បរទេស៖ យោងតាមប្រភពពី Linkedin បានលើកឡើងថា បញ្ញាសិប្បនិម្មិត AI កំពុងវិវត្តន៍យ៉ាងឆាប់រហ័សជាមួយនឹងការស្រាវជ្រាវមិនឈប់ឈរ និងត្រូវបានវិនិយោគយ៉ាងច្រើន។ ភាពជឿនលឿនផ្នែកបច្ចេកវិទ្យាក្នុងប្រទេសមួយពិតជាមានសារៈសំខាន់ណាស់ ដោយសារតែបច្ចេកវិទ្យាអាចផ្លាស់ប្តូរអាជីវកម្ម សេដ្ឋកិច្ច និងសង្គមបានយ៉ាងងាយ។
ខាងក្រោមនេះ គឺជាប្រទេសកំពូលទាំង ១០ ដែលរីកចម្រើនខាង AI និងនាំមុខគេក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយផ្អែកលើស្ថិតិការវិនិយោគឯកជន អាជីវកម្មចាប់ផ្តើមដែលទាក់ទងនឹង AI និងការងារដែលពាក់ព័ន្ធជាមួយ AI ។
១. សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកដែលទទួលបានចំណាត់ថ្នាក់លេខ ១ ខាងផ្នែកអភិវឌ្ឍន៍ AI ជាមួយនឹងការរវិនិយោគឯកជនមានចំនួន ៣៣៥,២ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ២០១៣-២០២៣។ ការស្រាវជ្រាវរកឃើញបានថា អាជីវកម្មចាប់ផ្តើមទាក់ទងនឹង AI មានចំនួន ៥ ៥០០ និងកំពុងត្រូវការមនុស្សចំនួន ៧១ ០០០ សម្រាប់ការងារផ្នែក AI នៅសហរដ្ឋអាម៉េរិក។ លើសពីនេះ ជិត ៦០ ភាគរយនៃអ្នកស្រាវជ្រាវ AI កំពូលៗរបស់ពិភពលោកមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ នៅឆ្នាំ២០២៣ ការវិនិយោគឯកជនទៅលើ AI មានចំនួនសរុប ៤៧ ពាន់លានដុល្លារ ជាមួយនឹងការចំណាយរបស់រដ្ឋាភិបាលលើ AI មានចំនួន ៣,៣ ពាន់លានដុល្លារ។
២. ចិន៖ ចិនទទួលបានចំណាត់ថ្នាក់លេខ ២ ឈានទៅមុខផ្នែក AI ជាមួយនឹងការវិនិយោគឯកជនចំនួន ១០៣,៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ទោះបីជាចិនមានអាជីវកម្មទើបចាប់ផ្តើម និងការ ការងារពាក់ព័ន្ធនឹង AI តិចតួច ប៉ុន្តែអ្នកស្រាវជ្រាវ AI កំពូលៗរបស់ពិភពលោកមាន ១១ ភាគរយមកពីចិន។ នៅឆ្នាំ ២០២៣ ការវិនិយោគសរុបទៅលើ AI មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ។
៣. ចក្រភពអង់គ្លេស៖ ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការវិនិយោគឯកជនចំនួន ២២,២ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ៣,៧៨ ពាន់លានដុល្លារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មផ្នែក AI មានចំនួនសរុប ៧២៧។
៤. អ៊ីស្រាអែល៖ អ៊ីស្រាអែលបានជាប់ចំណាត់ថ្នាក់ទី ៤ ខាងរីកចម្រើនផ្នែក AI ជាមួយនឹងការវិនិយោគឯកជន ១២,៨៣ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ទោះបីជាកំពុងមានសង្គ្រាមពិតមែនក្តី ប៉ុន្តែការវិនិយោគសរុបមានចំនួន ២,៣ ពាន់លានដុល្លារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មផ្នែក AI មានចំនួនសរុប ៤២៤ កាលពីឆ្នាំ ២០២៣។
៥. កាណាដា´៖ កាណាដាជាប់ចំណាត់ថ្នាក់ទី ៥ ជាមួយនឹងការវិនិយោគឯកជន ១០,៣៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ យ៉ាងណាមិញ កាណាដាបានវិនិយោគច្រើននៅក្នុងចន្លោះឆ្នាំ ២០២២-២០២៣ ដែលមានចំនួន ៨,៦៤ លានដុល្លារជាមួយនឹងតម្រូវការការងារផ្នែក AI ១,០៥ ភាគរយ។
៦. ឥណ្ឌា៖ ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៦ ជាមួយនឹងការវិនិយោគឯកជន ៩,៨៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ឥណ្ឌាបានវិនិយោគយ៉ាងច្រើនរហូតដល់ទៅ ៣,២៤ ពាន់លានដុល្លារ ដោយសារគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ី AI ក្នុងស្រុក។
៧. បារាំង៖ បារាំងជាប់ចំណាត់ថ្នាក់ទី ៧ ជាមួយនឹងការវិនិយោគឯកជន ៧ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ បារាំងបានវិនិយោគប្រហែល ១,៥ ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ៧០។
៨. អាល្លឺម៉ង់៖ អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ទី ៨ ជាមួយនឹងការវិនិយោគឯកជន ៧ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ១,៤ ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ៧១។
៩. សិង្ហបុរី៖ សិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេស AI កំពូលនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការវិនិយោគឯកជន ៦,២៥ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ៤៨១,២១ លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ២៣។
១០. ជប៉ុន៖ ជប៉ុនជាប់ចំណាត់ថ្នាក់ទី ១០ ជាមួយនឹងការវិនិយោគឯកជន ៤ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៣-២០២៣។ ក្នុងឆ្នាំ ២០២៣ ការវិនិយោគសរុបមានចំនួន ១៨៤ លានដុល្លារតាមរយៈកិច្ចព្រមព្រៀងចំនួន ១១៥៕