ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម និងការប្រើប្រាស់ប្រព័ន្ធ E-Filing សម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម» ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញាក្នុងយុគសម័យឌីជីថល។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម និងការប្រើប្រាស់ប្រព័ន្ធ E-Filing សម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម» កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីសំខាន់នៃប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ជាតិ ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍។

ឯកឧត្តមបានលើកឡើងថា៖
««ការយល់ដឹងពីប្រព័ន្ធចុះបញ្ជីសិទ្ធិបញ្ញាច្បាស់លាស់ សាមញ្ញ និងទំនើប គឺជាមូលដ្ឋានសម្រាប់ការច្នៃប្រឌិត ការបង្កើតផលិតផលថ្មីៗ និងការគាំទ្រអាជីវកម្មធុនតូច មធ្យម និងធំទាំងអស់»។
ឯកឧត្តមបានរំលេចពីការបន្តអនុវត្តកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃកម្មសិទ្ធិបញ្ញាជំនាន់ទី៣ (IPAS3) និងការដាក់ឱ្យដំណើរការសេវាចុះបញ្ជីអនឡាញសម្រាប់ប្រកាសនីយបត្រតក្កកម្ម ម៉ូដែល មានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលប្រព័ន្ធឌីជីថលទាំងនេះត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់អ្នកដាក់ពាក្យស្នើសុំ ព្រមទាំងបង្កើនតម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានបន្ថែមថា៖
«ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលមានប្រសិទ្ធភាព ទំនើប និងងាយស្រួលប្រើប្រាស់ គឺជាឫសគល់មួយដ៏សំខាន់សម្រាប់ជំរុញភាពច្នៃប្រឌិតក្នុងស្រុក ទាក់ទាញការវិនិយោគពីបរទេស និងការពារលទ្ធផលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍»។
សូមជម្រាបដែរថា សិក្ខាសាលានេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី–ខេត្ត សាកលវិទ្យាល័យ សហគ្រាសធុនតូច និងមធ្យម អ្នកជំនាញ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដើម្បីពង្រឹងការយល់ដឹងអំពីនីតិវិធី E-filing និងកិច្ចការពារកម្មសិទ្ធិបញ្ញា ខណៈដែលកម្ពុជាកំពុងវិវត្តឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងនវានុវត្តន៍ ស្របនឹងការអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤៕






វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content