ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានណែនាំឱ្យស្ថាបត្យករ និងវិស្វករ ត្រូវគិតគូរពីការគូសប្លង់ និងសាងសង់សំណង់ ជាពិសេសផ្ទះពលរដ្ឋរស់នៅឱ្យស្របទៅនឹងបរិយាកាស និងទំនៀមទម្លាប់ប្រពៃណីតាមតំបន់។
ថ្លែងនៅក្នុងពិធីបើកមហោស្រពស្ថាបត្យកម្មកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការសាងសង់ផ្ទះ ឬសំណង់នៅតាមតំបន់នីមួយៗ មិនសំដៅតែលើការគូសប្លង់ និងសាងសង់បានស្អាតនោះទេ ប៉ុន្តែត្រូវគិតគូរពីទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ដ្បិតថា សំណង់ស្ថាបត្យកម្មនៅតាមប្រទេសនីមួយៗមានភាពខុសៗគ្នា ហើយសូម្បីតែក្នុងប្រទេសតែមួយ ក៏សំណង់ស្ថាបត្យកម្មមានភាពខុសៗគ្នាទៅតាមតំបន់ផងដែរ ។

ឯកឧត្តមបានលើកជាឧទាហរណ៍ថា ៖ «នៅតំបន់ខ្លះពួកគាត់និយមងើបពីព្រឹកដើម្បីបំពេញការងារស្រែចម្ការ ហើយសម្រាកនៅពេលថ្ងៃក្ដៅ និងចាប់ផ្ដើមបញ្ចប់កិច្ចការងាររបស់ពួកគាត់វិញនៅពេលរសៀលទន់ទាប ហើយក៏បានចូលផ្ទះវិញនៅពេលល្ងាច ។ ដូច្នេះការសាងសង់ផ្ទះ ឬការរៀបចំផ្ទះសម្បែងរបស់ពួកគាត់ក៏ត្រូវតែឱ្យស្របនឹងបរិយាកាសដែលពួកគាត់រស់នៅដែរ ។ ផ្ទះត្រូវតែជាកន្លែងដ៏កក់ក្ដៅ រស់នៅសុខស្រួល នោះទើបធ្វើឱ្យពលរដ្ឋសប្បាយរីករាយ និងមានសុខភាពល្អ ហើយនៅពេលណាពលរដ្ឋមានសុខភាពល្អហើយនោះ នឹងអាចបំពេញការងារបានល្អ និងបានចូលរួមជំរុញសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ»។
ឯកឧត្តមបានបន្តទៀតថា ការគូសប្លង់ និងសាងសង់សំណង់លំនៅឋាន ក៏ដូចជាសំណង់នានានៅតាមតំបន់ផ្សេងៗទៀតក៏ត្រូវមានការគិតគូរដែរ ជាក់ស្ដែង ដូចជាសំណង់ដែលត្រូវសង់នៅតាមដងទន្លេ ត្រូវគូសប្លង់យ៉ាងណា ដើម្បីទាញយកខ្យល់ទន្លេចូលក្នុងផ្ទះ ឬក្នុងអគារបាន។
ឯកឧត្តមបានបញ្ជាក់ថា ៖ « ការគិតគូរពីស្ថាបត្យកម្មនៅតាមតំបន់នីមួយៗ ជាពិសេស នៅតាមតំបន់ជនបទ ឬតំបន់ទីប្រជុំជន គឺជាការគិតគូរពីមូលដ្ឋានសេដ្ឋកិច្ចមួយផងដែរ ។ បើសិនជាការរៀបចំសំណង់បានត្រឹមត្រូវ សំណង់ ឬផ្ទះ ដែលគួរឱ្យចង់រស់នៅនឹងធ្វើឱ្យពលរដ្ឋសប្បាយរីករាយជាមួយនឹងបរិយាកាសក្នុងមូលដ្ឋានរបស់ពួកគាត់ » ។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំផងដែរ ដល់ស្ថាបត្យករ និងវិស្វករ ដែលគូស និងសាងសង់ផ្ទះ ត្រូវគិតគូរពីអ្នកដែលមានឪពុកម្ដាយចាស់ៗ ខណៈបច្ចុប្បន្ននេះ ផ្ទះភាគច្រើនដែលបានសាងសង់នៅរាជធានីភ្នំពេញ មិនមានបន្ទប់សម្រាប់មនុស្សចាស់ៗនោះទេ ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ចង់សំដៅលើការសាងសង់ផ្ទះដោយមិនមានបន្ទប់នៅជាន់ក្រោមសម្រាប់មនុស្សចាស់ ព្រោះថា មនុស្សចាស់ៗ មិនអាចឡើងចុះជណ្ដើរបានស្រួលដូចមនុស្សពេញកម្លាំងទេ ដូច្នេះការរៀបចំបន្ទប់នៅចាន់ក្រោមផ្ទាល់ដីមួយសម្រាប់មនុស្សចាស់គឺជាការដែលគួរគិតគូរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា ផ្ទះមិនមែនត្រឹមតែជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែវាជាទីកន្លែងដែលកសាងជីវិតនៅទីនោះសម្រាប់ប្រជាជនគ្រប់រូប ដូច្នេះហើយត្រូវរៀបចំធ្វើយ៉ាងណាឱ្យប្រជាជនគ្រប់រូបមានផ្ទះរស់នៅសមរម្យ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់សន្សំទុក មានម្ហូបអាហារលើតុ អាចមានលទ្ធភាពឱ្យកូនៗទៅរៀន និងមានឱកាសសម្រាប់លំហែផងដែរ ៕









វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content