បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា រុស្ស៊ី បានបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមមានទាំងថាមពល និងការជីកយករ៉ែកម្រជាមួយសហរដ្ឋអាម៉េរិក។

ការអត្ថាធិប្បាយរបស់ទីក្រុងមូស្គូបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក Donald Trump បាននិយាយសន្ទនាជាមួយគ្នាកាលពីថ្ងៃចន្ទកន្លងទៅថា លោកកំពុងស្ថិតក្នុងការពិភាក្សាយ៉ាងម៉ត់ចត់ជាមួយរុស្ស៊ីអំពីការបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ហើយកំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងអភិវឌ្ឍន៍សេដ្ឋកិច្ចមួយចំនួនជាមួយទីក្រុងម៉ូស្គូ ដោយសំដៅលើធនធានធម្មជាតិកម្រ។ លើសពីនេះ Trump បានទាមទារឱ្យសហរដ្ឋអាម៉េរិកមានសិទ្ធិចូលប្រើប្រាស់ធនធានរ៉ែជិតពាក់កណ្តាលរបស់អ៊ុយក្រែនជាថ្នូរនឹងជំនួយយោធាផងដែរ។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី Vladimir Putin លើកឡើងថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយក្រុមហ៊ុនអាម៉េរិកដើម្បីជីកយករ៉ែរ៉ែកម្រនៅក្នុងប្រទេសរុស្ស៊ី និងផ្នែកខ្លះនៃអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ី ពិតជាមានធនធានបែបនេះច្រើនជាងអ៊ុយក្រែនទៅទៀត ហើយក៏ជាប្រទេសឈានមុខគេមួយនៅពេលនិយាយដល់ទុនបម្រុងនៃធនធានកម្រ។ Putin បាននិយាយសំដៅលើតំបន់មួយចំនួននៅអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីថា រុស្ស៊ីក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញដៃគូបរទេសផងដែរ ខណៈដែលវាមានទុនបម្រុងធនធានជាក់លាក់នៅទីនោះស្រាប់។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីនឹងសុខចិត្តលក់អាលុយមីញ៉ូមប្រហែល ២ លានតោនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ប្រសិនបើសហរដ្ឋអាមេរិកដកទណ្ឌកម្មរឹតបន្តឹងលើការនាំចូលលោហៈរបស់រុស្ស៊ី។ Putin បន្ថែមថា វិធីសាស្រ្តរបស់ Trump ចំពោះបញ្ហារុស្ស៊ី និងអ៊ុយក្រែន គឺមិនផ្អែកលើអារម្មណ៍ច្រើននោះទេ ប៉ុន្តែវាសមហេតុផលចំពោះស្ថានភាពបច្ចុប្បន្ន។

លោក Kirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី និងជាបេសកជនរបស់ Putin ដែលបានចូលរួមកិច្ចពិភាក្សាជាមួយសហរដ្ឋអាម៉េរិកនៅអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន អះអាងថា រុស្ស៊ីបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ហើយជឿជាក់ថាកិច្ចសហប្រតិបត្តិការបែបនេះគឺជាគន្លឹះសម្រាប់សេដ្ឋកិច្ចពិភពលោកឲ្យមានភាពធន់ជាងមុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dmitriev បានលើកឡើងថា ដំណាក់កាលដំបូងនៃកិច្ចសហប្រតិបត្តិការបែបនេះនឹងរួមបញ្ចូលថាមពល ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ សេចក្តីថ្លែងការណ៍របស់ Putin និងបេសកជនពិសេសរបស់គាត់បានកើតឡើងនៅថ្ងៃតែមួយ ខណៈដែល Trump អួតពីសមត្ថភាពរបស់គាត់ក្នុងការធ្វើកិច្ចព្រមព្រៀងដែលអាចបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបាន។ ក្នុងអំឡុងសន្និសីទនៅឯសេតវិមាន Trump លើកឡើងថា គាត់បាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី ហើយគាត់នឹងដោះស្រាយជាមួយរុស្ស៊ីជានិច្ច ដោយជារឿយៗលើកឡើងពីកិច្ចព្រមព្រៀង៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content