បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។
សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង ហាំងចូវ និងសៀងហៃ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលចិន ព្រមទាំងចូលទស្សនាក្រុមហ៊ុនបច្ចេកវិទ្យាចិនល្បីៗមួយចំនួនទៀត ដូចជា Unitree និង BrainCo ផងដែរ។
តាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់សភាអឺរ៉ុបបានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈកម្មាធិការ INTA ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ បើទោះបីជាខាងភាគីចិនសម្តែងកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះក៏ដោយ ប៉ុន្តែពួកគេក៏បានព្រមានសហភាពអឺរ៉ុបផងដែរពាក់ព័ន្ធទៅនឹងផែនការរឹតបន្តឹងការនាំចូលទំនិញពីចិន។ ទង្វើបែបនេះប៉ះពាល់ដល់ទំនុកចិត្តនៃកិច្ចចរចានាពេលកន្លងមក ជាពិសេស ផែនការការពារពាណិជ្ជកម្មអឺរ៉ុប ដោយកាត់បន្ថយការនាំចូលសារធាតុគីមី គ្រឿងសង្ហារិម និងគ្រឿងចក្រពីប្រទេសចិន ដែលគ្រោងអនុវត្តចាប់ពីត្រីមាសទី១ នៃឆ្នាំ២០២៧ ខាងមុខនេះ។
ជាការឆ្លើយតបទៅនឹងវិធានការរឹតបន្តឹងថ្មីៗទាំងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ភាគីចិន បានអំពាវនាវឲ្យសហភាពអឺរ៉ុបគោរពគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងចៀសវាងការប្រើប្រាស់ឧបករណ៍ពាណិជ្ជកម្មខុសគោលដៅ។ ការពង្រឹងកិច្ចសន្ទនា ការពិគ្រោះយោបល់ និងការរឹតចំណងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក គឺមិនត្រឹមតែបំពេញតាមផលប្រយោជន៍រួមនៃភាគីទាំងពីរនោះទេ ប៉ុន្តែវាក៏ជាការរំពឹងទុកទូទៅរបស់អាជីវកម្ម និងប្រជាជាតិទាំងសងខាងផងដែរ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៦រហូតមក កញ្ចប់ទំនិញតូចៗដែលមានតម្លៃទាបនាំចូលទៅកាន់សហភាពអឺរ៉ុបប្រឈមនឹងពន្ធគយបណ្តោះអាសន្នចំនួន ៣ អឺរ៉ូ (ប្រហែល ៣,៣៤ ដុល្លារ) ហើយតម្លៃសេវាបន្ថែមចំនួន ២ អឺរ៉ូទៀតនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះតទៅ ខណៈដែលកញ្ចប់ទំនិញប្រភេទតូចៗទាំងនេះមានប្រមាណ ៩៣ ភាគរយនៃទំនិញនាំចូលមកពីប្រទេសចិន៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content