ភ្នំពេញ៖ ទីផ្សារជួលសម្រាប់អាជីវកម្មលក់រាយនៅកម្ពុជា (ការជួលទីតាំងនៅផ្សារទំនើប) កំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់លើសតម្រូវការ ដោយផ្ទៃក្រឡាសម្រាប់ជួលសរុបត្រូវបានរំពឹងថានឹងមានជាង ៨៨២.០០០ ម៉ែត្រការ៉េ នៅត្រឹមដំណាច់ឆ្នាំ២០២៦ ប៉ុន្តែអត្រាកាន់កាប់ទីតាំងជាមធ្យមមានត្រឹម ៥៧,១% ប៉ុណ្ណោះ។
របាយការណ៍ Market Pulse ប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុនស្រាវជ្រាវ APS Cambodia បង្ហាញថា ផ្ទៃក្រឡាសម្រាប់ទីផ្សារលក់រាយមួយចំនួនធំនៅតែទំនេរ ដែលបង្កើតសម្ពាធជាបន្តបន្ទាប់លើម្ចាស់អចលនទ្រព្យ និងទីផ្សារថ្លៃជួល។
ថ្លែងប្រាប់ AMS នៅថ្ងៃទី២៧ ខែតុលា លោក ជា គឹមស៊ា ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាសេវាកម្មនៅ APS Cambodia បានឱ្យដឹងថា ទីផ្សារលក់រាយនៅភ្នំពេញកំពុងបង្ហាញសញ្ញាកែសម្រួល ដោយអ្នកអភិវឌ្ឍន៍មួយចំនួនងាកមកផ្តោតលើគម្រោងដែលមានទំហំតូចជាងមុន ជំនួសឱ្យការបន្ថែមផ្ទៃក្រឡាថ្មីក្នុងបរិមាណច្រើន។
លោកថា និន្នាការនេះអាចជួយបន្ថយល្បឿននៃការផ្គត់ផ្គង់ថ្មី កាត់បន្ថយសម្ពាធប្រកួតប្រជែងលើគម្រោងដែលមានស្រាប់ និងជួយឱ្យទីផ្សារឈានទៅរកតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ។ ទោះជាយ៉ាងណា ការងើបឡើងវិញពិតប្រាកដអាស្រ័យលើការកើនឡើងនៃតម្រូវការពីអ្នកជួល និងការប្រើប្រាស់ទីតាំងលក់រាយដែលមានស្រាប់ឱ្យបានច្រើនជាងមុន។
លោក តង សេងហុង មន្ត្រីវិភាគផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃ APS Cambodia បានលើកឡើងថា បច្ចុប្បន្នមិនទាន់មានការប្រកាសគម្រោងសាងសង់ផ្សារទំនើបខ្នាតធំថ្មីណាមួយនៅឡើយទេ ខណៈគម្រោងមួយដែលកំពុងសាងសង់ក៏នៅតែផ្អាកសកម្មភាព។
តាមការវិភាគរបស់លោក មជ្ឈមណ្ឌលពាណិជ្ជកម្មសហគមន៍កំពុងប្រឈមនឹងបញ្ហាទីតាំងទំនេរច្រើនជាងគេ បើធៀបនឹងទីតាំងលក់រាយប្រភេទផ្សេងទៀត។ ផ្ទុយទៅវិញ ហាងលក់ទំនិញតាមដងផ្លូវធំៗដែលមានទីតាំងល្អ កំពុងទទួលបានតម្រូវការខ្ពស់ ជាពិសេសនៅតំបន់ដែលមានភ្ញៀវទេសចរច្រើន ដូចជា កោះពេជ្រ និងកោះនរា។
លោកបានបញ្ជាក់ថា ទីផ្សារទីតាំងលក់រាយនៅតាមអគារបានធ្លាក់ចុះ ១,២% ខណៈទីតាំងលក់រាយនៅតាមដងផ្លូវធំៗដែលមានសក្ដានុពលខ្ពស់បានកើនឡើង ០,២%។
និន្នាការនេះបង្ហាញថា ទោះបីអាជីវកម្មមួយចំនួននៅតែបន្តពង្រីកសាខាក៏ដោយ ក៏ពួកគេហាក់ផ្តល់អាទិភាពដល់ទីតាំងតាមដងផ្លូវធំៗដែលមានសក្ដានុពល ជាជាងការជួលទីតាំងក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឱ្យម្ចាស់គម្រោងទាំងនេះជួបការលំបាកក្នុងការស្វែងរកអ្នកជួលមកបំពេញទីតាំងទំនេរ។
ទោះបីទីផ្សារមានទីតាំងទំនេរច្រើន និងអត្រាកាន់កាប់ធ្លាក់ចុះក៏ដោយ ម្ចាស់អចលនទ្រព្យមួយចំនួននៅតែមិនសូវផ្តល់ការបញ្ចុះតម្លៃជួល។ លោក ជា គឹមស៊ា បានឱ្យដឹងថា ថ្លៃជួលដែលម្ចាស់អចលនទ្រព្យដាក់សម្រាប់ទីតាំងល្អៗតាមដងផ្លូវធំៗបានកើនដល់ ២១,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ពោលគឺកើនឡើង ០,២% បើធៀបនឹងត្រីមាសមុន។ កំណើននេះត្រូវបានជំរុញដោយការបន្តពង្រីកសាខារបស់ម៉ាកយីហោនានានៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗ។
លោកបានគូសបញ្ជាក់ថា ការជំរុញឱ្យអត្រាកាន់កាប់ទីតាំងលក់រាយកើនឡើងត្រូវការការអភិវឌ្ឍបន្ថែមក្នុងវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការចំណាយរបស់អ្នកប្រើប្រាស់។ កម្លាំងទិញដែលកាន់តែរឹងមាំអាចជួយជំរុញម៉ាកយីហោនានាឱ្យពង្រីកវត្តមាន និងបង្កើនការជួលទីតាំងលក់រាយ។
ជាមួយគ្នានេះ លោក តង សេងហុង បានបញ្ជាក់ថា ទីផ្សារចាំបាច់ត្រូវរកតុល្យភាពរវាងការកើនឡើងនៃអត្រាកាន់កាប់ និងការបន្ថែមការផ្គត់ផ្គង់ថ្មី។ លោកថា ការបន្ថែមផ្ទៃក្រឡាសម្រាប់ជួលអាចធ្វើឱ្យអត្រាកាន់កាប់ប្រែប្រួលតិចតួចប៉ុណ្ណោះ ទោះបីម៉ាកយីហោនានាបន្តពង្រីកសាខា និងមានអាជីវកម្មថ្មីចូលក្នុងទីផ្សារក៏ដោយ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content