ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

​ភ្នំពេញ​៖​ ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦ ​ប៉ុន្តែ​អត្រា​កាន់កាប់​ទីតាំង​ជា​មធ្យម​មាន​ត្រឹម​ ​៥៧​,​១​%​ ​ប៉ុណ្ណោះ​។​

របាយការណ៍​ ​Market Pulse ​ប្រចាំ​ត្រីមាស​ទី​៣ ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ ​APS ​Cambodia ​បង្ហាញ​ថា​ ​ផ្ទៃ​ក្រឡា​សម្រាប់​ទីផ្សារ​លក់​រាយ​មួយចំនួន​ធំ​នៅតែ​ទំនេរ ​ដែល​បង្កើត​សម្ពាធ​ជា​បន្តបន្ទាប់​លើ​ម្ចាស់​អចលន​ទ្រព្យ​ ​និង​ទីផ្សារ​ថ្លៃ​ជួល​។

​ថ្លែង​ប្រាប់​ AMS ​នៅ​ថ្ងៃ​ទី​២៧​ ​ខែ​តុលា ​លោក​ ​ជា ​គឹម​ស៊ា ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ ​និង​ប្រឹក្សា​សេវាកម្ម​នៅ​ APS ​Cambodia ​បាន​ឱ្យ​ដឹង​ថា​ ទី​ផ្សារ​លក់​រាយ​នៅ​ភ្នំពេញ​កំពុង​បង្ហាញ​សញ្ញា​កែសម្រួល​ ​ដោយ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​ងាក​មក​ផ្តោត​លើ​គម្រោង​ដែល​មាន​ទំហំ​តូច​ជាង​មុន​ ​ជំនួស​ឱ្យ​ការ​បន្ថែម​ផ្ទៃក្រឡា​ថ្មី​ក្នុង​បរិមាណ​ច្រើន​។

​លោក​ថា​ ​និន្នាការ​នេះ​អាច​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​ផ្គត់ផ្គង់​ថ្មី ​កាត់បន្ថយ​សម្ពាធ​ប្រកួតប្រជែង​លើ​គម្រោង​ដែល​មាន​ស្រាប់ ​និង​ជួយ​ឱ្យ​ទីផ្សារ​ឈាន​ទៅ​រក​តុល្យភាព​រវាង​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​។ ​ទោះជា​យ៉ាងណា ​ការ​ងើប​ឡើង​វិញ​ពិត​ប្រាកដ​អាស្រ័យ​លើ​ការ​កើនឡើង​នៃ​តម្រូវការ​ពី​អ្នក​ជួល​ ​និង​ការ​ប្រើប្រាស់​ទីតាំង​លក់​រាយ​ដែល​មាន​ស្រាប់​ឱ្យ​បាន​ច្រើន​ជាង​មុន​។

​លោក​ តង​ សេង​ហុង ​មន្ត្រី​វិភាគ​ផ្នែក​ស្រាវជ្រាវ​ ​និង​ប្រឹក្សា​យោបល់​នៃ​ APS ​Cambodia ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ប្រកាស​គម្រោង​សាងសង់​ផ្សារ​ទំនើប​ខ្នាត​ធំ​ថ្មី​ណាមួយ​នៅឡើយ​ទេ​ ​ខណៈ​គម្រោង​មួយ​ដែល​កំពុង​សាងសង់​ក៏​នៅតែ​ផ្អាក​សកម្មភាព​។

​តាម​ការ​វិភាគ​របស់​លោក​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សហគមន៍​កំពុង​ប្រឈម​នឹង​បញ្ហា​ទីតាំង​ទំនេរ​ច្រើន​ជាង​គេ ​បើ​ធៀប​នឹង​ទីតាំង​លក់​រាយ​ប្រភេទ​ផ្សេងទៀត​។ ​ផ្ទុយ​ទៅវិញ​ ​ហាង​លក់​ទំនិញ​តាម​ដង​ផ្លូវ​ធំ​ៗ​ដែល​មាន​ទីតាំង​ល្អ ​កំពុង​ទទួល​បាន​តម្រូវការ​ខ្ពស់​ ​ជាពិសេស​នៅ​តំបន់​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន ដូចជា​ កោះ​ពេជ្រ ​និង​កោះនរា​។

