ភ្នំពេញ៖ របរលក់ម្ជូរផ្លែឈើតាមម៉ូតូចល័ត អាចបង្កើតចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដោយមិនចាំបាច់មានហាងលក់ធំដុំឡើយ។ ជាក់ស្តែង អ្នកលក់ម្ជូរម្នាក់នៅរាជធានីភ្នំពេញ អាចលក់ផ្លែឈើពី ១២០ ទៅ ១៥០គីឡូក្រាមក្នុងមួយថ្ងៃ និងទទួលបានចំណូលសុទ្ធប្រមាណ ៣៥ ម៉ឺនរៀលនៅថ្ងៃធម្មតា ហើយអាចកើនដល់ជាង ១ លានរៀល នៅថ្ងៃលក់ដាច់។
លោក តាន់ សាវី អ្នកប្រកបរបរលក់ម្ជូរតាមម៉ូតូចល័ត បានប្រាប់បណ្តាញព័ត៌មាន AMS ថា លោក និងភរិយាបានប្រកបរបរនេះអស់រយៈពេល ៤ ទៅ ៥ ឆ្នាំមកហើយ ដោយបច្ចុប្បន្នជួលផ្ទះនៅរាជធានីភ្នំពេញ។ លោកមានស្រុកកំណើតនៅតំបន់បាក់ខែង ខណៈភរិយាមកពីខេត្តព្រៃវែង។
លោក សាវី បានឱ្យដឹងថា លោក និងភរិយាប្រើម៉ូតូចំនួនពីរគ្រឿងសម្រាប់លក់ម្ជូរប្រចាំថ្ងៃ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ បរិមាណផ្លែឈើដែលយកមកលក់មានពី ១២០ ទៅ ១៥០ គីឡូក្រាមក្នុងមួយថ្ងៃ ហើយជាទូទៅអាចលក់អស់ដោយមិនសល់។ នៅថ្ងៃដែលលក់ដាច់ លោកអាចទទួលបានចំណូលពី ៧០ ម៉ឺនរៀលដល់ជាង ១ លានរៀល។
លោកបញ្ជាក់ថា ចំណូលសុទ្ធប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣៥ ម៉ឺនរៀល ហើយអាចកើនដល់ ៥០ ម៉ឺនរៀលនៅថ្ងៃខ្លះដែលមានអតិថិជនច្រើន។ ប្រាក់ចំណូលនេះជួយផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ រួមទាំងថ្លៃសិក្សារបស់កូនពីរនាក់ និងថ្លៃទឹកភ្លើង។
ចំណុចសំខាន់មួយដែលលោកផ្តោតលើការលក់ គឺការជ្រើសរើសផ្លែឈើស្រស់ និងការរក្សាអនាម័យ។ ផ្លែឈើដែលលោកយកមកលក់រួមមាន ស្វាយ ត្របែក ម្កាក់ ប៉ិកួៈ ម្នាស់ ល្ហុង ឪឡឹក និងទំពាំងបាយជូរ។ លោកថា ផ្លែឈើត្រូវមានភាពស្រស់ ស្រួយ និងលាងសម្អាតឱ្យបានល្អ មុនពេលដាក់លក់ជូនអតិថិជន។ លោកក៏បញ្ជាក់ថា លោកប្រើផ្លែឈើក្នុងស្រុកសម្រាប់អាជីវកម្មរបស់ខ្លួន។
ក្រៅពីគុណភាពផ្លែឈើ លោក សាវី ក៏ផ្តល់ជម្រើសទឹកជ្រលក់ និងអំបិលប្រមាណ ១២ ប្រភេទ ដើម្បីឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់អតិថិជន ដូចជា អំបិលហឹរ ប្រៃ ផ្អែម អំបិលខ្ទឹម អំបិលកាពិ អំបិលម្ទេសបុក អំបិលបង្គា និងទឹកត្រីស្ករដាក់ម្ទេស។
អ្នកលក់រូបនេះបន្តថា ការប្រកបរបររយៈពេលយូរបានជួយឱ្យលោកមានអតិថិជនប្រចាំ ដែលស្គាល់ និងគាំទ្រការលក់របស់លោក។ ការមិនតឹងរ៉ឹងហួសហេតុ និងការថែមជូនម្ជូរមួយចំនួន ក៏ជាវិធីដែលលោកប្រើដើម្បីរក្សាទំនាក់ទំនងជាមួយអតិថិជនផងដែរ។
ចំពោះបញ្ហាប្រឈម លោកថា ការឡើងថ្លៃប្រេងឥន្ធនៈជាការចំណាយមួយដែលត្រូវប្រឈម ប៉ុន្តែលោកមិនចង់ផ្តោតលើបញ្ហានេះខ្លាំងពេក រហូតប៉ះពាល់ដល់ការបម្រើអតិថិជនឡើយ។
បទពិសោធន៍របស់លោក សាវី បង្ហាញថា របរលក់រាយខ្នាតតូចអាចបង្កើតប្រភពចំណូលសម្រាប់គ្រួសារ តាមរយៈការគ្រប់គ្រងការលក់ ការជ្រើសរើសផលិតផលដែលមានគុណភាព ការរក្សាអនាម័យ និងការយកចិត្តទុកដាក់ចំពោះអតិថិជន។ សម្រាប់លោក ការលក់ម្ជូរតាមម៉ូតូចល័តមិនត្រឹមតែជាមុខរបរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយសម្រាប់ផ្គត់ផ្គង់គ្រួសារ និងធានាការសិក្សារបស់កូនៗផងដែរ៕







វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content