បរទេស ៖ មនុស្សភាគច្រើនប្រហែលជាមិនបាននឹកឃើញថា ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរទាំងឡាយបូករួមចាប់តាំងពីផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាសជាដើម ក្នុងនោះក៏មានផ្លូវសម្រាប់ថ្មើជើង ឬជាភាសាអង់គ្លេស Pedestrian (Walkable road) នោះទេ។
ថ្វីត្បិតតែវាមានចំណែកតូចក្នុងវិស័យធ្វើដំណើរទាំងមូល និងលំបាកក្នុងការគណនាអំពីទំហំអត្ថប្រយោជន៍ក្នុងន័យសេដ្ឋកិច្ចក្តី ប៉ុន្តែមានអ្នកជំនាញជាច្រើនរបស់ពិភពលោកបានធ្វើការសិក្សាស្រាវជ្រាវ និងរកឃើញនូវអំណះអំណាងមួយចំនួនបញ្ជាក់ថា Pedestrian ពិតជាបានមានទំនាក់ទំនងយ៉ាងខ្លាំង និងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ជាពិសេសប្រសិនបើចំនួននៃផ្លូវធ្វើដំណើរថ្មើជើងនោះមានចំនួនកាន់តែច្រើននៅតាមទីក្រុង។
កន្លងមក CNU.org ធ្លាប់បានចេញផ្សាយអំពីគុណសម្បត្តិរបស់ផ្លូវធ្វើដំណើរដោយថ្មើជើងដែលរួមមានទាំងការបង្កើនភាពរុងរឿងសម្រាប់ជីវិតពលរដ្ឋរហូតទៅដល់ការជួយគាំទ្រនិងធ្វើឲ្យរឹងម៉ាំឡើងនៃអាជីវកម្មក្នុងស្រុក។ ក្រៅពីនោះ វាក៏អាចផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដូចជាការបង្កើនសុខភាពផ្លូវចិត្ត និងការបង្កើនផលិតកម្មការបង្កើតភាពទាក់ទាញសម្រាប់ទីក្រុងដែលអាចជួយឲ្យមានការរីកចម្រើននៃវិស័យទេសចរណ៍និងក៏ដូចជាជួយបង្កើនគម្រោងវិនិយោគនៅក្នុងទីក្រុងទៀតផង។

អ្វីដែលកាន់តែប៉ះពាល់ជាវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចនោះគឺថា វានឹងជួយឲ្យតម្លៃអគារ តម្លៃដីធ្លីនៅតាមតំបន់ផ្លូវថ្មើជើងមានការកើនឡើង ជួយបង្កើនប្រាក់ពន្ធដាសម្រាប់ទីក្រុង ងាយស្រួលក្នុងការសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង ដូចជាទឹកអគ្គិសនីជាដើម ហើយចុងក្រោយគឺឈានទៅដល់ការកាត់បន្ថយការបំពុលបរិស្ថានដែលកើតឡើងដោយសារតែរថយន្តកង់ម៉ូតូផងដែរ។ ជាឧទាហរណ៍ នៅសហរដ្ឋអាមេរិក The Foot Traffic Ahead បានបង្ហាញនូវទិន្នន័យស្រាវជ្រាវស្រដៀងគ្នានេះអំពីអត្ថប្រយោជន៍នៃផ្លូវថ្មើជើងថា បានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ឬផលិតផលក្នុងស្រុកដល់ទៅ ២០ ភាគរយ ដោយសារការទទួលបានប្រាក់ពន្ធដាផង ប្រតិបត្តិការអាជីវកម្មផង និងប្រតិបត្តិការទិញលក់អចលនទ្រព្យផង។
របាយការណ៍ដដែលបានសរសេរដែរថា កាលពី៣០ឆ្នាំមុននៅទីក្រុង Arlington រដ្ឋ Virginia បានសម្រេចចិត្តអភិវឌ្ឍដីធ្លីរបស់ខ្លួនដល់ទៅ១០ភាគរយសម្រាប់តែផ្លូវធ្វើដំណើរតាមថ្មើជើងប៉ុណ្ណោះ ជាពិសេសនៅតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់។ ជាលទ្ធផលមកទល់នឹងពេលនេះ ទីតាំងទាំងនោះអាចផ្តល់ចំណូលពន្ធជូនរដ្ឋបាលក្រុងដល់ទៅ៥០ភាគរយនៃចំណូលពន្ធទាំងអស់ ព្រមទាំងអត្ថប្រយោជន៍ផ្ទាល់ និងដោយប្រយោលផ្សេងទៀតទៅលើគ្រប់វិស័យសូម្បីតែវិស័យអប់រំក្តី៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content