ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦មីនានេះ បានមានប្រសាសន៍ជំរុញកសិករឱ្យគិតគូរអំពីសុវត្ថិភាពចំណីអាហារ ដោយការកាត់បន្ថយការប្រើ ប្រាស់ជីគីមី និងជំនួសមកវិញនូវជីសរីរាង្គ។ មិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ ជីគីមីក៏មានផលប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ផងដែរ ដែលនេះវាខុសពីគោលការណ៍សុវត្ថិភាពចំណីអាហារ។

ឈរលើមូលហេតុដូចដែលបានលើកឡើងខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យប្រជាកសិករគិតគូរពីការប្រើប្រាស់ជីសរីរាង្គដែលផលិតបាននៅក្នុងស្រុក មានតម្លៃថោក និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៖
“ខ្ញុំចង់ជំរុញការដាំដុះរបស់ប្រជាពលរដ្ឋយើង ពីមុនយើងអត់ឃ្លាន បន្ទាប់ទៅយើងធ្វើម៉េចរកឱ្យឆ្អែតសិន បន្ទាប់ពីនោះធ្វើម៉េចឱ្យឆ្អែតហើយឱ្យឆ្ងាញ់ តែដំណាក់កាលនេះឱ្យឆ្ងាញ់ហើយ ឱ្យធានាសុខភាពទៀត។ ត្រូវគិតអំពីសុវត្ថិភាពនៃអ្នកប្រើប្រាស់ គ្រប់ផ្នែកទាំងអស់ត្រូវគិតរឿងហ្នឹង ដែលជាចំណុចគួរយកចិត្តទុកដាក់ជាមួយនឹងការផលិតដោយមិនប្រើជីគីមី ឬប្រើដែរ តែកុំហួសជ្រុល ដោយលើកទឹកចិត្តឱ្យផលិតជីសរីរាង្គ ដែលប៉ះពាល់ដល់សុខភាពប្រជាជនយើង ដែលនេះជាការគិតដល់ធានានូវសន្តិសុខស្បៀងផង និងធានាសុខភាពនៃអ្នកប្រើប្រាស់ផងដែរ…បន្លែបង្កា ក៏ត្រូវមាន ការដាំដុះរបៀបណាសម្រាប់នាំចូលទៅទីផ្សារ កុំឱ្យប៉ះពាល់សុវត្ថិភាពនៃអ្នកប្រើប្រាស់”
ដោយឡែក កាលពីពេលកន្លងទៅប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ក៏បានអំពាវនាវឱ្យអ្នកផលិតក្នុងស្រុក ឬសហគ្រិនវិនិយោគលើការផលិតជីក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលជីគីមីពីក្រៅប្រទេសដែលមានតម្លៃថ្លៃហួសហេតុ និងកុំពឹងផ្អែកទៅលើជីពីក្រៅប្រទេស។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាកសិករងាកមកប្រើប្រាស់ជីធម្មជាតិ ឬជីសរីរាង្គផលិតក្នុងស្រុកវិញ ព្រោះចំណាយថ្លៃដើមទាប និងជួយដល់ផលិតកម្មក្នុងស្រុក។ មិនតែប៉ុណ្ណោះការប្រើប្រាស់ជីប្រភេទនេះថែមទាំងជួយដល់ដី បើទោះបីជាលទ្ធផលអាចនឹងទទួលបានយឺតជាងជីគីមីក៏ដោយ។ គួររំលឹកថា របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតឬស្មៅ នៅក្នុងរយៈពេល ១២ ខែឆ្នាំ ២០២២ កន្លងទៅ មានទំហំទឹកប្រាក់សរុបជាង ៤៨០ លានដុល្លារ កើនឡើងប្រមាណ ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ យ៉ាងណាមិញ ការនាំចូលជី និងថ្នាំកសិកម្ម មានតម្លៃថ្លៃ គឺដោយសារប្រទេសផលិត មិនមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់,កង្វះវត្ថុធាតុដើមផលិត,ការកាត់បន្ថយកម្លាំងពលកម្មផលិត,ការចំណាយពេលច្រើនក្នុងការដឹកជញ្ជូន ខណៈកម្ពុជានៅមិនទាន់មានលទ្ធភាពផលិតជាដើម៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content