បរទេស៖ សិង្ហបុរីបានផ្តួចផ្តើមបង្កើតការិយាល័យ និងបណ្តាញអ្នកជំនាញស្ថិតិពលកម្មអាស៊ាន ដើម្បីពង្រឹងការផ្លាស់ប្តូរទិន្នន័យការងារ និងជំនាញ ព្រមទាំងជួយឱ្យប្រទេសក្នុងតំបន់អាចកំណត់ និងព្យាករណ៍ការប្រែប្រួលនៃទីផ្សារពលកម្មបានទាន់ពេលវេលា។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន CNA។
នៅថ្ងៃអង្គារ ក្រសួងកម្លាំងពលកម្មសិង្ហបុរី (MOM) បានប្រកាសបង្កើត «ការិយាល័យស្ថិតិពលកម្មអាស៊ាន» និងបើកសម្ពោធ «បណ្តាញអ្នកជំនាញស្ថិតិពលកម្មអាស៊ាន»។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក ដើម្បីស្វែងយល់ពីនិន្នាការការងារថ្មីៗ និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរទីផ្សារពលកម្ម។
សិង្ហបុរី ដែលត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៧ នឹងបំពេញតួនាទីជាអ្នកសម្របសម្រួលបណ្តាញនេះរហូតដល់ឆ្នាំ២០៣០។ កិច្ចការសំខាន់មួយរបស់បណ្តាញ គឺជួយប្រទេសសមាជិកវាយតម្លៃផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង និងការកើនឡើងនៃការងារតាមប្រព័ន្ធឌីជីថលលើទីផ្សារពលកម្មក្នុងតំបន់។
ជាមួយគ្នានេះ សិង្ហបុរីនឹងបង្កើតច្រកព័ត៌មានរួមមួយឈ្មោះ «ASEAN Labour Market Knowledge Portal» ដើម្បីឱ្យប្រទេសសមាជិកអាចចែករំលែកការស្រាវជ្រាវ វិធីសាស្ត្រ និងបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារការងារ។ ព័ត៌មានទាំងនេះនឹងជួយគាំទ្រដល់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាងជាក់ស្តែង។
ក្រសួងកម្លាំងពលកម្មសិង្ហបុរីបានលើកឡើងថា បញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរកិច្ចការងារប្រចាំថ្ងៃ ដែលតម្រូវឱ្យកម្មករនិយោជិតរៀនសូត្រជំនាញថ្មីៗ ខណៈនិយោជកក៏ត្រូវកែសម្រួលទម្រង់ការងារឱ្យស្របតាមការផ្លាស់ប្តូរនេះដែរ។
ការកើនឡើងនៃការងារតាមប្រព័ន្ធឌីជីថល ដូចជាសេវាដឹកជញ្ជូន និងការដឹកភ្ញៀវតាមកម្មវិធីទូរស័ព្ទ ក៏បង្កបញ្ហាប្រឈមដល់ការប្រមូលស្ថិតិការងារបែបប្រពៃណីផងដែរ ព្រោះស្ថិតិទាំងនេះមិនអាចឆ្លុះបញ្ចាំងបានពេញលេញអំពីប្រាក់ចំណូល និងបញ្ហាប្រឈមរបស់អ្នកធ្វើការក្នុងវិស័យនេះ។
បច្ចុប្បន្ន បណ្តាញនេះកំពុងរៀបចំគម្រោងប្រើប្រាស់ទិន្នន័យ ដោយក្នុងនោះមានការតាមដានការប្រកាសជ្រើសរើសបុគ្គលិកតាមអ៊ីនធឺណិត ដើម្បីកំណត់មុខតំណែងថ្មីៗដែលកំពុងលេចឡើង ដូចជា អ្នកវិភាគការគ្រប់គ្រង AI និងវិស្វករ AI ដែលមិនទាន់មានក្នុងបញ្ជីមុខរបរផ្លូវការនាពេលបច្ចុប្បន្ន។ ការងារនេះនឹងជួយឱ្យប្រទេសសមាជិកកំណត់បានលឿនជាងមុននូវជំនាញ និងកម្លាំងពលកម្មដែលនិយោជកកំពុងត្រូវការ។
ក្រៅពីបញ្ហាបច្ចេកវិទ្យា ការងារបៃតងក៏ជាផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការនេះដែរ។ របាយការណ៍របស់អាស៊ានបង្ហាញថា ការងារដែលមានសក្តានុពលបៃតងអាចមានចំណែករហូតដល់ ២២,៣% នៃកម្លាំងពលកម្មសរុបក្នុងតំបន់ ប្រសិនបើមានការបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ចាំបាច់គ្រប់គ្រាន់។ ទោះជាយ៉ាងណា បច្ចុប្បន្នចំណែកនេះមានតិចជាង ៦% ប៉ុណ្ណោះ។
របាយការណ៍នេះជំរុញឱ្យរដ្ឋាភិបាលប្រទេសអាស៊ានប្រើប្រាស់សក្តានុពលការងារបៃតងជាមូលដ្ឋានសម្រាប់រៀបចំផែនការកម្លាំងពលកម្ម និងការអភិវឌ្ឍជំនាញ។ វាក៏សង្កត់ធ្ងន់លើបញ្ហាប្រឈមសំខាន់ៗ រួមមាន ភាពមិនស៊ីគ្នារវាងជំនាញ និងតម្រូវការទីផ្សារ ការផ្លាស់ប្តូរចេញពីថាមពលហ្វូស៊ីល គម្លាតយេនឌ័រក្នុងវិស័យថាមពលកកើតឡើងវិញ និងគុណភាពការងារក្នុងវិស័យជីវថាមពលផងដែរ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content