បរទេស ៖ ថ្មីៗនេះ តាមរយៈក្រសួងការពារជាតិរបស់ប្រទេសបារាំងបានប្រកាសថា យន្តហោះចម្បាំងថ្មីប្រភេទ Rafale ចំនួន៤២គ្រឿងនឹងត្រូវបញ្ជាទិញបន្ថែមជាមួយនឹងកញ្ចប់ថវិកាដែលបានអនុម័តរួចរាល់ប្រមាណជា ៥,៥ពាន់លានដុល្លារដោយរដ្ឋាភិបាលទីក្រុងប៉ារីស។
កញ្ចប់បញ្ជាទិញដ៏ធំនេះត្រូវបានធ្វើឡើងដោយសមាជិកសភាបារាំងដែលបានបង្ហាញក្តីបារម្ភអំពីគម្រោងផលិតយន្តហោះចម្បាំងជំនាន់ថ្មីជំនួសឲ្យ Rafale ដោយគម្រោង Franco-German ដែលត្រូវបានគេប៉ាន់ស្មានថានឹងអាចដាក់ឲ្យប្រើប្រាស់បាននៅមុនឆ្នាំ២០៤៥ ឬ ឆ្នាំ២០៥០។

ក្រសួងការពារជាតិបាននិយាយថា ទីភ្នាក់ងារកិច្ចការងារលទ្ធកម្មការពារជាតិបារាំងបានជូនដំណឹងដល់ក្រុមហ៊ុន Dassault Aviation ក៏ដូចជាក្រុមហ៊ុនអ្នកផ្គត់ផ្គង់ឧបករណ៍ដូចជា Thales, Safran និង MBDA ផងដែរអំពីកិច្ចសន្យាសម្រាប់ដំណាក់កាលទី៥នៃការផលិតយន្តហោះ។
គួរឲ្យដឹងដែរថា យន្តហោះចម្បាំងម៉ូដេល Rafale នេះ បានចូលបម្រើការជាមួយកងទ័ពជើងទឹកបារាំងក្នុងឆ្នាំ២០០៤ និងកងទ័ពអាកាសបារាំងក្នុងឆ្នាំ២០០៦ ហើយបានបង្ហាញសមត្ថភាពពិតនៅក្នុងប្រតិបត្តិការយោធាក្នុងប្រទេសអាហ្វហ្គានីស្ថាន លីប៊ី ម៉ាលី អ៊ីរ៉ាក់ និងស៊ីរីជាដើម។
គិតមកដល់កិច្ចសន្យាចុងក្រោយនេះ វានឹងធ្វើឲ្យចំនួនសរុបនៃយន្តហោះចម្បាំង Rafale ដែលបញ្ជាដោយប្រទេសបារាំងមានរហូតទៅដល់ ២៣៤គ្រឿង ហើយរួមទាំងការបញ្ជាទិញពិសេសមួយកាលពីឆ្នាំ២០២១សម្រាប់យន្តហោះចម្បាំង១២គ្រឿងដើម្បីជំនួសយន្តហោះដែលបានលក់ទៅឲ្យប្រទេសក្រិកកាលពីគ្រាកន្លងទៅនោះផងដែរ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content