ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងខិតខំក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ រួមជាមួយការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធចាស់ៗឱ្យកាន់តែមានគុណភាព និងធំទូលាយជាងមុន ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏គ្រោងនឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន៣ខ្សែភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់សក្ដានុពលនៃជាយដែនប្រទេសជំរុញវិស័យដឹកជញ្ជូនកាន់តែសំបូរបែប។
ផ្លូវរថភ្លើងទាំង៣ខ្សែដែលរាជរដ្ឋាភិបាលលើកយកមកសិក្សា និងដាក់ក្នុងផែនការសម្រាប់អភិវឌ្ឍន៍នោះរួមមាន ផ្លូវរថភ្លើងភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រើផ្លូវរថភ្លើងចាស់ ផ្លូវរថភ្លើងភ្នំពេញ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ក្រុងបាវិតខេត្តស្វាយរៀង ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះបានបង្ហាញពីតម្លៃនៃការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញប៉ោយប៉ែត ដោយគ្រោងនឹងចំណាយប្រមាណ៤ពាន់លានដុល្លារអាមេរិក ។ ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់កម្ពុជា ដែលបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ( CRBC ) ។

ការសិក្សាបឋមនេះបានបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះមានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណ ៤ពាន់លានដុល្លារអាមេរិក បូករួមនឹងទូ និងក្បាលរថភ្លើង ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាសងសង់ប្រមាណ៤ឆ្នាំ ហើយគម្រោងផ្លូវរថភ្លើងនេះនឹងក្លាយជាមធ្យោបាយដឹកជញ្ជូនទំនិញ និងអ្នកដំណើរដ៏សំខាន់សម្រាប់តំបន់ប៉ែកខាងជើងប្រទេសរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ។ ផ្លូវរថភ្លើងមួយខ្សែទៀតដែលរាជរដ្ឋាភិបាលបានលើកមកដាក់នៅក្នុងផែនការដែរនោះគឺផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងតភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ ។
នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អូលីវីយេ រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ក៏បានពិភាក្សាពីការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ហូជីមិញ ដោយសម្ដេចបានបញ្ជាក់ថា កម្ពុជាអនុញ្ញាតឱ្យវិស័យឯកជនធ្វើការវិនិយោគ១០០ភាគរយ ។
បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវល្បឿនលឿនមួយខ្សែហើយ ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលគម្រោងផ្លូវល្បឿនលឿននេះបាន និងកំពុងបម្រើដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ពលរដ្ឋយ៉ាងសំខាន់ ជាពិសេសនោះគឺបាននាំភ្ញៀវទេសចរទៅកាន់ក្រុងព្រះសីហនុកាន់តែច្រើនឡើងៗនៅរៀងរាល់ថ្ងៃឈប់សម្រាកនានា ។
ក្រៅពីនេះដែរ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ បើមិនមានការប្រែប្រួលគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត នឹងត្រូវបើកការដ្ឋានសាងសង់ផ្លូវការ ហើយមិនយូរមិនឆាប់កម្ពុជានឹងមានផ្លូវល្បឿនលឿនមួយខ្សែទៀត។ រាជរដ្ឋាភិបាលក៏បានបើកឱ្យក្រុមហ៊ុនឯកជនសិក្សាលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញសៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣របស់កម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែសំបូរបែបលើវិស័យដឹកជញ្ជូន ហើយប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវចាស់ ឬក៏ផ្លូវល្បឿនលឿនដែលទើបសង់ថ្មីៗ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content