ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Huawei សហការគ្នាជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Huawei ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើកិច្ចជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន Huawei បានជម្រាបជូនអំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយកឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាពចំណាយ និងកាត់បន្ថយពេលវេលាសម្រាប់សេវាដឹកជញ្ជូន ព្រមទាំងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺបទពិសោធជោគជ័យរបស់ខេត្ត Quizhou ដែលធ្លាប់ជាខេត្តក្រីក្រមួយ ប៉ុន្តែត្រូវបានវិវត្តរីកចម្រើន ដោយការវិនិយោគជាយុទ្ធសាស្រ្តលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

ក្រុមហ៊ុន Huawei ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្របរិវត្តកម្មឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍នៅកម្ពុជា ដោយស្នើចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តោតលើការបង្កើតថ្នាលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត និងការបណ្តុះទេពកោសល្យផ្នែកបច្ចេកវិទ្យា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានជម្រាបជូនភាគីក្រុមហ៊ុនថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ ហើយក៏កំពុងរៀបចំបង្កើតមូលនិធិស្រាវជ្រាវជាតិ ដើម្បីជំរុញនវានុវត្តន៍សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបានលើកឡើងថា៖

«ក្រសួងសូមស្វាគមន៍កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ដែលក្រុមហ៊ុន Huawei បានស្នើឡើង។ យើងក៏ត្រូវការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែកបច្ចេកវិទ្យាបន្ថែមទៀត ជាពិសេសក្នុងវិស័យ AI ។ យើងសង្ឃឹមថា Huawei អាចនាំយកនូវជំនាញ និងកម្មវិធីសិក្សាទំនើបៗ មកសហការជាមួយស្ថាប័នអប់រំបណ្តុះបណ្តាលនៅកម្ពុជា ដើម្បីអភិវឌ្ឍបុគ្គលមានទេពកោសល្យទាំងនេះ ព្រោះអ្នកទាំងនេះហើយដែលនឹងក្លាយជាធនធានសំខាន់នាពេលអនាគតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Huawei ជាដើម»។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *