់។ ការចាប់ដៃគូជាមួយតូក្យូជួយឱ្យកម្ពុជាអាចអនុវត្តយុទ្ធសាស្ត្រការពារហានិភ័យភូមិសាស្ត្រនយោបាយ ជៀសវាងការការពឹងផ្អែកខ្លាំងពេកលើមហាអំណាចណាមួយ និងការពារការសម្រេចចិត្តប្រកបដោយអធិបតេយ្យភាពរបស់ខ្លួន។
ទី៣. ការនាំចេញជំនាញ និងបទពិសោធន៍របស់កម្ពុជា៖ ភាពជោគជ័យនៃភាពជាដៃគូនេះត្រូវបានបង្ហាញតាមរយៈសមត្ថភាពថ្មីរបស់កម្ពុជា ក្នុងការចែករំលែកជំនាញដែលខ្លួនទទួលបានទៅកាន់ឆាកអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបោសសម្អាតមីនមនុស្សធម៌ ឥឡូវនេះត្រូវបានយកមកប្រើប្រាស់ដើម្បីបណ្តុះបណ្តាលបុគ្គលិកមកពីប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសនានានៅទ្វីបអាហ្វ្រិក។
ទី៤. សារៈសំខាន់នៃភាពជាដៃគូអន្តរជាតិ៖ ការងើបឡើងវិញយ៉ាងពេញលេញនៃវិស័យទឹកស្អាតទីក្រុងរបស់កម្ពុជា បង្ហាញថាការរួមបញ្ចូលគ្នារវាងជំនួយបច្ចេកទេសអន្តរជាតិ ជាមួយនឹងភាពជាម្ចាស់ផ្ទះនិងការដឹកនាំក្នុងស្រុក គឺផ្តល់នូវលទ្ធផលផ្លែផ្កាជាខ្លាំង។
ទី៥. ការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធ៖ កេរដំណែលរបស់ជប៉ុននៅកម្ពុជាគឺផ្តោតជាខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស។ អាហារូបករណ៍ ការស្រាវជ្រាវរួមគ្នា និងការអប់រំផ្អែកលើបន្ទប់ពិសោធន៍ បានពង្រឹងសមត្ថភាពដល់វិស្វករ និងអ្នកបង្កើតគោលនយោបាយជំនាន់ក្រោយរបស់កម្ពុជា ដើម្បីដឹកនាំស្ថាប័នផ្ទាល់ខ្លួន។
ទី៦. ទិសដៅថ្មីនៃការសហការ៖ បញ្ញាស្មារតីសិប្បនិម្មិត (AI) អនាម័យជនបទ និងសង្គមស៊ីវិល៖ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធទីក្រុងមានការរីកចម្រើនយ៉ាងខ្លាំង ការសហការគ្នានាពេលអនាគតត្រូវតែដោះស្រាយបញ្ហាប្រឈមថ្មីៗ។ ភារកិច្ចអាទិភាពដែលបានកំណត់រួមមាន ការចាប់យកបដិវត្តន៍ AI ការដោះស្រាយបញ្ហាខ្វះខាតអនាម័យធ្ងន់ធ្ងរនៅតាមតំបន់ជនបទនិងសហគមន៍លើទឹក និងការស្វែងរកមធ្យោបាយគាំទ្រ និងប្រាស្រ័យទាក់ទងជាមួយអង្គការសង្គមស៊ីវិល។
សូមរំលឹកជូនថា យុទ្ធសាស្ដ្រ “បង្កើតរួមគ្នា ឆ្ពោះទៅរកអនាគតរួមគ្នា” រវាងកម្ពុជា-ជប៉ុន បានផ្តួចផ្តើមឡើងក្នុងពេលដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីអំឡុងខែឧសភា ឆ្នាំ២០២៥។ កញ្ចប់កិច្ចសហប្រតិបត្ដិការនេះ មានមន្ត្រីពីក្រសួងជំនាញរបស់កម្ពុជាចំនួន ៣៣ រូប និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធជប៉ុន ដូចជាស្ថានទូតជប៉ុន និងអង្គការ JETRO ដើម្បីដោះស្រាយចម្ងល់របស់អ្នកវិនិយោគ ធ្វើការវាយតម្លៃជាទៀងទាត់លើការដ្ឋាន និងឱកាសវិនិយោគ ព្រមទាំងផ្តល់ការណែនាំបច្ចេកទេស និងការណែនាំទូទៅដល់វិនិយោគិនផងដែរ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content