ភ្នំពេញ ៖ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ការវិនិយោគពីប្រទេសចិនមកលើទីផ្សារអចលនទ្រព្យកម្ពុជាហាក់ស្ងប់ស្ងាត់បន្តិច ប៉ុន្តែបានជំនួសមកវិញនូវការវិនិយោគពីប្រទេសអាស៊ានចំនួន២ គឺ ប្រទេសថៃ និងវៀតណាម ដែលធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជារក្សាបានលំនឹងល្អ ។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទប្រាប់ AMS នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះឃើញថាប្រទេសចិនមានសេដ្ឋកិច្ចថមថយ ជនជាតិចិនមួយចំនួនក៏មិនអាចចេញក្រៅប្រទេសដើម្បីស្វែងរកការវិនិយោគធ្វើឱ្យការវិនិយោគពីប្រទេសចិននៅកម្ពុជាក៏មានភាពស្ងប់ស្ងាត់។ ប៉ុន្តែយ៉ាងណាក្ដី កម្ពុជាក៏ទទួលបានការវិនិយោគលើវិស័យអចលនទ្រព្យពីប្រទេសថៃ និងវៀតណាមមានការកើនឡើងគួរឱ្យកត់សម្គាល់ ។

អ្នកនាងបន្តថា ៖
“ប្រទេសដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាខ្ពស់ជាងគេស្រាប់នោះមានដូចជា ចិន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ប៉ុន្តែថ្មីៗនេះថៃ និងវៀតណាមក៏ចាប់ផ្ដើមមានកំណើនការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះដែរ យើងក៏បានឃើញថាចំនួនភ្ញៀវទេសចរដែលមកដល់កម្ពុជា ជាជនជាតិថៃ និងវៀតណាមក៏មានចំនួនខ្ពស់ដែរ”
អ្នកនាងបន្ថែមថា ៖
“ក្នុងស្ថានភាពទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ វាមានការលំបាកខ្លះៗ ដូច្នេះហើយទើបយើងមិនអាចបញ្ជាក់ច្បាស់ពីការអត្ថប្រយោជន៍ដែលទួលបានទៅលើវិស័យអចលនទ្រព្យក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់នៅសប្ដាហ៍ក្រោយនេះ ។ បច្ចុប្បន្ននេះយើងបានឃើញថាទីផ្សារអចលនទ្រព្យការផ្គត់ផ្គង់នៅតែបន្តកើនឡើង និងមានការផ្គត់ផ្គង់ថ្មីៗជាបន្តបន្ទាប់ ប៉ុន្តែតម្រូវការបានថមថយ ដែលជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យជួល និងលក់បានធ្លាក់ចុះបន្តិចបន្ថែមទៀតក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ”
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងនាពេលថ្មីៗនេះថា
“អចលនវត្ថុកម្ពុជានឹងមានស្ថានភាពល្អឡើងវិញដូច ឬប្រហាក់ប្រហែលនឹងមុនកូវីដ១៩បានលុះត្រាតែមានការវិនិយោគពីបរទេស ជាពិសេសប្រទេសចិន ហើយក្នុងពេលបច្ចុប្បន្ននេះ បរទេសមួយចំនួននៅតែមិនទាន់មានវត្តមានច្រើននៅឡើយ ហើយចិនក៏មានចំនួនតិចតួចនៅឡើយ”
ជាមួយគ្នានេះ លោកក៏នៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ចំពោះការវិនិយោគពីបរទេសចូលកម្ពុជា ដោយរំពឺងថានៅដើមឆ្នាំ២០២៣ ស្ថានភាពនឹងអាចប្រសើរជាងឆ្នាំនេះ ខណៈកម្ពុជាមានការលើកទឹកចិត្តខ្ពស់ដល់បណ្តាវិនិយោគិនថ្មីជាបន្តបន្ទាប់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content