ភ្នំពេញ៖ ផលិតផលកសិ-កែច្នៃរបស់កម្ពុជា រួមទាំងគ្រាប់ស្វាយចន្ទី និងម្រេច បច្ចុប្បន្នមានវត្តមានដាក់លក់នៅតាមផ្សារអន្តរជាតិសរុបជាង ២៣ ០០០ទីតាំង ក្នុងនោះមានបណ្តាញផ្សារធំៗដូចជា Costco, E.Leclerc, Carrefour និង Tesco។ វឌ្ឍនភាពនេះបង្ហាញពីការពង្រីកវត្តមានផលិតផលកម្ពុជានៅលើទីផ្សារពិភពលោក ស្របពេលវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ បានបង្កើតឱកាសភ្ជាប់អ្នកផលិតក្នុងស្រុកជាមួយអ្នកបញ្ជាទិញ និងវិនិយោគិនអន្តរជាតិ។
វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ពីកម្ពុជាទៅកាន់ពិភពលោក (Cambodia to the World)» ដោយមានគោលបំណងជំរុញការនាំចេញផលិតផលស្វាយចន្ទី និងម្រេចកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងពង្រីកទីផ្សារទៅកាន់សហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។
ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ដោយមានការចូលរួមពីភាគីអាល្លឺម៉ង់ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកបញ្ជាទិញអន្តរជាតិ វិនិយោគិន និងអ្នកផ្តល់សេវាកម្មបច្ចេកទេស។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាដែលរៀបចំឡើងជាលើកទី២នេះ គឺជាឱកាសដ៏សំខាន់ក្នុងការប្រមូលផ្តុំអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ និងវិនិយោគិន ដើម្បីចែករំលែកចំណេះដឹង ជំរុញការវិនិយោគលើការកែច្នៃដើម្បីបង្កើតតម្លៃបន្ថែម និងពង្រីកទីផ្សារសម្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ជាពិសេសទីផ្សារសហភាពអឺរ៉ុប។
លោកជំទាវបានបង្ហាញពីលក្ខណៈពិសេសនៃផលិតផលកម្ពុជាថា គ្រាប់ស្វាយចន្ទីកម្ពុជាមានទំហំធំ និងរសជាតិខ្ទិះឆ្ងាញ់ជាប់មាត់ ខណៈម្រេចកំពតត្រូវបានចុងភៅលំដាប់កំពូលៗជ្រើសរើសប្រើប្រាស់ជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបនៅតាមភោជនីយដ្ឋានប្រណីតៗជុំវិញពិភពលោក។
ការដាក់លក់ផលិតផលកសិ-កែច្នៃកម្ពុជានៅតាមផ្សារអន្តរជាតិជាង ២៣ ០០០ទីតាំង រួមមានបណ្តាញផ្សារធំៗដូចជា Costco, E.Leclerc, Carrefour និង Tesco បានឆ្លុះបញ្ចាំងពីឱកាសពង្រីកទីផ្សាររបស់ផលិតផលក្នុងស្រុក។ ទន្ទឹមនឹងនេះ ការពង្រឹងគុណភាព បង្កើនការកែច្នៃក្នុងស្រុក និងការបង្កើតតម្លៃបន្ថែម គឺជាកត្តាសំខាន់សម្រាប់បន្តពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កសិផលកម្ពុជា។
ក្នុងរយៈពេលបីថ្ងៃនៃវេទិកានេះ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើង ដោយចាប់ផ្តើមពីថ្ងៃទី១ ជាមួយនឹងពិធីបើកជាផ្លូវការ កិច្ចពិភាក្សាគោលនយោបាយ និងហិរញ្ញប្បទាន ព្រមទាំងសុន្ទរកថាស្វាគមន៍ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ក្នុងថ្ងៃដំបូងនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) និងសហគមន៍ម្រេចអន្តរជាតិ (IPC)។ កិច្ចពិភាក្សាផ្សេងៗទៀតបានផ្តោតលើសក្តានុពលនៃគ្រាប់ស្វាយចន្ទីពូជ M23 របស់កម្ពុជា និន្នាការទីផ្សារសកល និងបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានក្នុងវិស័យកសិ-ពាណិជ្ជកម្ម។
ដោយឡែក នៅថ្ងៃទី២ កម្មវិធីបានផ្តោតលើការពង្រឹងគុណភាពក្រោយពេលប្រមូលផល និងសិក្ខាសាលាបច្ចេកទេស ដោយយកបទពិសោធន៍នៃការនាំចេញអង្កររបស់កម្ពុជាមកធ្វើជាមេរៀនសម្រាប់ការអភិវឌ្ឍការនាំចេញស្វាយចន្ទី និងម្រេច។ ប្រធានបទសំខាន់ៗរួមមាន ការគ្រប់គ្រងក្រោយពេលប្រមូលផល និងការធានាគុណភាពសម្រាប់អាជីវកម្ម។
ក្នុងឱកាសនោះ សហព័ន្ធស្វាយចន្ទីកម្ពុជា (CCF) និងក្រុមហ៊ុន SGS ក៏បានចុះហត្ថលេខាលើ MOU ព្រមទាំងមានការប្រគល់មគ្គុទ្ទេសក៍សម្រាប់អ្នកបញ្ជាទិញស្វាយចន្ទីផងដែរ។ នៅពេលរសៀល អ្នកចូលរួមបានទទួលការបណ្តុះបណ្តាលស៊ីជម្រៅស្តីពីយុទ្ធសាស្ត្រលក់ ការស្វែងរកឱកាសនៅក្នុងទីផ្សារស្វាយចន្ទីអឺរ៉ុប និងបច្ចេកទេសកែច្នៃស្វាយចន្ទីដើម្បីបង្កើនប្រាក់ចំណេញ និងប្រសិទ្ធភាពផលិតកម្ម។
សម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ អ្នកបញ្ជាទិញ និងវិនិយោគិនអន្តរជាតិបានចុះទស្សនកិច្ចសិក្សាផ្ទាល់នៅតាមចម្ការ និងរោងចក្រកែច្នៃ ដោយបែងចែកជាពីរក្រុមទៅកាន់ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ។
ក្រុមទស្សនកិច្ចដែលផ្តោតលើផលិតផលស្វាយចន្ទីបានចុះពិនិត្យចម្ការស្វាយចន្ទី ជួបពិភាក្សាជាមួយតំណាងសហគមន៍កសិកម្ម និងទស្សនារោងចក្រកែច្នៃស្វាយចន្ទី Pinex Agro នៅខេត្តកំពង់ធំ។ ចំណែកក្រុមដែលផ្តោតលើផលិតផលម្រេចបានចុះពិនិត្យចម្ការម្រេច ជួបជាមួយសហគមន៍កសិកម្ម និងទស្សនារោងចក្រកែច្នៃម្រេច Sela Pepper នៅខេត្តត្បូងឃ្មុំ។
វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ មិនត្រឹមតែជាវេទិកាពិភាក្សាគោលនយោបាយ និងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការផ្គូផ្គងពាណិជ្ជកម្មដោយផ្ទាល់រវាងសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាមួយអ្នកបញ្ជាទិញ និងអ្នកផ្តល់បច្ចេកវិទ្យាពីអឺរ៉ុប ដើម្បីជំរុញការកែច្នៃក្នុងស្រុក បង្កើនតម្លៃបន្ថែម និងពង្រឹងជំហរកម្ពុជាជាប្រទេសផ្គត់ផ្គង់កសិផលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារពិភពលោក៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content