បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាស
ដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។
នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដោយបានកត់សម្គាល់ថា ប៊ុលហ្ការី គឺជាប្រទេសទី២ ដំបូងគេបំផុតនៅក្នុងពិភពលោក ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ទំនាក់ទំនងទ្វេភាគីមួយនេះនៅតែបន្តឈរលើគោលការណ៍គ្រឹះដោយការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍រួម។
លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើគ្រប់កម្រិត និងគ្រប់វិស័យកាន់តែមានភាពរីកចម្រើនលើសការព្រាងទុក ដែលធ្វើឱ្យដៃគូយុទ្ធសាស្ត្ររវាងចិន និងប៊ុលហ្ការី កាន់តែមានខ្លឹមសារ អត្ថន័យយ៉ាងទូលំទូលាយ។
ដោយសម្តែងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនងនេះ មេដឹកនាំចិនរូបនេះបានថ្លែងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមគ្នាជាមួយប្រធានាធិបតី Yotova ក្នុងកិច្ចដឹកនាំប្រទេសទាំងពីរឱ្យបន្តដំណើរលើផ្លូវនៃការអភិវឌ្ឍន៍ និងស្តារឡើងវិញនូវជាតិសាសន៍រៀងៗខ្លួន។
លោកប្រធានាធិបតីក៏បានកំណត់ទិសដៅទំនាក់ទំនងនាពេលអនាគតជុំវិញការកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានវិជ្ជមាន ជាក់ស្តែង និងមានថាមពល ដើម្បីនាំមកនូវភាពរុងរឿងពិតប្រាកដជូនដល់ប្រជាជននៃប្រទេសទាំងពីរ។
ការទូតកម្រិតខ្ពស់នេះបានកើតឡើងបន្ទាប់ពីការកើនឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុងប៉េកាំង និងទីក្រុងសូហ្វៀ (Sofia)។ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង២ បានកើនឡើងជិត ២៨ភាគរយ កាលពីឆ្នាំមុន ដោយសម្រេចបានទំហំ ៥,៤ ពាន់លានដុល្លារអាមេរិក បើទោះបីជាការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅក្នុងប្រទេសប៊ុលហ្ការីនៅតែមានកម្រិតមធ្យមនៅឡើយក្តី។
យោងតាមរបាយការណ៍របស់បណ្តាញព័ត៌មាន CGTN កាលពីខែតុលា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់សារជាថ្មីអំពីឆន្ទៈរបស់ប្រទេសចិនក្នុងការធ្វើការជាមួយប៊ុលហ្ការី ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែង។
សម្រាប់ភាគីប៊ុលហ្ការី គឺកំពុងស្វែងរកការទាញយកប្រយោជន៍ពីទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីធ្វើជាច្រកទ្វារពាណិជ្ជកម្មតភ្ជាប់អាជីវកម្មចិនទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ទីក្រុងសូហ្វៀ នៅតែបន្តស្វែងរកការចូលរួមវិនិយោគកាន់តែច្រើនពីភាគីចិនក្នុងវិស័យសំខាន់ៗ រួមមាន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល យានយន្តអគ្គិសនី កសិកម្ម និងបច្ចេកវិទ្យាជឿនលឿន៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content