បរទេស៖ អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ ស្របពេលដែលការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាកំពុងមានសន្ទុះខ្លាំងនៅសហរដ្ឋអាម៉េរិក ចិន និងប្រទេសមួយចំនួននៅអាស៊ី។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលផ្តោតលើវិស័យសេដ្ឋកិច្ចមួយនៅទីក្រុង Dublin ប្រទេសអៀរឡង់ លោកស្រី Georgieva បានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវរត់ឱ្យលឿនជាងមុនក្នុងវិស័យបច្ចេកវិទ្យា ដើម្បីការពារប្រព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន ខណៈបច្ចុប្បន្នអឺរ៉ុបកំពុងស្ថិតនៅពីក្រោយសហរដ្ឋអាម៉េរិក ចិន និងប្រទេសមួយចំនួនទៀតនៅអាស៊ី។
លោកស្រីបានលើកឡើងថា AI កំពុងនាំមកនូវទាំងឱកាសធំ និងហានិភ័យខ្ពស់ក្នុងពេលតែមួយ។ តាមការប៉ាន់ប្រមាណរបស់ IMF បច្ចេកវិទ្យានេះអាចជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោកបន្ថែមពី ០,១ភាគរយ ដល់ ០,៨ភាគរយ ប៉ុន្តែក៏អាចជះឥទ្ធិពលដល់ការងាររហូតដល់ ៦០ភាគរយនៅក្នុងប្រទេសជឿនលឿនផងដែរ។
ការផ្លាស់ប្តូរដែលបង្កឡើងដោយ AI នឹងតម្រូវឱ្យទីផ្សារការងារសម្របខ្លួនទៅនឹងជំនាញថ្មីៗ ហើយអាចធ្វើឱ្យគម្លាតប្រាក់ចំណូលរវាងក្រុមពលករកាន់តែរីកធំ។ លើសពីនេះ ប្រសិនបើការរំពឹងទុកអំពីប្រាក់ចំណេញពីការវិនិយោគលើ AI មិនសម្រេចបានតាមការរំពឹងទុក វាអាចបង្កឱ្យទីផ្សារហិរញ្ញវត្ថុប្រឈមនឹងការដួលរលំយ៉ាងឆាប់រហ័ស។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ លោកស្រី Georgieva បានស្នើឱ្យអឺរ៉ុបផ្តោតលើអាទិភាពសំខាន់ៗចំនួន៥។
អាទិភាពទីមួយ គឺវិស័យហិរញ្ញវត្ថុ ដោយត្រូវបង្កើនទុនវិនិយោគឯកជនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមថ្មី និងកាត់បន្ថយរបាំងចំពោះការវិនិយោគឆ្លងដែន។
ទីពីរ គឺវិស័យថាមពល ដោយត្រូវរៀបចំប្រព័ន្ធអគ្គិសនីឱ្យបានរួចរាល់ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលរបស់មជ្ឈមណ្ឌលទិន្នន័យ AI ដែលប្រើប្រាស់ថាមពលខ្ពស់ ហើយតម្រូវការនេះអាចកើនឡើងបីដងនៅត្រឹមឆ្នាំ២០៣០។
ទីបី គឺភាពបត់បែនរបស់ធុរកិច្ច ដោយត្រូវកាត់បន្ថយច្បាប់ និងបទប្បញ្ញត្តិស្មុគស្មាញ ដើម្បីសម្រួលដល់ការលូតលាស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា។
ទីបួន គឺទីផ្សារពលកម្ម ដោយត្រូវជួយបណ្តុះបណ្តាលជំនាញថ្មីៗ និងផ្តល់ការគាំទ្រដល់កម្មករនិយោជិតក្នុងការផ្លាស់ប្តូរមុខរបរ ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរដែលបង្កឡើងដោយ AI។
ទីប្រាំ គឺវិស័យសាធារណៈ ដោយរដ្ឋាភិបាលត្រូវធ្វើជាគំរូ តាមរយៈការយកបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលមកប្រើប្រាស់ក្នុងការផ្តល់សេវាសាធារណៈ។
ជាចុងក្រោយ លោកស្រី Georgieva បានសរសើរអឺរ៉ុបដែលមានច្បាប់ និងរបាំងការពារសុវត្ថិភាព AI ច្បាស់លាស់ ប៉ុន្តែលោកស្រីបានរំលឹកថា របាំងការពារមានន័យ លុះត្រាតែមានអ្វីដែលត្រូវការពារ។
លោកស្រីបានសង្កត់ធ្ងន់ថា ច្បាប់ និងបទប្បញ្ញត្តិត្រូវដើរទន្ទឹមគ្នាជាមួយសមត្ថភាពប្រកួតប្រជែង ហើយអឺរ៉ុបត្រូវធ្វើការសម្រេចចិត្តឱ្យបានឆាប់រហ័ស ប្រសិនបើចង់ឈរជើងក្នុងយុគសម័យបច្ចេកវិទ្យាថ្មីនេះ៕វតែដើរទន្ទឹមគ្នានឹងសមត្ថភាពប្រកួតប្រជែង ហើយអឺរ៉ុបត្រូវតែធ្វើការសម្រេចចិត្តឱ្យបានឆាប់រហ័សបំផុត ប្រសិនបើចង់ឈរជើងក្នុងយុគសម័យបច្ចេកវិទ្យាថ្មីនេះ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content