កម្ពុជាកំពុងឈានទៅរកដំណាក់កាលថ្មីក្នុងវិស័យកៅស៊ូ ដោយផ្លាស់ប្ដូរពីការផលិត និងនាំចេញវត្ថុធាតុដើមជាចម្បង ទៅរកការកែច្នៃ និងផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មក្នុងស្រុក ខណៈចម្ការកៅស៊ូគ្រួសារ និងចម្ការខ្នាតធំកំពុងរួមចំណែកជំរុញកំណើនផលិតកម្ម។
ក្នុងបទបង្ហាញនៅវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា កម្ពុជាជាប្រទេសផលិតកៅស៊ូធំជាងគេលំដាប់ទី៧ នៅលើពិភពលោក ដោយមានទិន្នផលប្រចាំឆ្នាំជាង ៤០ម៉ឺនតោនក្នុងឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា ចម្ការកៅស៊ូគ្រួសារ និងចម្ការកៅស៊ូខ្នាតធំក្នុងទម្រង់ឧស្សាហកម្មកសិកម្ម បានរួមចំណែកក្នុងសមាមាត្រប្រហាក់ប្រហែលគ្នា ដោយចម្ការគ្រួសាររួមចំណែកប្រមាណ ៤៨% និងចម្ការខ្នាតធំប្រមាណ ៥២%។
លោកបានបន្ថែមថា ទិន្នផលកៅស៊ូកម្ពុជាត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារដើមកៅស៊ូលើផ្ទៃដីប្រមាណ ១០ម៉ឺនហិកតាផ្សេងទៀត នឹងឈានដល់អាយុដែលអាចចាប់ផ្ដើមចៀរជ័របាន។
ការរីកចម្រើននៃវិស័យកៅស៊ូក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃការនាំចេញ និងការពង្រីកឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជា។ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៨០០លានដុល្លារអាម៉េរិកពីការនាំចេញជ័រកៅស៊ូធម្មជាតិ ខណៈការនាំចេញសំបកកង់រថយន្តមានតម្លៃ ១,៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៧៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
បើតាមលោក ឃុន កក្កដា បច្ចុប្បន្នកម្ពុជាមានគម្រោងរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ ដែលកំពុងត្រៀមដំណើរការ ឬកំពុងផលិត និងផ្គត់ផ្គង់ផលិតផលក្នុងស្រុក ព្រមទាំងនាំចេញទៅទីផ្សារបរទេស។
លោកបានរំលឹកថា កម្ពុជាធ្លាប់មានរោងចក្រផលិតសំបកកង់រថយន្តដ៏ល្បីល្បាញមួយឈ្មោះ «អង្គរ» ក្នុងចន្លោះឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ ប៉ុន្តែរោងចក្រនេះបានបាត់បង់ដោយសារសង្គ្រាម។ ចាប់ពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ២០២០ មានរយៈពេល ៤០ឆ្នាំ ទើបរោងចក្រផលិតសំបកកង់រថយន្តមានវត្តមានជាថ្មីនៅកម្ពុជា។
កាលពីមុន កសិករកម្ពុជាភាគច្រើនផលិតជ័រកៅស៊ូជាកៅស៊ូដុំ ឬកៅស៊ូសន្លឹកសម្រាប់នាំចេញ ដោយសារកង្វះខាតសមត្ថភាពកែច្នៃ និងផលិតក្នុងស្រុក។ ប៉ុន្តែបច្ចុប្បន្ន វិស័យនេះកំពុងមានការផ្លាស់ប្ដូរ ដោយក្រុមហ៊ុនផលិតសំបកកង់រថយន្តបានប្រើប្រាស់វត្ថុធាតុដើមពីទីផ្សារក្នុងស្រុក ដើម្បីបម្រើការផលិត និងផ្គត់ផ្គង់ទីផ្សារ។
លោក គឹន ឧត្តមមុនីស៊ីណាត អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sailun Tire Cambodia បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ ប្រជាពលរដ្ឋកម្ពុជាបានទិញសំបកកង់រថយន្តពីក្រុមហ៊ុនចំនួន ៤០ម៉ឺនគ្រាប់ ស្មើនឹង ៤០% ទៅ ៥០% នៃផលិតកម្មសរុបរបស់ក្រុមហ៊ុន។
លោកបានព្យាករថា នៅចុងឆ្នាំ២០២៦ សំបកកង់រថយន្តរបស់ក្រុមហ៊ុនយ៉ាងហោចណាស់ ៧០% នឹងទទួលបានការគាំទ្រ និងប្រើប្រាស់ពីប្រជាពលរដ្ឋក្នុងស្រុក។
លោកបានបន្ថែមថា ក្រុមហ៊ុនកំពុងទិញកៅស៊ូពីទីផ្សារក្នុងស្រុកក្នុងបរិមាណច្រើន ហើយគ្រោងប្រើប្រាស់កៅស៊ូពីប្រជាកសិករកម្ពុជារហូតដល់ ១៩ម៉ឺនតោននៅឆ្នាំ២០២៧។
ការកើនឡើងនៃការប្រើប្រាស់កៅស៊ូក្នុងស្រុកនេះបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដោយកៅស៊ូដែលផលិតដោយកសិករអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតផលសម្រេចក្នុងស្រុក មុននឹងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
លោក ឃុន កក្កដា បានគូសបញ្ជាក់ថា វិស័យកៅស៊ូកម្ពុជាបានបោះជំហានចេញពីការផលិត និងនាំចេញវត្ថុធាតុដើមសុទ្ធសាធ ឆ្ពោះទៅរកការកែច្នៃ និងការផ្គត់ផ្គង់ក្នុងស្រុក ដែលជាការផ្លាស់ប្ដូរដ៏សំខាន់ក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃនៃវិស័យនេះ។
ដោយឡែក ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន Sailun Tire Cambodia បានចែកចាយសំបកកង់រថយន្តនៅលើទីផ្សារក្នុងស្រុកសរុបជាង ២០ម៉ឺនគ្រាប់។





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content