​លោក​បាន​បញ្ជាក់​ថា​ ទីផ្សារ​ទីតាំង​លក់​រាយ​នៅ​តាម​អគារ​បាន​ធ្លាក់ចុះ​ ១​,​២​%​ ​ខណៈ​ទីតាំង​លក់​រាយ​នៅ​តាម​ដង​ផ្លូវ​ធំ​ៗ​ដែល​មាន​សក្ដានុពល​ខ្ពស់​បាន​កើនឡើង​ ០​,​២​%​។

​និន្នាការ​នេះ​បង្ហាញ​ថា​ ​ទោះ​បី​អាជីវកម្ម​មួយ​ចំនួន​នៅតែ​បន្ត​ពង្រីក​សាខា​ក៏​ដោយ​ ​ក៏​ពួក​គេ​ហាក់​ផ្តល់​អាទិភាព​ដល់​ទីតាំង​តាម​ដង​ផ្លូវ​ធំ​ៗ​ដែល​មាន​សក្ដានុពល ​ជា​ជាង​ការជួល​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ដែល​ធ្វើឱ្យ​ម្ចាស់​គម្រោង​ទាំងនេះ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​អ្នក​ជួល​មក​បំពេញ​ទីតាំង​ទំនេរ​។

​ទោះបី​ទីផ្សារ​មាន​ទីតាំង​ទំនេរ​ច្រើន​ ​និង​អត្រា​កាន់កាប់​ធ្លាក់ចុះ​ក៏​ដោយ​ ម្ចាស់​អចលន​ទ្រព្យ​មួយចំនួន​នៅតែ​មិន​សូវ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ជួល​។ ​លោក​ ​ជា ​គឹម​ស៊ា ​បាន​ឱ្យ​ដឹង​ថា​ ថ្លៃ​ជួល​ដែល​ម្ចាស់​អចលន​ទ្រព្យ​ដាក់​សម្រាប់​ទីតាំង​ល្អ​ៗ​តាម​ដង​ផ្លូវ​ធំ​ៗ​បាន​កើន​ដល់​ ២១​,​៦ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​ខែ ​ពោលគឺ​កើនឡើង​ ០​,​២​%​ ​បើ​ធៀប​នឹង​ត្រី​មាស​មុន​។ ​កំណើន​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បន្តពង្រីក​សាខា​របស់​ម៉ាក​យីហោ​នានា​នៅ​តាម​តំបន់​ពាណិជ្ជកម្ម​សំខាន់​ៗ​។

​លោក​បាន​គូសបញ្ជាក់​ថា​ ការ​ជំរុញ​ឱ្យ​អត្រា​កាន់កាប់​ទីតាំង​លក់​រាយ​កើនឡើង​ត្រូវការ​ការ​អភិវឌ្ឍ​បន្ថែម​ក្នុង​វិស័យ​ទេសចរណ៍​ ​សេដ្ឋកិច្ច​ ​និង​ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​។ ​កម្លាំង​ទិញ​ដែល​កាន់តែ​រឹងមាំ​អាច​ជួយ​ជំរុញ​ម៉ាក​យីហោ​នានា​ឱ្យ​ពង្រីក​វត្ត​មាន​ ​និង​បង្កើន​ការជួល​ទីតាំង​លក់​រាយ​។

​ជាមួយគ្នា​នេះ​ ​លោក​ តង​ សេង​ហុង ​បាន​បញ្ជាក់​ថា​ ទីផ្សារ​ចាំបាច់​ត្រូវ​រក​តុល្យភាព​រវាង​ការ​កើនឡើង​នៃ​អត្រា​កាន់កាប់ ​និង​ការ​បន្ថែម​ការ​ផ្គត់ផ្គង់​ថ្មី​។ ​លោក​ថា​ ការ​បន្ថែម​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​អាច​ធ្វើឱ្យ​អត្រា​កាន់កាប់​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ​ទោះបី​ម៉ាក​យីហោ​នានា​បន្ត​ពង្រីក​សាខា ​និង​មាន​អាជីវកម្ម​ថ្មី​ចូលក្នុង​ទីផ្សារ​ក៏​ដោយ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល