ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនមួយកម្រិតទៀត ។
សម្ដេចបានមានប្រសាសន៍ថា ៖
“ធនធានមនុស្សក៏ជាហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់មួយដ៏សំខាន់ដែលយើងបានយកចិត្តទុកដាក់លើការអភិវឌ្ឍ ដោយក្នុងនោះដែរ កម្ពុជាក៏បានសាងសង់អគារសិក្សានៅតាមសាលានានា រាប់ទាំងសាលាថ្នាក់បឋមរហូតដល់សកលវិទ្យាល័យ”
សម្ដេចបានបន្តថា ៖
“នៅថ្ងៃនេះដែរ អគារសិក្សាថ្មី២បន្ថែមទៀតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មាន៩៣បន្ទប់ ក្នុងនោះ អគារសហគមន៍១ខ្នងមានកំពស់៧ជាន់ និងអគារវិស្វកម្មសំណង់មួយខ្នងទៀត គឺជាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង សម្រាប់បណ្ដុះបណ្ដាលហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់គឺសំដៅលើធនធានមនុស្សនេះឯង”
សម្ដេចបានបន្ថែមថា នៅទូទាំងប្រទេសកម្ពុជា មានអគារសិក្សាច្រើនណាស់ដែលមានតម្លៃរហូតដល់រាប់ពាន់លានដុល្លារអាមេរិក ហើយកន្លងទៅប៉ុន្មានឆ្នាំនេះ សម្ដេចក៏បានធ្វើដំណើរបេសកកម្មតាមរថយន្តចំងាយ៦០០គីឡូម៉ែត្រ និងបានចំណាយថវិកាប្រមាណ៤០០លានដុល្លារអាមេរិកសម្រាប់ការកសាងអគារសិក្សាថ្នាក់បឋម អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ ហើយកម្ពុជាក៏មិនខ្លាចក្នុងការចំណាយដើមទុនក្នុងការវិនិយោគលើធនធានមនុស្សនោះដែរ ។ ការវិនិយោគធនធានមនុស្សនេះដែរក៏ត្រូវតែមានគុណភាព ហើយដើម្បីធនធានមនុស្សមានគុណភាពគឺត្រូវឱ្យសិស្សមានសុខភាព មានផាសុកភាព ។ សម្ដេចបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសមួយមិនផ្អែកលើប្រាក់ចំណូលម្ដងម្កាលនោះទេ គឺត្រូវផ្អែកលើចំណេះដឹង ហើយមិនថាដំណាក់កាលណាទេគឺសេដ្ឋកិច្ចប្រទេសនោះត្រូវតែផ្អែកលើចំណេះដឹងរបស់ធនធានមនុស្សនៃប្រទេសនោះ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content