ភ្នំពេញ៖ កម្ពុជាមានផលិតផលក្នុងស្រុកចំនួន ២,៦០០ មុខ បានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ កើនឡើងចំនួន ១,១០០ មុខ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការកើនឡើងនៃផលិតផលផលិតក្នុងស្រុក និងសកម្មភាពរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសញ្ញាវិជ្ជមាននៃការកើនឡើងផលិតផលក្នុងស្រុក ដោយក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ផលិតផលចំនួន ២,៦០០មុខ ត្រូវបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម កើនឡើង ១,១០០មុខធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
សម្តេចធិបតីបានបញ្ជាក់ថា វិស័យ MSMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចដែលអាចចាត់ទុកថាជា MSMEs សរុបប្រមាណ ៧៥ម៉ឺនអង្គភាព ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣លាននាក់ ក្នុងនោះស្ត្រីមានប្រមាណ ១,៨លាននាក់។
តាមទិន្នន័យជំរឿនដដែល សហគ្រាសទាំងនេះបានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% នៃការងារសរុប ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
ដោយឡែក ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ មានសហគ្រាសធុនមីក្រូ តូច និងមធ្យមជិត ៤ម៉ឺនមូលដ្ឋាន បានចុះបញ្ជីនៅក្រសួង ដោយផ្តល់ការងារជិត ៥០ម៉ឺនកន្លែង។
ទន្ទឹមនឹងការជំរុញផលិតកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មក៏កំពុងស្វែងរកទីផ្សារ និងជំរុញការផ្សព្វផ្សាយម៉ាកផលិតផល «ផលិតនៅកម្ពុជា» (Made in Cambodia) ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
កាលពីចុងខែសីហា ក្រសួងពាណិជ្ជកម្មបានជូនដំណឹងថា ផ្សារទំនើប និងហាងលក់ទំនិញជាង ៧០០កន្លែង បានចូលរួមផ្សព្វផ្សាយយុទ្ធនាការ និងផលិតផលក្រោមស្លាក «ផលិតនៅកម្ពុជា»។
តួលេខទាំងនេះបង្ហាញពីទំហំ និងតួនាទីរបស់សហគ្រាស MSMEs ក្នុងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងការកើនឡើងនៃផលិតផលក្នុងស្រុកដែលបានចុះបញ្ជី ខណៈការផ្សព្វផ្សាយម៉ាក «ផលិតនៅកម្ពុជា» កំពុងត្រូវបានជំរុញតាមរយៈបណ្តាញលក់រាយនៅក្នុងប្រទេស៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content