ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ដែលជាក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម ផ្តោតជាសំខាន់លើវិស័យទេសចរណ៍ជាសកល។
នៅក្នុងកិច្ចជំនួបនោះដែរ លោកស្រី Jane Sun បានបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងនូវក្តីរីករាយចំពោះជំនួបនោះ និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវគោលនយោបាយជំរុញកំណើនវិស័យទេសចរណ៍នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
តាមរយៈការលើកឡើងខាងលើនេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា (PATA) បានឱ្យដឹងថា នេះជាដំណឹងល្អសម្រាប់វិស័យទេសចរណ៍របស់កម្ពុជាទាំងមូល។ ល្អព្រោះថា ក្រុមហ៊ុន Trip.com នេះ ជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលឈរជើងលើវិស័យទេសចរណ៍យូរឆ្នាំមកហើយ ហើយក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ធួន ស៊ីណាន។
អ្នកជំនាញរូបនេះបានបន្ថែមដែរថា៖
«កន្លងមក ក្រុមហ៊ុននេះក៏ធ្លាប់បានចូលមករកស៊ីក្នុងស្រុកយើងខ្លះៗដែរ គ្រាន់តែថាមិនទាន់បានទូលំទូលាយនៅឡើយ ម្លោះហើយ បើសិនជាគេប្ដេជ្ញានឹងសហការបន្ថែមបែបនេះ ពិតជាល្អសម្រាប់វិស័យទេសចរណ៍ស្រុកយើង»។
បើតាមលោក ធួន ស៊ីណាន វត្តមាននៃកិច្ចសហការរកស៊ីវិស័យទេសចរណ៍របស់ក្រុមហ៊ុន Trip.com នេះ នឹងចំណេញទាំងសេវាករទេសចរណ៍ ចំណេញទាំងរូបភាពវិស័យទេសចរណ៍ជារួមតាមរយៈការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យកាន់តែមានជំនឿចិត្តក្នុងការមកទស្សនាប្រទេសកម្ពុជា។ ជាមួយគ្នានេះ ដើម្បីទាញវិស័យទេសចរណ៍ឱ្យងើបឡើងវិញកាន់តែខ្លាំង កម្ពុជាត្រូវការស្ថាប័នធំៗបែបនេះសហការ មិនសំដៅតែលើក្រុមហ៊ុន Trip.com នោះទេ ប៉ុន្តែជារួមចំពោះក្រុមហ៊ុនល្បីៗដែលមានភាពបត់បែនដោយចេះប្រើប្រាស់បច្ចេកវិទ្យា និងចូលមកកម្ពុជាដោយស្របច្បាប់។
គួរបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយ ឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។ ក្រុមហ៊ុននេះ បានដំណើរការតាំងតែពីឆ្នាំ ២០០៣ ហើយដែលរហូតមកដល់បច្ចុប្បន្ននេះមាន បុគ្គលិកជាង ៤ម៉ឺននាក់ និងសមាជិកជាង ៤០០លាននាក់ទូទាំងពិភពលោក។
អ្នកទេសចរទូទាំងពិភពលោក អាចកក់សេវាកម្មទេសចរណ៍ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈវេបសាយ Trip.com ។ ដោយឡែក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ។
គិតមកទល់ពេលនេះ ក្រុមហ៊ុន Trip.com មានសណ្ឋាគារជាង ១.៤ លាន ដែលមានទីតាំងនៅក្នុង ២០០ ប្រទេសនៅលើពិភពលោក។ ក្រុមហ៊ុននេះក៏មាននូវបណ្តាញហោះហើរប្រមាណជាង ២ លានបណ្ដាញ ដែលតភ្ជាប់ទៅកាន់ទីក្រុងជាង ៥ ០០០ ជុំវិញពិភពលោក៕